News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

គំ​រោង​ធំៗ​ចំនួន៥នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​


គំ​រោង​ធំៗ​ចំនួន៥នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​

ដោយៈ​ រ៉ា​ណេត​

កំ​ពង់​ស្ពឺៈ​ គំ​រោង​ធំៗ​ចំនួន៤​ នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​ ប្រសិនជា​គំរោង​នេះ​អនុវត្តន៍​តាម​ផែនការ​ ដែល​បាន​ស្នើសុំ​ដោយក្រុម​ហ៊ុន​ទាំងនោះ​ ហើយ​ទទួល​បានការ​អនុម័ត​យល់ព្រម​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក​ វ៉ី​ សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៧​ តុលា​កន្លងមក​ថា​ គំរោង​សាង​សង់់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំនៅ​ដ្ឋាន​ប្រណីត​ចំនួន៤​ និង​គំរោង​សាងសង់​ពហុកីឡាដ្ឋាន​ខេត្ត​លើ​ផ្ទៃដី៤ហិ​កតា​ នឹង​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​លើក​កំពស់​ជីវភាពរស់នៅ​របស់់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ គំរោង​ដែល​បាន​និង​កំពុង​ដំណើរការ​នីតិវិធី​ ដូចជា​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់៣៤ជាន់​ និង​គម្រោង៦៤ជាន់​ ដែល​ស្ថិត​សង់​ខាង​ផ្លូវ​ កណ្តាល​ក្រុង​ច្បារមន​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ក៏​មាន​គម្រោង​បង្កើត​ទីក្រុង​វៃឆ្លាត​លើ​ដី​ទំហំ១០០ហិ​កតា​ រួម​ជាមួយ​ការសាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​ លើ​ដី​ទំហំ១២៦ហិ​កតា​ ក្នុងទឹក​ប្រាក់​វិនិយោគ​ប្រមាណ១០លាន​ដុល្លារ​ ស្ថិត​ក្នុង​ស្រុក​ភ្នំស្រួច​ ដែល​រហូតមកដល់​ពេលនេះ​សាងសង់​ បាន​ប្រមាណ២០ភាគរយ​”។

បច្ចុប្បន្ន​នេះ​ រដ្ឋបាល​សាលាខេត្ត​ បាន​កំណត់​ទីតាំង​រួចរាល់​សម្រាប់​សាងសង់​កីឡាដ្ឋាន​ថ្នាក់​ខេត្ត​ នៅ​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា​។ ស្ថិតនៅ​គីឡូ​លេខ៤​ ចេញពី​ក្រុង​ច្បារមន​ ឆ្ពោះទៅ​ភ្នំ​ឱរ៉ាល់​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ SEA​ Games​ លើក​ទី៣២​ ខាងមុខនេះ​ ក្រោម​ជំនួយ​របស់​សប្បុរសជន​ ដែល​មាន​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជា​អ្នកទទួល​ខុសត្រូវ​ថវិកា​សាងសង់​ទាំងស្រុង​។

ពី​ខេត្ត​ដែល​ធ្លាប់តែ​ក្រីក្រ​ជាងគេ​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​បច្ចុប្បន្ន​កំពង់ស្ពឺ​ បាន​កែប្រែ​មុខមាត់​យ៉ាង​ប្រសើរ​ ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ឧស្សាហកម្ម​ចំរុះ​យ៉ាង​សម្បូរ​បែប​ ជាពិសេស​ គម្រោង​សាងសង់​សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​កប​ពពក​ រួម​ជាមួយនឹង​គម្រោង​សាងសង់​កីឡាដ្ឋាន​នៅ​លើ​ផ្ទៃដី​ទំហំ៤ហិ​កតា​ ដែល​កំពុងតែ​មាន​សកម្មភាព​។

លោក​វ៉ី​ សំណាង​បាន​បន្ត​ថា​ គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ផ្នែក​វិស័យ​អចលនទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ ជាពិសេស​ក្រោយពេល​ដែល​រដ្ឋាភិបាល​ បាន​ដាក់ចេញ​ផែនការ​បង្កើត​តំបន់ឧស្សាហកម្ម​ នៅ​តាម​បណ្តា​យផ្លូវជាតិ​លេខ៤​ ឆ្ពោះទៅ​ក្រុង​ព្រះសីហនុ​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​ខេត្ត​កំពង់ស្ពឺ​ បាន​និង​កំពុងតែ​មាន​សកម្មភាព​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ ក៏ដូចជា​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ ក្នុង​តំបន់​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​”។

បច្ចុប្បន្ន​នេះ​វិស័យ​ឧស្សាហកម្ម​ បាន​និង​កំពុងតែ​ដើរ​ឈានមុខ​គេ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ដោយមាន​រោងចក្រ​ សហគ្រាស​សរុប​ចំនួន២៦១គម្រោង​ ផ្តល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ​ជាង១២ម៉ឺន​នាក់​ ខណៈ​ខេត្ត​នេះ​មាន​ប្រជាជន​សរុប​ មាន​ចំនួន​ជាង៨៧ម៉ឺន​នាក់​ ហើយ​គម្រោង​ប្រមាណ១០០ទៀត​ កំពុងតែ​ដើរ​រៀបចំ​តាម​នីតិវិធី​ និង​ត្រៀម​ដំណើរការ​ក្នុង​ពេល​ខាងមុខនេះ​៕

The post គំ​រោង​ធំៗ​ចំនួន៥នឹង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​ឆាប់រហ័ស​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area