ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកថ្មីមួយទៀតឈានជើងចូលទីផ្សារកម្ពុជា
ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកថ្មីមួយទៀតឈានជើងចូលទីផ្សារកម្ពុជា
ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដ៏ធំ និងល្បីឈ្មោះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសម៉ាឡេស៊ីIQI បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា ដែលកាន់តែបង្ហាញពីភាពរឹងមាំ និងសក្ដានុពលលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ។
ខណៈដែលវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែមានភាពរីកចម្រើន ជាពិសេស ការអភិវឌ្ឍទៅលើវិស័យសំណង់ បានធ្វើឱ្យក្រុមហ៊ុនអន្តរជាតិធំៗ លំដាប់ពិភពលោកជាច្រើនបានចូលមកបង្ហាញវត្តមានជាបន្តបន្ទាប់ នៅក្នុងទីផ្សារមួយនេះ ក្នុងនោះរួមមានដូចជា ក្រុមហ៊ុន Century21, ក្រុមហ៊ុនCBRE, ក្រុមហ៊ុន KW (Keller Williams) ក្រុមហ៊ុន Knight Frank រួមជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ និងប្រឹក្សា IQI ដែលទើបតែបើកសម្ពោធដំណើរការជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
លោក ម៉ាន់ ច័ន្ទឌី នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ IQI ដែលជាអ្នកនាំយកក្រុមហ៊ុនមួយនេះ មកកាន់កម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមរយៈទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា IQI ដែលទើបតែបង្ហាញវត្តមាននៅកម្ពុជានាពេលនេះ គឺជាក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ ដែលមានជំនាញផ្នែកលក់ និងប្រឹក្សាទៅលើអចលនទ្រព្យ និងបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០០០ មានប្រភពដើមនៅក្នុងប្រទេសម៉ាឡេស៊ី។
លោកបានបន្តទៀតថា ជាមួយនឹងភាពជំនាញ ទៅលើការលក់អចលនទ្រព្យ និងប្រឹក្សាយោបល់នៅក្នុងវិស័យនេះ IQI បានបំបែកសាខារបស់ខ្លួន នៅតាមបណ្តាប្រទេសនានាបានចំនួន១០រួចទៅហើយ ដោយក្នុងនោះក៏មានវត្តមានរបស់កម្ពុជាផងដែរ ហើយនៅពេលបន្ទាប់ នឹងបន្តទៅកាន់ប្រទេសក្នុងតំបន់មួយចំនួនទៀត ដូចជាប្រទេសវៀតណាម ដែលនឹងចាប់បើកដំណើរការនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ហើយប្រទេសជប៉ុន ប្រទេសភូមា និងប្រទេសឥណ្ឌា នឹងបើកដំណើរការនៅឆ្នាំបន្ទាប់។
លោក ម៉ាន់ ច័ន្ទឌី បានឲ្យដឹងទៀតថា “ហេតុផលចម្បងនៃការចូលខ្លួនមកប្រកួតប្រជែងយកចំណែកទីផ្សារនៅកម្ពុជា ដោយសារតែការសម្លឹងឃើញពីភាពវិជ្ជមានក្នុងរយៈពេលវែងនៃវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេស តាមរយៈ IQI គ្រប់បណ្តាក្រុមហ៊ុននៅកម្ពុជាដែលជាដៃគូជាមួយ IQI សុទ្ធតែមានឱកាសក្នុងទទួលបានការបណ្តុះប ណ្តាលជំនាញ និងចំណេះដឹងបន្ថែមពាក់ព័ន្ធ ទៅនឹងបរិថបនៃអចលនទ្រព្យ ក៏ដូចជាការនាំយកអចលនទ្រព្យពីកម្ពុជាទៅលក់នៅទីផ្សារអន្តរជាតិផងដែរ”។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE លោកស្រី អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា នៅពេលដែលមានវត្តមានក្រុមហ៊ុនអន្តរជាតិលំដាប់ពិភពលោក ចូលមកកាន់ទីផ្សារកម្ពុជា វាគឺជាសញ្ញាមួយដ៏ល្អ ដែលបង្ហាញពីទំនុកចិត្តខ្ពស់ទៅលើការអភិវឌ្ឍ ភាពរីកចម្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
លោកស្រីបានបន្តទៀតថា “ទន្ទឹមនឹងភាពរីកចម្រើនរបស់ក្រុមហ៊ុនក្នុងស្រុក យើងក៏ត្រូវការវត្តមានក្រុមហ៊ុនក្រៅស្រុក លំដាប់អន្តរជាតិចូលមកផងដែរ ដើម្បីទទួលបានការផ្លាស់ប្ដូរបទពិសោធន៍ ជាពិសេសអាចជួយពង្រីកនូវទីផ្សារ ឱ្យកាន់តែធំទូលាយជាងមុន មានការប្រកួតប្រជែងគ្នា ដែលជួយជំរុញសមត្ថភាព គុណភាពអ្នកដែលពាក់ព័ន្ធនៅក្នុងវិស័យរួមគ្នាថែមទៀតផង”៕
The post ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកថ្មីមួយទៀតឈានជើងចូលទីផ្សារកម្ពុជា appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area