ខេត្តកោះកុងនឹងប្រែប្រួលមុខមាត់ខ្លាំងក្រោយហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ការសាងសង់
ខេត្តកោះកុងនឹងប្រែប្រួលមុខមាត់ខ្លាំងក្រោយហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ការសាងសង់
ដោយគង់ សូរិយា
ភ្នំពេញៈ ខេត្តកោះកុងមិនស្ថិតនៅឆ្ងាយដាច់អាល័យទៀតទេ នាពេលអនាគតឆាប់ៗខាងមុខនេះ នៅពេលហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន បានបញ្ចប់ការសាងសង់នាពេលខាងមុខ។
បច្ចុប្បន្នក្រុមហ៊ុន Union Development Group បាននិងកំពុងសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិ 4E ដែលស្ថិតនៅក្នុងគំរោងដីសម្បទានរាប់ម៉ឺនហិកតា ពិសេសក្រុមហ៊ុននេះ ក៏បាននិងកំពុងអភិវឌ្ឍន៍តំបន់វិស្សមកាល លំដាប់អន្តរជាតិនៅតំបន់ខាងលើផងដែរ។ ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូន គឺកំពង់ផែទឹកជ្រៅ បាននិងកំពុងជិតបញ្ចប់ការសាងសង់ផងដែរ ដើម្បីជួយជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីកម្ពុជា ទៅកាន់ប្រទេសចិន។
ជាមួយគ្នានេះ លោកឧកញ៉ាលី យ៉ុងផាត់បាននិងកំពុងសិក្សាព្រលានយន្តហោះក្នុងខេត្ត ដោយសហការជាមួយក្រុមហ៊ុនBangkok Airway ដើម្បីចាប់ផ្តើមសាងសង់ព្រលាននេះឡើងវិញផងដែរ។
លើសពីនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាដែលអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ ក្នុងខេត្តនេះកាលពីឆ្នាំមុនបានមានប្រសាសន៍ឲ្យដឹងផងដែរថា រដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិលេខ៤៨ ជាផ្លូវហាយវេ ដែលមានគន្លងរថយន្តពីរទៅពីរមក និងមានសួនច្បារកណ្តាល ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅកាន់ខេត្តនេះផងដែរ។
សម្តេចបានបញ្ជាក់ថា “រដ្ឋាភិបាលមានមហិច្ឆតា ក្នុងការកសាងផ្លូវជាតិលេខ១០ ចេញពីស្រុកសំឡូតខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់មកកាន់ខេត្តកោះកុងផងដែរ”។សម្តេចបញ្ជាក់ថា “ការកសាងផ្លូវសំខាន់នេះ នឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីបណ្តាខេត្តភូមិភាគពាយ័ព្យ មកកាន់ខេត្តកោះកុងបានស្រួល និងធ្វើឲ្យខេត្តនេះមានការរីកចម្រើនយ៉ាងលឿននាពេលអនាគត”។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ចូលនិវត្តន៍ មកសម្រាកលំហែរកំសាន្តនៅខេត្តកោះកុង ដោយរៀបចំយកខេត្តកោះកុងជាខេត្តគំរូមួយ ព្រោះខេត្តនេះមានសក្តានុពល និងធនធានធម្មជាតិយ៉ាងសម្បូរបែប។
តំបន់ដែលមានភាពអំណោយផល ដល់ការអភិវឌ្ឍផលិតផលទេសចរណ៍ បែបធម្មជាតិ មានដូចជា តំបន់ត្រពាំងរូង តំបន់តាកៃ តំបន់កោះប៉ោ កោះស្តេច និងតំបន់ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group លើគំរោងតារាសាគរផងដែរ។
សមាជិកសភាពាណិជ្ជកម្មខេត្តកោះកុង លោកជឹង សុខម៉េងបានមានប្រសាសន៍ទទួលស្គាល់ថា ខេត្តកោះកុងពិតជាមានភាពរីកចម្រើនលឿននាពេលអនាគត ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ខេត្តកោះកុង បាននិងកំពុងបង្ហាញពន្លឺបណ្តើរៗហើយ ដោយសារខេត្តនេះ មានធនធានធម្មជាតិដ៏អំណោយផល ជាពិសេសការគិតគូររបស់ប្រមុខរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ខេត្ត ធ្លាប់ស្ថិតនៅដាច់ស្រយាលនេះ។
លោកបន្តថា “ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនឹងបង្ខិតខេត្តនេះ កៀកនឹងរាជធានីភ្នំពេញ និងជំរុញល្បឿនខេត្តនេះ កាន់តែមានការរីកចម្រើនយ៉ាងលឿន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន”។ លោកបន្តថា “ក្រោមការដឹកនាំរបស់សម្តេច បានធ្វើឲ្យកម្ពុជាមានភាពលេចធ្លោក្នុងឆាកអន្តរជាតិ ហើយក្រោមការដឹកនាំរបស់សម្តេចបានធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា មានភាពរីកចម្រើនលឿនជាងគេក្នុងតំបន់អាស៊ាន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ”៕
The post ខេត្តកោះកុងនឹងប្រែប្រួលមុខមាត់ខ្លាំងក្រោយហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ការសាងសង់ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area