News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​នឹង​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទំនើប​ និង​កាន់តែ​ទាក់ទាញ​អ្នក​ធុរកិច្ច​


ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​នឹង​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទំនើប​ និង​កាន់តែ​ទាក់ទាញ​អ្នក​ធុរកិច្ច​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ មិនយូរ​ប៉ុន្មានទៀត​ទេ​ ក្រុង​ព្រះសីហនុ​ នឹង​ក្លាយទៅជា​ទីក្រុង​ដ៏​ទំនើប​ និង​មាន​សោភ័ណភាព​ បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ ទេសចរណ៍​ និង​ធុរកិច្ច​ ខណៈ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ទូទាំង​ខេត្ត​ព្រះសីហនុ​ នឹង​រៀបចំឡើង​ដោយក្រុម​ការងារ​បច្ចេកទេស​ជំនាញ​ចំនួន៣ស្ថាប័ន​រួមគ្នា​ក្នុង​ពេល​តែមួយ​។

ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ឡើងវិញ​ នៅ​ទី​ទាំង​ខេត្ត​ ក្រុង​ព្រះសីហនុ​នា​ពេលនេះ​ ធ្វើឡើង​ក្រោម​ការដឹកនាំ​ និង​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​; បាន​សហការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ រួម​ជាមួយនឹង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ កំពុង​អនុវត្ត​គម្រោង​ជា​បណ្តើរ​ៗព្រម​ៗគ្នា​ ហើយ​ទៅលើ​គម្រោង​ស្ថាបនា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត​ ក្រុង​ព្រះសីហនុ​។

យោង​តាម​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​បញ្ជាក់​ថា​ ផ្លូវ​សរុប៣៤ខ្សែ​ក្នុង​ក្រុង​ព្រះសីហនុ​ ប្រវែង​សរុប​ជាង៨៤គីឡូម៉ែត្រ​ នឹង​ត្រូវ​បាន​ស្ថាបនា​ជាថ្មី​ឡើងវិញ​ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង២០០លាន​ដុល្លារ​អាមេរិក​ ស្របតាម​បទបញ្ជា​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​សំដៅ​ ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទំនើប​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​ប៉ូល​របស់​កម្ពុជា​។

បច្ចុប្បន្ន​នេះ​ផ្លូវ​ចំនួន២៤​ ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​ និង​កំពុង​ចាប់ផ្ដើម​ស្ថាបនា​ជា​បណ្ដើរ​ៗហើយ​ក្នុង​នោះ​រួមមាន​ ១) កង​វិស្វកម្ម​ សម្តេច​តេជោ​ ហ៊ុន​ សែន​ សៀមរាប​ ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ​ ប្រវែង​ ៩.៣៦៥ម​ ចំនួន​ ០១​ ខ្សែ​។ ២)កង​វិស្វកម្ម​ លេខ​ ១៧៨​ ស្ពាន​ថ្នល់​ ស្ថាបនា​វិថី​ឯករាជ្យ​ ប្រវែង​ ៥.៣៦៥ម​ ចំនួន​ ០១ខ្សែ​។ ៣) ក្រុមហ៊ុន​ ហេង​ សម្បត្តិ​ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិ​ថី​ពូ​ទ្បូ​វៃ​, វិថី២ធ្នូ​, វិថី២៨​ មិថុនា​ ប្រវែង​សរុប​ ២៣.៣៦០ម​ ចំនួន​ ០៥ខ្សែ​។ ៤) ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​មេគង្គ​ ស្ថាបនា​មហាវិថី​រាម​លេខ​ ៤៥​ និង​វិថី​មិត្តភាព​កម្ពុជា​-រុស្សី​ លេខ​ ៧០៥​ ប្រវែង​សរុប​ ១១.៦០៣ម​ ចំនួន​ ០២ខ្សែ​ ។

៥) ក្រុមហ៊ុន​ សារ​ជីវកម្ម​ ពិស្ណុការ​ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ​ ៤, ៦, ១២​, ៧.១៧​, ១៨​. ១៩​, ២០​, ១១​ ប្រវែង​សរុប​ ១២.៥៧២ម​. ចំនួន​ ០៩ខ្សែ​ ។ ៦) ក្រុមហ៊ុន​ SCE​ ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ​ លេខ​ ៤៩​ ប្រវែង​សរុប​ ៦.៥០៦ម​ ចំនួន​ ១ខ្សែ​ និង​ ៧) ក្រុមហ៊ុន​ VT​ ស្ថាបនា​ផ្លូវ​លេខ​ ១១៥​, ១៣៥​, ១០២​, ១២៦​, ៥០២​ ប្រវែង​សរុប​ ៥.៥៦២ម​ ចំនួន​ ០៥​ ខ្សែ​។

នៅ​អំឡុង​ពេល​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ «មហាវិថី​ជំទាវ​ម៉ៅ​» នា​ពេល​ថ្មី​ៗនេះ​ លោក​គួច​ ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ បាន​លើកឡើង​ថា​ “ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​ភ្ញាក់ផ្អើល​ជាមួយ​សមិទ្ធផល​ថ្មី​ ក្នុងទឹក​ដី​ខេត្ត​ព្រះសីហនុ​ ដែល​កើតមាន​នៅពេល​ខាងមុខនេះ​”។ លោក​បន្ត​ថា​ “ដើម្បី​សម្រេច​បាន​តាម​ផែនការ​ គឺ​មិនមែន​ត្រឹម​អាជ្ញាធរ​ខេត្ត​ទេ​ គឺ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​ត្រូវ​រួមគ្នា​ ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ ដើម្បី​ប្រែក្លាយ​ទីក្រុង​មួយ​នេះ​ ឱ្យទៅ​ជាទី​ក្រុង​បៃតង​ និង​ជាទី​ក្រុង​ទេស​ចរ​ណ៏​ដ៏​ទំនើប​ សម្រាប់​បងប្អូន​កម្ពុជា​ មក​កម្សាន្ត​នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​”។

តាម​ផែនការ​គ្រោងទុក​ «មហាវិថី​ជំទាវ​ម៉ៅ​» គឺជា​ខ្សែ​ផ្លូវ​យុទ្ធ​សាស្រ្ត​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ ក្នុង​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ពី​ផ្លូវបំបែក​រាម​ មកកាន់​ក្រុង​ព្រះសីហនុ​ ដោយ​ចំណាយ​រយៈពេល​ក្រោម៣០នាទី​។ ជាមួយគ្នា​នេះ​ លោក​អភិបាលខេត្ត​ព្រះសីហនុ​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ចូលរួម​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ជំរុញ​ការ​កសាង​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ជាពិសេស​គឺ​ដើម្បី​ស្វា​គម៍​ភ្ញៀវ​ជាតិ​អន្ដរ​ជាតិ​ អ្នក​វិនិយោគ​ និង​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ខេត្ត​ក៏ដូចជា​របស់​បងប្អូន​ បាន​ដោយ​រីកចម្រើន​ និង​មាន​ស្ថេរ​ភាពជា​រៀង​រហូត​៕

The post ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​នឹង​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទំនើប​ និង​កាន់តែ​ទាក់ទាញ​អ្នក​ធុរកិច្ច​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area