គន្លឹះទិញផ្ទះសម្រាប់ អ្នកមានវ័យ២០ឆ្នាំប្លាយ
ការទិញផ្ទះក្នុងវ័យ២០ឆ្នាំ គឺជាការវិនិយោគដ៏ល្អនាពេលអនាគត ហើយក៏ជាការវិនិយោគដែលអាចរីក ចម្រើនយ៉ាងខ្លាំង។ ស្ថិតនៅក្នុងវ័យចាប់ពី២០ឆ្នាំឡើង គឺជាវ័យមួយ ដែលមានប្រាក់បៀវត្សរ៍នៅមាន កម្រិត ដែលត្រូវរៀនផងនឹងត្រូវធ្វើការក្រៅម៉ោងផង ហើយក៏ជាវ័យមួយ ដែលពេញសប្បាយ។ ដូច្នេះ ការគិតទៅលើរឿងវិនិយោគអចលនទ្រព្យ គឺអាចហួសពីលទ្ធភាពរបស់ ពួកគេ។ ប៉ុន្តែវាក៏អាចទៅរួច ប្រសិនបើអ្នកមានការរៀបគម្រោងច្បាស់លាស់។
ប្រសិនបើអ្នកស្ថិតក្នុងវ័យ២០ឆ្នាំប្លាយ ការគិតទុកមុនគឺជាគន្លឹះជួយឲ្យអ្នកអាចសម្រេចបានក្នុងការទិញផ្ទះ ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន៖
ការសន្សំប្រាក់
ការសន្សំប្រាក់ ដើម្បីទិញគេហដ្ឋាន ដូចបំណងប្រាថ្នារបស់អ្នក អាចជាកិច្ចការដ៏ពិបាក ប៉ុន្តែវាអាចងាយស្រួលជាង ប្រសិនបើលោកអ្នកមានវិធីសាស្រ្តត្រឹមត្រូវ ក្នុងការសន្សំប្រាក់។
ការដាសតឿនខ្លួនឯងឲ្យចេះសន្សំប្រាក់ មុននឹងចំណាយផ្សេងៗ ដោយត្រូវចំណាយទៅលើរឿងដែលត្រឹមត្រូវ ហើយអ្នកត្រូវការ។ ឧទាហរណ៍ បើអ្នកទម្លាប់ចំណាយលើអាហារខាងក្រៅមួយពេល $10 មានន័យថា អ្នកនឹងចំណាយច្រើននៅក្នុងមួយខែ ដែលអាចលើសពីប្រាក់ចំណូលរបស់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកកាត់បន្ថយការចំណាយខាងក្រៅ បែរមកធ្វើម្ហូបដោយខ្លួនឯងវិញ វាមិនត្រឹមតែកាត់បន្ថយការចំណាយប៉ុណ្ណោះទេ តែថែមទាំងឲ្យអ្នកមានប្រាក់ទុកសន្សំថែមទៀតផង។
បង្កើនប្រាក់ចំណូល
យើងដឹងហើយថា មនុស្សគ្រប់គ្នាមានការលំបាកក្នុងការបង្កើនប្រាក់ចំណូល ។ នៅពេលដែលអ្នក គិតថាខ្លួនឯងមិនមានប្រាក់គ្រប់គ្រាន់ នោះអ្នកបានដាក់គោលដៅបរាជ័យឲ្យខ្លួនឯងស្រាប់ទៅហើយ។ រឿងសំខាន់បំផុត ត្រូវផ្លាស់ប្ដូរគំនិតនឹងតាំងចិត្ត ថាខ្លួនឯងអាចរកវិធីសាស្ត្របង្កើតលុយបាន។
គោលដៅរបស់យើងគឺទិញផ្ទះ ដូច្នេះអ្នកត្រូវចាប់ផ្ដើមសន្សំំប្រាក់ឬធ្វើការវិនិយោគបន្ថែម ព្រោះថា យើងមិនអាចមានប្រភពចំណូលតែមួយមុខបានទេ យ៉ាងតិច២ ដើម្បីសល់ប្រាក់ ក្រោយពេលដែលអ្នកបានចំណាយប្រាក់ទៅលើការរស់នៅប្រចាំថ្ងៃ និងដើម្បីទប់ទល់ពីហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ ដែលធ្វើបាត់បង់ប្រភពចំណូល ។
រូបមន្ត 30/30/3
ប្រសិនបើអ្នកនឹងបង់រំលស់ផ្ទះ អ្នកគួរតែគិតហិរញ្ញវត្ថុផ្ទាល់ខ្លួន សមស្របដែរទេសម្រាប់អ្នកនៅពេលនេះ ថាតើអ្នកសន្សំបានប៉ុន្មានហើយ សម្រាប់បង់ទុកខមុនហើយរំលស់បន្ត ។ មួយវិញទៀត ដើម្បីបង់រំលស់ផ្ទះ អ្នកអាចប្រើប្រាស់វិធីសាស្រ្តរូបមន្ត 30/30/3 បាន ។ ការប្រើប្រាស់នូវរូបមន្តនេះ គឺសម្រាប់អ្នកដែលចង់ បង់រំលួសផ្ទះ តែមិនចង់ឱ្យលើសពីលទ្ធភាព ហើយមានប្រាក់គ្រប់គ្រាន់បង់រំលស់ជាមួយធនាគារ រូបមន្ត ៣០/៣០/៣ ស័ក្តិសមបំផុត ជាពិសេសអ្នកដែលមានប្រាក់ចំណូលក្រោម ១ពាន់ដុល្លា។
រូបមន្តនេះបានន័យថា អ្នកគួរមានប្រាក់សន្សំឲ្យបាន៣០ភាគរយសិន សឹមសម្រេចចិត្តទិញផ្ទះ សម្រាប់បង់ដំបូង។ ៣០ភាគរយទៀតមានន័យថាអ្នកគួរតែដកត្រឹម៣០ភាគរយនៃប្រាក់ចំណូលរបស់ អ្នកលើការបង់រំលស់ផ្ទះបានហើយ។ ចំណែកឯ ៣ មានន័យថាតម្លៃផ្ទះដែលបង់រំលស់នោះ កុំឲ្យលើសពី៣ដងនៃប្រាក់ប្រចាំឆ្នាំរបស់អ្នក។
ចឹងសរុបមក ដើម្បីឲ្យអ្នកអាចសម្រេចបាននូវគោលដៅ នៃការទិញផ្ទះ អ្នកគួតែរៀននិយាយថាទេ រាល់មិត្តភក្តិឬអ្នកស្គាលគ្នា ហៅទៅកន្លែងកម្សាន្តឬកន្លែងដែលត្រូវចំណាយច្រើន។ ធ្វើបែបនេះនឹងមិនប៉ះពាល់ដល់ការសន្សំប្រាក់។