ការដោះស្រាយផលប៉ះពាល់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុសម្រេចបាន៥០ភាគរយ
ការដោះស្រាយផលប៉ះពាល់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុសម្រេចបាន៥០ភាគរយ
ដោយ ៖ វុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ការដោះស្រាយផលប៉ះពាល់នានានៅតាមបណ្តោយផ្លូវគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គិតត្រឹមបំណាច់ខែតុលាកន្លងមកនេះ សម្រេចបានប្រមាណ ៥០ភាគរយហើយ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ជាមួយគ្នានេះ ការសាងសាង់ផ្លូវល្បឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ បើគិតពេលដូចគ្នាទើបតែសម្រេចបានប្រមាណ ៦ភាគរយប៉ុណ្ណោះ ដោយសារបញ្ហាអាកាសធាតុ និងការដោះស្រាយបញ្ហាប៉ះពាល់នានានៅតាមបណ្តោយផ្លូវនេះ ។
លោកបន្តថា“បញ្ហាអាកាសធាតុ ជាបញ្ហាពិភពលោក ក៏ជាបញ្ហាក្នុងការស្ថាបនាផ្លូវនេះផងដែរ ឧទាហរណ៍បើមានភ្លៀងខ្លាំង ខ្យល់ខ្លាំង យើងមិនអាចធ្វើកើតនោះទេ”។ លោកបន្តថា “ឥឡូវនេះទើបរួចផុតពីរដូវវស្សា ទោះបីផុតរដូវវស្សាមែន តែកន្លែងខ្លះក៏នូវមានបញ្ហាច្រើនផងដែរដែលរួមមានអូរ ប្រឡាយ ស្ទឹង គំនាប និងព្រៃឈើជាដើម ដែលយើងត្រូវមានកិច្ចសហការ ជាមួយក្រសួងជំនាញ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ផ្សេងៗនេះ”។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា គម្រោងនេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសរុបប្រមាណ២,០០០លានដុល្លារអាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។
គម្រោងនេះ ត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣៕
The post ការដោះស្រាយផលប៉ះពាល់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុសម្រេចបាន៥០ភាគរយ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area