គម្រោង Wealth Mansion ចុះ MOU ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW ANGEL Realty
គម្រោង Wealth Mansion ចុះ MOU ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW ANGEL Realty
ដោយ រ៉ា ណេត
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion បានធ្វើការចុះហត្ថលេខាលើកិច្ចអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW ANGEL Realty លើការផ្តល់សិទ្ធលក់ខុនដូនៅក្នុងគំរោង ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ខាងមុខនេះ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុនម្ចាស់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion ក្រោមវត្តមានរបស់អ្នកតំណាងក្រុមហ៊ុនទាំងពីរ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើននាក់ទៀត ដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ។
លោក Nicholas Li នាយកគ្រប់គ្រងផ្នែកលក់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ ធិWealth Mansion បានមានប្រសាសន៍ថា លោកពិតជារីករាយក្នុងការចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW ANGEL Realty ដោយសារតែក្រុមហ៊ុនមួយនេះ មានបទពិសោធន៍ច្រើនឆ្នាំ នៅក្នុងវិស័យអចលនទ្រព្យជំនាញផ្នែកលក់ ដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិក ហើយក៏ជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញនៅលើសាកលលោកផងដែរ។
លោកបានបន្តទៀតថា “អាស្រ័យដោយភាពល្អប្រសើរ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion គួបផ្សំជាមួយនឹងបទពិសោធន៍ និងភាពជំនាញ ក្នុងការស្វែងរកអតិថិជន ក្នុងការលក់របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW ANGEL Realty ខ្ញុំជឿថា ពិតជាទទួលបានជោគជ័យ១០០ភាគរយជាក់ជាមិនខាន”។
លោក Nhem Sothea នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW ANGEL Realty សាខាខណ្ឌឫស្សីកែវ ដែលទទួលលក់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion ក៏មានបង្ហាញពីភាពជឿជាក់ថា អាចទទួលបានភាពជោគជ័យ១០០ភាគរយយ៉ាងពិតប្រាកដផងដែរ។
លោកបានបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion មានលក្ខណៈពិសេសខុសប្លែកគម្រោងដទៃទៀត ដែលស្ថិតនៅជិតដងទន្លេសាប ដែលមានភាពអំណោយទានពីធម្មជាតិពិតៗ”។ លោកបានបន្តទៀតថា “គម្រោងនេះ ក្រៅពីមានភាពអំណោយផលពីដងទន្លេ ថែមទាំងមានទីតាំងល្អ បែរមុខទៅទិសខាងកើត មានហ៊ុងស៊ុយល្អ ហើយថែមទាំងជាអគារដ៏ទំនើបជាងគេ នៅក្នុងតំបន់ ដែលកាន់តែផ្តល់ភាពទាក់ទាញដល់មនុស្សទូទៅផងដែរ”។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ធិ Wealth Mansion មានទុនវិនិយោគប្រមាណ១២០លានដុល្លារអាមេរិក ជាមួយនឹងអាគារកំពស់៤៥ជាន់ ដែលរួមបញ្ចួលនូវផ្សារ កន្លែងហាត់ប្រាណ និងលំនៅដ្ឋានបែបសហកម្មសិទ្ធិចំនួន១១៨៤យូនីត ដោយមានចំណតយានយន្តក្រោមដីចំនួន២ជាន់ និងបន្តរហូតដល់ជាន់ទី៥ ហើយចាប់ពីជាន់ទី៦ដល់ជាន់ទី៨ជាការិយាល័យ និងចាប់ពីជាន់ទី៩ដល់ជាន់ទី៣៦ជាខុនដូ ហើយចាប់ពីជាន់ទី៣៦ឡើងទៅជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ៕
The post គម្រោង Wealth Mansion ចុះ MOU ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW ANGEL Realty appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area