News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

កំពង់ផែដងទង់នៃខេត្តកោះកុង នឹងជំរុញវិស័យអចលនទ្រព្យនៅក្នុងតំបន់


ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ ដោយមានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

កំពង់​ផែ​ដងទង់​ថ្មី​នេះ មា​នទី​តាំងនៅ​ស្ថិត​នៅ​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងចុងឆ្នាំ២០២២នេះ។ កំពង់ផែនេះត្រូវ​សាងសង់​ថ្មី​ទាំងស្រុង នៅ​ចំណុច​ផែ​ចាស់​នោះ​ដដែល ហើយគ្រោងចំណាយថវិកាអស់សរុបប្រមាណ១,៥លានដុល្លារ។​

សូមបញ្ជាក់ថា​ កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ និងសម្រាប់នាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់  បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។

ក្រៅពីការបម្រើដល់ការផ្លាស់ប្ដូរទំនិញ និងទេសចរណ៍ កំពង់ផែដងទង់នេះក៏នឹងជំរុញដល់វិស័យដ៏ទៃផ្សេងទៀតនៅក្នុងតំបន់ ជាពិសេសវិស័យអចលនទ្រព្យ ដែលនឹងអាចធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះកាន់តែ កើនឡើងបន្ថែមទៀត ​ដោយសារ​មាន​ការ​សាងសង់​កំពង់ផែ​ផង និង​ជា​ខេត្ត​ស្ថិត​នៅក្បែរ​សមុទ្រ​ផង។

លើសពីនេះ ការ​អភិវឌ្ឍ​កំពង់ផែ​នេះ​នឹង​ជម្រុញកំណើននៃវិស័យ ទេសចរណ៍ ក៏ដូចជាការវិនិយោគលំនៅដ្ឋាន សណ្ឋាគារ និងការវិនិយោគធំៗផ្សេងទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៍។ ការដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តកាន់តែមានភាពងាយ ស្រួលនិងមានប្រសិទ្ធភាពជាមួយបណ្ដាខេត្តជាប់មាត់សមុទ្រ និងប្រទេសជិតខាង។

សូម​ជម្រាប​ថា កំពង់​ផែ​ដងទង់​នេះ ធ្លាប់​បាន​សាងសង់ និង​ជួសជុល​៣​ដង​រួច​មក​ហើយ។ នៅ​ឆ្នាំ​២០២១ នឹង​ត្រូវ​សាងសង់​ជា​កំពង់ផែ​ដងទង់​ថ្មី ដែល​មាន​ស​ភាពរឹងមាំ និង​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន​ជាង​លើក​មុន​ៗ៕

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property