News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រដ្ឋាភិបាល​ត្រៀម​ដាក់ចេញ​វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ស្របច្បាប់​


រដ្ឋាភិបាល​ត្រៀម​ដាក់ចេញ​វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ស្របច្បាប់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និង​កំពុង​រៀបចំ​ដាក់ចេញ​វិធានការ​ច្បាប់​ ដើម្បី​រឹ​តបណ្តឹង​ទៅលើ​បណ្តា​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងឡាយ​ណា​ ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ខណៈ​ដែល​ក្រុមហ៊ុន​ដែល​បាន​ទទួលស្គាល់​ ពី​រដ្ឋាភិបាល​មាន​ចំនួន​ត្រឹម២០៥ក្រុមហ៊ុន​តែប៉ុណ្ណោះ​។

ស្រប​ពេល​ដែល​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ចាប់អារម្មណ៍​ងាក​ទៅ​បង្កើត​អាជីព​ និង​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​ជាច្រើន​ ដែល​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​អនុវត្ត​ និង​ប្រតិបត្តិ​ការគោរព​ទៅតាមច្បាប់​ ដោយ​ការចុះបញ្ជី​ត្រឹមត្រូវ​ ប៉ុន្តែ​មាន​មួយចំនួន​តូច​ នៅ​មិនទាន់​បាន​គោរព​ទៅតាមច្បាប់​ កំណត់​នៅឡើយ​នោះ​ទេ​។

ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ នង​ ពិសិដ្ឋ​បាន​មានប្រសាសន៍​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ថា​ ការបង្កើត​អាជីវកម្ម​ ឬបង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​ សុទ្ធតែ​បាន​ចូលរួម​ជួយ​បង្កើន​ នូវ​ចំណូល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​មួយ​ចំណែក​ផង​ដែរ​ ប៉ុន្តែ​រាល់​ការបង្កើត​ទាំងអស់​នោះ​ក៏​ត្រូវតែ​ស្ថិតនៅ​ក្រោម​ការ​គោលការណ៍​របស់​ច្បាប់​ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ និង​ធ្វើ​ ឱ្យ​មាន​តម្លាភាព​ចំពោះ​ប្រភេទ​អាជីវកម្ម​ និង​ក្រុមហ៊ុន​ដែល​ដំណើរការ​ក្នុង​វិស័យ​រួមគ្នា​។

លោក​បន្ត​ទៀត​ថា​ “យើង​សង្កេតឃើញ​មាន​ក្រុមហ៊ុន​ និង​ភ្នាក់ងារ​អចលនទ្រព្យ​ជាច្រើន​កំពុងតែ​ដំណើរ​អាជីវកម្ម​ និង​បម្រើ សេវា​ដល់​អតិថិជន​ នៅក្នុង​វិស័យ​មួយ​នេះ​ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន​ ដែល​មក​ធ្វើការ​ចុះបញ្ជី​អនុវត្ត​ទៅតាមច្បាប់​ត្រឹមត្រូវ​ គឺ​មានតែ​ចំនួន​ ២០៥​ ក្រុមហ៊ុន​តែប៉ុណ្ណោះ​។ ក្រៅពី​នេះ​ គឺ​កំពុងតែ​អនុវត្ត​ក្រៅ​ប្រព័ន្ធ​ច្បាប់​”។

លោក​បាន​បញ្ជាក់​ថា​ “ដើម្បី​ផ្តល់​នូវ​ភាព​ត្រឹមត្រូវ​ និង​តម្លាភាព​ ទៅដល់​បណ្តា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ បច្ចុប្បន្ន​ក្រសួង​ជំនាញ​ កំពុងតែ​រៀបចំ​វិធានការ​ និង​ត្រៀម​អនុវត្ត​ចំពោះ​បណ្តា​ក្រុមហ៊ុន​ដែល​មិនទាន់​មានច្បាប់​ ដូចជា​ការ​ផាកពិន័យ​ ឬអាច​ឈាន​ដល់​តំណា​ក់​កាល​ផ្អាក​សកម្មភាព​អាជីវកម្ម​ប្រសិន​ស្ថិតនៅ​ក្នុងករណី​ធ្ងន់ធ្ងរ​”។

ជាមួយនឹង​ការ​ត្រៀម​ដាក់ចេញ​នូវ​វិធានការ​ច្បាប់​នេះ​ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​កំពុងតែ​អនុវត្ត​អាជីវកម្ម​ ក្នុង​វិស័យ​នានា​ចូលរួម​គោរពច្បាប់​ និង​ចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ទាំងអស់គ្នា​ ដើម្បី​លើកកម្ពស់​ និង​រក្សា​បាន​នូវ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​យូរអង្វែង​។

អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​ចំណាត់ការ​ ក៏ដូចជា​វិធានការ​ដែល​រដ្ឋាភិបាល​ត្រៀម​អនុវត្ត​ខាងលើ​នេះ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ប្រសិនបើ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ ទៅលើ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​ ឬក្រុមហ៊ុន​ដែល​គ្មាន​អជ្ញា​ប័ណ្ណ​ គឺជា​ការ​ផ្តល់​នូវ​តម្លាភាព​ និង​ស្មើភាព​គ្នា​នៅ​លើ​ទីផ្សារ​រួម​ ក៏ដូចជា​លើកកម្ពស់​វិស័យ​មួយ​នេះ​ផង​ដែរ​”។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​“ទោះជា​ក្រុមហ៊ុន​មួយចំនួន​បាន​ចុះបញ្ជី​ ប៉ុន្តែ​មិន​មាន​អជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ ក៏​នៅតែ​មិនទាន់​គ្រប់គ្រាន់​នោះ​ឡើយ​ ដោយ​ត្រូវ​ទាម​ទា​ឱ្យ​អ្នក​កាន់​អជ្ញា​ប័ណ្ណ​មាន​ជំនាញ​ពិតប្រាកដ​ និង​មានបទពិសោធន៍​នៅក្នុង​វិស័យ​មួយ​នេះ​ប្រកបដោយ​គុណភាព​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ ប៉ុន្តែ​មិន​មាន​អជ្ញា​ប័ណ្ណ​ ប្រៀបបានទៅ​នឹង​ក្រុម​អ្នក​គួ​កជេរ​ ដែល​នៅ​មិនទាន់​គ្រប់គ្រាន់​ក្នុងនាម​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ ឬក្រុមហ៊ុន​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ស្ដ​ង់​ដារ​នោះ​ទេ​។

លោក​បាន​លើក​ជា​ឧទាហ​ណ៍​ថា​ នៅ​ស្រុក​គេ​ អ្នក​ដែល​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ ឬក្រុមហ៊ុន​ភ្នាក់ងារ​ផ្តល់​សេវា​ក្នុង​វិស័យ​នេះ​ ចាំបាច់​អ្នកស្នើ​សុំ​ត្រូវតែ​ប្រាកដ​ថា​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​អ្នក​ដែល​កាន់​អជ្ញា​ប័ណ្ណ​តែម្ដង​ ដែល​វា​មិនមែន​ធ្វើឡើង​ ក្នុង​ភាព​ប្រថុយប្រថាន​នោះ​ទេ​៕

The post រដ្ឋាភិបាល​ត្រៀម​ដាក់ចេញ​វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ស្របច្បាប់​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area