ការចំណាយផ្សេងៗដែលអ្នកត្រូវដឹង ពេលទិញផ្ទះសម្រាប់រស់នៅលើកដំបូង
នៅពេលនិយាយអំពីការទិញផ្ទះសម្រាប់ការរស់នៅ មនុស្សភាគច្រើនមិនបានគណនាទៅលើការចំណាយផ្សេងៗនោះទេ មុនពេលពួកគាត់សម្រេចទិញផ្ទះមួយនោះ។ ថ្ងៃនេះ Harbor Property នឹងប្រាប់អំពីការចំណាយផ្សេងៗ ដែលអ្នកត្រូវចំណាយបន្ថែមនៅពេលទិញផ្ទះ ដូច្នេះអ្នកអាចគណនានូវការចំណាយពិតប្រាកដទៅលើអចលនទ្រព្យដែលអ្នកពេញចិត្ត។ ខាងក្រោមនេះជាការចំណាយបន្ថែមដែលអ្នកត្រូវដឹង មុននឹងអ្នកសម្រេចចិត្តទិញផ្ទះសម្រាប់ការរស់នៅ។
អត្រាការប្រាក់លើកម្ចីទិញផ្ទះ
នៅក្នុងប្រទេសកម្ពុជា មនុស្សភាគច្រើនចូលចិត្តទិញផ្ទះដោយបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ឬធនាគារ ព្រោះជាធម្មតាពួកគាត់មិនមានលទ្ធភាពទិញជាមួយនឹងការទូទាត់ពេញលេញនោះឡើយ។ ក្នុងករណីនេះ អ្នកទិញនឹងសិក្សាគម្រោងណាមួយ ដោយយកចិត្តទុកដាក់ ហើយជ្រើសរើសអ្នកអភិវឌ្ឍន៍ ឬធនាគារណា ដែលអាចផ្តល់នូវផែនការទូទាត់ប្រាក់ដែលអាចបត់បែនបាន។ ជាទូទៅ ធនាគារនៅកម្ពុជាអាចផ្តល់កម្ចីទិញផ្ទះរហូតដល់ ៧០% នៃតម្លៃផ្ទះ ជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៧ ទៅ ១០ ភាគរយក្នុងមួយឆ្នាំ។
ថ្លៃសេវាភ្នាក់ងារអចលនទ្រព្យ
ការទិញផ្ទះតាមរយៈភ្នាក់ងារអចលនទ្រព្យនឹងធ្វើឱ្យអ្នកចំណាយ ៣ ភាគរយនៃតម្លៃផ្ទះ ហើយតម្លៃនេះជាធម្មតាកើតឡើងនៅពេលដែលអ្នកទិញសុំភ្នាក់ងារអចលនទ្រព្យឱ្យទិញផ្ទះសម្រាប់ពួកគេ។ សម្រាប់អ្នកទិញផ្ទះដំបូង នេះអាចជាជម្រើសល្អសម្រាប់ពួកគេ ព្រោះពួកគេអាចចំណេញពេលវេលា កម្លាំង និងថវិការ នៅពេលពួកគេជួលភ្នាក់ងារអចលនទ្រព្យ។
ក្នុងករណីខ្លះ អ្នកអាចទិញអចលនទ្រព្យដែលល្អបំផុតត្រូវនឹងខ្ទង់ចំណាយរបស់អ្នក ហើយពេលខ្លះអ្នកអាចទិញបាននៅក្នុងតម្លៃក្រោមទីផ្សារទៀតផង ដោយសារភ្នាក់ងារអចលនទ្រព្យជាធម្មតាមានអចលនទ្រព្យជាច្រើននៅក្នុងដៃស្រាប់ ហើយពួកគេអាចចរចាជាមួយម្ចាស់ផ្ទះដើម្បីទទួលបានតម្លៃល្អប្រសើរជូនអ្នក។
ពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ (ពន្ធប្រថាប់ត្រា)
បន្ទាប់ពីទិញអចលនទ្រព្យ អ្នកនឹងត្រូវបង់ពន្ធ ៤ ភាគរយលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យជាមួយនឹងតម្លៃបន្ថែម ១ពាន់ដុល្លារ សម្រាប់សេវាកម្មរបស់ការិយាល័យសុរិយោដី។ ពន្ធប្រថាប់ត្រា ចូលជាធរមានក្នុងខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវបានកំណត់ក្នុងអត្រា ៤% នៃតម្លៃនៃអចលនវត្ថុ ដែលជាកម្មវត្ថុនៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់។
យ៉ាងណាមិញ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យត្រូវបានលើកលែងក្នុងចំណោមសាច់ញាតិដូចជា៖ ពីជីតាឬជីដូនទៅចៅ(ពន្ធស្មើសូន្យ) ពីឪពុកម្តាយទៅកូន(ពន្ធស្មើសូន្យ) ពីបងប្អូនបង្កើតទៅបងប្អូនបង្កើត និងពីឪពុកម្តាយទៅកូនប្រសារ។
ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ និងការចំណាយប្រចាំខែផ្សេងទៀត
ក្នុងប្រទេសកម្ពុជា លំនៅឋានដែលមានតម្លៃលើសពី ២៥,០០០ដុល្លារអាមេរិកគឺតម្រូវឱ្យបង់ពន្ធ ០.១% ក្នុងមួយឆ្នាំ។ មូលដ្ឋានគិតពន្ធលើអចលនទ្រព្យត្រូវបានកំណត់ដោយ ៨០% នៃតម្លៃអចលនទ្រព្យជាមួយនឹងការកាត់បន្ថយប្រាក់ចំនួន ១០០ លានរៀល។ ដូច្នេះ ពន្ធលើអចលនទ្រព្យដែលត្រូវបង់គឺ (តម្លៃអចលនទ្រព្យ) x (80%) – (100,000,000) x (0.1%)។
តម្លៃទីផ្សារនៃផ្ទះរបស់អ្នកត្រូវបានវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពជាប្រចាំដោយគណៈកម្មការវាយតម្លៃអចលនវត្ថុ ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ។
បន្ថែមពីលើពន្ធអចលនទ្រព្យប្រចាំឆ្នាំ អ្នកត្រូវបង់ថ្លៃគ្រប់គ្រងប្រចាំខែចន្លោះពី ០.៥ ទៅ ២ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងថ្លៃចំណតរថយន្ត ៥០-៦០ដុល្លារក្នុងមួយខែ ប្រសិនបើអ្នករស់នៅក្នុងខុនដូ។ បើអ្នករស់នៅក្នុងបុរី ត្រូវបង់ប្រាក់ចន្លោះពី ១០ ទៅ ៥០ ដុល្លារក្នុងមួយខែសម្រាប់សេវាសន្តិសុខ សម្អាត និងការប្រើប្រាស់អគ្គិសនីសាធារណៈ។
តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕