ចំណេះដឹងអំពីពន្ធប្រថាប់ត្រាស្ដីពីការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ
១. និយមន័យពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យសំដៅលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដូចជា៖ អគារ ផ្ទះ ដី និងសំណង់ផ្សេងៗ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រនៃរាជធានី និងបណ្ដាលខេត្តក្នុងប្រទេសកម្ពុជា ដោយផ្ទេរកម្មសិទ្ធិកាន់កាប់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចំពោះអ្នកដែលទទួលបានសិទ្ធិកាន់កាប់អចលនទ្រព្យ បន្ទាប់ពីផ្ទេរកម្មសិទ្ធិរួចរាល់ នឹងទទួលខុសត្រូវលើការបង់ពន្ធនេះ។
២. មូលដ្ឋានគិតពន្ធនៃការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីស្តីពីការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយវាបានចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមប្រកាសថ្មីនេះ ពន្ធប្រថាប់ត្រាត្រូវបានកំណត់ក្នុងអត្រា ៤% នៃតម្លៃអចលនទ្រព្យ ដែលជាកម្មវត្ថុនៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់។
តម្លៃនៃអចលនទ្រព្យត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធនៃប្រកាសថ្មីនេះ ដែលមាននៅលើគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ហើយក្នុងករណីដែលតម្លៃរបស់វាស្មើ ឬខ្ពស់ជាងតម្លៃដែលមានចែងក្នុងឧបសម្ព័ន្ធ គឺទាមទារឱ្យមានឯកសារផ្លូវច្បាប់ពាក់ព័ន្ធផ្សេងទៀតមកបង្ហាញ។ ពន្ធនេះត្រូវបានប្រមូលសម្រាប់ជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់មូលដ្ឋាន។
តម្លៃនៃអចលនទ្រព្យគឺអាស្រ័យលើប្រភេទអចលនទ្រព្យនីមួយៗរាប់បញ្ចូលទាំងដី និងសំណង់។ តម្លៃនៃសំណង់ត្រូវបានគណនាដោយផ្អែកលើពេលវេលាដែលបានសាងសង់ និងជាន់នីមួយៗ ខណៈដែលតម្លៃដីត្រូវបានវាយតម្លៃដោយផ្អែកលើទីតាំងភូមិសាស្រ្ត និងប្រភេទផ្លូវដូចជា៖ មហាវិថី ផ្លូវធំ ឬផ្លូវតូចជាដើម។
ឧទាហរណ៍៖ លោក សុខ មានផ្ទះល្វែងពីរជាន់ (E0 និង E1) ដែលមានទីតាំងនៅបុរីពិភពថ្មី (ចំការដូង) ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ផ្ទះល្វែងនោះត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៥ ដែលមានរយៈពេលសាងសង់ក្រោម១០ឆ្នាំ គិតត្រឹមឆ្នាំ២០២០ ជាមួយនឹងទំហំដី ១០០ម៉ែត្រការ៉េ និងទំហំផ្ទះ៦៤ម៉ែត្រការ៉េ។ លោក សុខ ចង់លក់ផ្ទះល្វែងនោះទៅឲ្យលោក សៅ។ ដោយផ្អែកលើឧបសម្ព័ន្ធទី១ នៃប្រកាសថ្មី តើពន្ធប្រថាប់ត្រាមានតម្លៃស្មើប៉ុន្មាន?
តម្លៃដី = ១០០ម៉ែត្រការ៉េ x ២៥០ដុល្លារ/ម៉ែត្រការ៉េ = ២៥.០០០ដុល្លារ
តម្លៃផ្ទះជាន់ E0 = ៦៤ម៉ែត្រការ៉េ x ២៥០ដុល្លារ/ម៉ែត្រការ៉េ = ១៦.០០០ដុល្លារ
តម្លៃផ្ទះជាន់ E1 = ៦៤ម៉ែត្រការ៉េ x ២០០ដុល្លារ/ម៉ែត្រការ៉េ= ១២.៨០០ដុល្លារ។
តម្លៃអចលនទ្រព្យរបស់លោក សុខ = ៥៣.៨០០ដុល្លារ ហើយពន្ធប្រថាប់ត្រាដែលត្រូវបង់ = ៥៣.៨០០ដុល្លារ x ៤% = ២.១៥២ដុល្លារ ឬ ៨.៦០៨.០០០រៀល។
៣. ការលើកលែងពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ
យ៉ាងមិញ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យត្រូវបានលើកលែងក្នុងចំណោមសាច់ញាតិដូចជា៖ ពីជីតាឬម្តាយទៅចៅ(ពន្ធស្មើសូន្យ) ពីឪពុកម្តាយទៅកូន(ពន្ធស្មើសូន្យ) ពីបងប្អូនបង្កើតទៅបងប្អូនបង្កើត និងពីឪពុកម្តាយទៅកូនប្រសារ។
ឧទាហរណ៍ទី១៖ លោក ក ចង់ផ្ទេរកម្មសិទ្ធិផ្ទះល្វែងរបស់គាត់ដល់ លោក ខ ដែលជាបងប្អូនបង្កើតរបស់គាត់ដោយឥតគិតថ្លៃ។ ក្នុងករណីនេះ លោក ខ ទទួលបានការលើកលែងពន្ធចំនួន ៤.០០០.០០០រៀល។ ដូច្នេះ ពន្ធដែលលោក ខ ត្រូវបង់ = ៨.៦០៨.០០០រៀល – ៤.០០០.០០០រៀល = ៤.៦០៨.០០០រៀល។
ឧទាហរណ៍ទី ២៖ លោក ក បានទទួលមរណភាពហើយ ប៉ុន្តែទុកសំបុត្រមរតកទៅ លោក ខ ដែលជាកូនប្រសារ។ ក្នុងករណីនេះ លោក ខ ទទួលបានការលើកលែងពន្ធចំនួន ៨.០០០.០០០រៀល។ ដូច្នេះពន្ធដែលលោក ខ ត្រូវបង់ = ៨.៦០៨.០០០រៀល – ៨.០០០.០០០រៀល = ៦០៨.០០០រៀល។
គួរបញ្ជាក់ផងដែរថា ពន្ធនេះត្រូវតែប្រកាសក្នុងរយៈពេល៣ខែ បន្ទាប់ពីការបញ្ចប់ការផ្ទេរឯកសារកម្មសិទ្ធិអចលនទ្រព្យរួចរាល់។ អ្នកជាប់ពន្ធអាចប្រកាសពន្ធនេះនៅនាយកដ្ឋានពន្ធដារណាមួយដែលអចលនទ្រព្យនោះស្ថិតនៅ ឬប្រកាសនៅធនាគារដែលជាដៃគូសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផងដែរ។
លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈគេហទំព័រ Harbor Property និងតាមរយៈកម្មវិធីទូរសព្ទដៃដោយឥតគិតថ្លៃ។
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633