គម្រោងរថភ្លើងអាកាសនៅក្រុងភ្នំពេញមិនទាន់កំណត់ពេលជាក់លាក់
គម្រោងរថភ្លើងអាកាសនៅក្រុងភ្នំពេញមិនទាន់កំណត់ពេលជាក់លាក់
ដោយគង់ សូរិយា
ភ្នំពេញ៖ ការផ្សព្វផ្សាយពីគំរោងសាងសង់ផ្លូវរថភ្លើងលើអាកាសរបស់រដ្ឋបាលក្រុងភ្នំពេញ មិនមានភាពជាក់លាក់នៅឡើយទេ ព្រោះពេលវេលានៃការចាប់ផ្តើមសាងសង់ និងចំណាយថវិកាប៉ុន្មានរយលានដុល្លារ ដើម្បីវិនិយោគលើគំរោងនេះមិនទាន់ច្បាស់លាស់នៅឡើយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្តីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការសិក្សាពីផែនការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយគំរោងនេះនឹងត្រូវវិនិយោគលើទឹកប្រាក់ប៉ុន្មាន ក៏មិនទាន់មានភាពជាក់លាក់នៅឡើយដែរ។
លោកបន្តថា “រហូតមកទល់ពេលនេះ យើងមិនដឹងថាការសិក្សានេះនឹងបញ្ចប់នៅពេលណា និងចាប់ផ្តើមសាងសង់នាពេលណានោះទេ ហើយចំណាយថវិកាវិនិយោគប៉ុន្មានក៏មិនទាន់ដឹងដែរ”។ លោកបន្តថា “គំរោងនេះធ្លាប់ត្រូវបានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាស្នើសុំ ទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនស៊ីន ហ្សូអាបេ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំមុន”។
តាមគំរោងការសាងសង់ផ្លួវរថភ្លើងអាកាសធុនស្រាល ប្រភេទ AGT នេះមានប្រវែងប្រមាណ ១៨គីឡូម៉ែត្រ និងចេញពីមហាវិថីហ្សាលដឺហ្គោល មហាវិថីមុនីរ៉េត ឆ្ពោះមកផ្លូវលេខ២១៧ ទៅកាន់ផ្លូវវេងស្រេង ឆ្ពោះមកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងបែកខ្នែងទៅតំបន់ផ្លូវកប់ស្រូវ និងភ្ជាប់ជាមួយផ្លូវជាតិលេខ៤។
លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មឯករាជ្យបានថ្លែងថា ការសាងសង់រថភ្លើងលើអាកាស នឹងជួយសម្រួលបញ្ហាចរាចរណ៍ និងលើកកំ ពស់សោភ័ណភាពរាជធានីភ្នំពេញ ហើយវាធ្វើឲ្យទីក្រុងរបស់យើងមានភាពស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
លោកបន្តថា “វាជាមធ្យោបាយថ្មីមួយ សម្រាប់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ”៕
The post គម្រោងរថភ្លើងអាកាសនៅក្រុងភ្នំពេញមិនទាន់កំណត់ពេលជាក់លាក់ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area