News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ក្រុមហ៊ុន OCICគ្រោងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលនៅជ្រោយចង្វារនៅក្រោយចូលឆ្នាំខ្មែរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM


ក្រុមហ៊ុន OCICគ្រោងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលនៅជ្រោយចង្វារនៅក្រោយចូលឆ្នាំខ្មែរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន OCIC គ្រោងនឹងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលដ៏ធំមួយនៅជ្រោយចង្វារ នៅក្រោយចូលឆ្នាំខ្មែរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM នៅខែវិច្ឆិកាខាងមុខនេះ ខណៈគិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ រាជរដ្ឋាភិបាល កម្ពុជាបានរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬហៅថា (ASEM) នេះ បានសម្រេចបាន ពី៦០ ទៅ៧០ភាគរយហើយ។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ១៧ ខែកុម្ភៈនេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានឱ្យដឹងថា រចនាសម្ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ឹមបានរៀបចំរួចរាល់ ហើយគ្រោងនឹងបញ្ចប់ផ្នែកផ្សេងៗទៀតនៅខែមិថុនាខាងមុខនេះ។

លោកបន្តថា “មកដល់ពេលនេះ យើងបានធ្វើកិច្ចការ ច្រើនហើយ យើងបានរៀបចំពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ឹមនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ យើងបាន បង្កើតទៅជាគេហទំព័រ(វេបសាយ) យើងបានបង្កើតជាឡូហ្គោ ឥឡូវនេះក្រុមហ៊ុន OCIC កំពុង សាងសង់មជ្ឈមណ្ឌលដ៏ធំមួយនៅជ្រោយចង្វារ ដើម្បីជាកន្លែងសម្រាប់រៀបចំកិច្ចប្រជុំកំពូល អាស៊ឹម នៅខែវិច្ឆិកាខាងមុខនេះ”។

លោកបន្ថែមថា “បើគិតពីភាគរយ ខ្ញុំមើលទៅអាចថា បាន៦០ទៅ៧០ភាគរយហើយ ព្រោះឥឡូវនេះជាStructureជាឆ្អឹងយើងបានរៀបចំអស់ហើយ ផ្នែកខាងសំណង់គេធ្វើបានច្រើនហើយគេនឹងបញ្ចប់ការសាងសង់នៅអំឡុងខែឧសភា ឬខែមិថុនាខាងមុខនេះហើយ។ ដូច្នេះយើងនៅសល់ ៤ខែទៀតដែរ គេប្រគល់ឱ្យយើងនឹងរៀបចំគូសប្លង់ គូសអ្វីៗ ព្រោះកិច្ចប្រជុំនេះយើងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២០”។

ជាមួយគ្នានេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានថ្លែងអំណរគុណដល់សមាជិកអនុគណៈកម្មការទាំងអស់ មាន ប្រធាន អនុប្រធាន សមាជិក ដែលកន្លងមកបានផ្តល់កិច្ចសហការដល់លេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងការរៀបចំដំណើរការឈានទៅដល់ការ រៀបចំកិច្ចប្រជុំកំពូលអាស៊ឹមនេះ ៕

The post ក្រុមហ៊ុន OCICគ្រោងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលនៅជ្រោយចង្វារនៅក្រោយចូលឆ្នាំខ្មែរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល ASEM appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area