តើគួរវិនិយោគលើអចលនទ្រព្យបែបណាក្នុងស្ថានភាពបច្ចុប្បន្ន
តើគួរវិនិយោគលើអចលនទ្រព្យបែបណាក្នុងស្ថានភាពបច្ចុប្បន្ន
ដោយ រ៉ាណេត
ភ្នំពេញៈ នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានទាញយកការវិនិយោគនៅក្នុវិស័យអចលនទ្រព្យ ភ្ជាប់ទៅនឹងព្រឹត្តិការណ៍អវិជ្ជមានសង្គម ជាពិសេស ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចប្រទេសចិន ដែលជាទីផ្សារអចលនទ្រព្យមួយចំណែកធំនៅកម្ពុជា។
មិនថាទោះជាស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ រួមជាមួយនឹងតម្រូវការនៃវិស័យលំនៅដ្ឋានកំពុងតែមានតម្រូវខ្ពស់ បណ្តាអ្នកជំនាញបានអះអាងបញ្ជាក់ថា មិនថាឆ្នាំនេះឬបន្តទៅឆ្នាំខាងមុខនោះទេ ការវិនិយោគនៅក្នុងវិស័យអចនទ្រព្យ នៅតែមានសកម្មភាព សំខាន់គឺអាស្រ័យទៅលើភាពចាំបាច់ និងធនធានតែប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុន Cam Top Property Group លោកខាត់ សុវណ្ណ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកថា ការសម្រេចចិត្តវិនិយោគ ឬមិនគួរមិនគួរគឺអាស្រ័យទៅលើភាពចាំបាច់ នៃតម្រូវការជាក់ស្ដែងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលមានធនធានច្បាស់លាស់គឺពួកគេនៅតែបន្តសកម្មភាពដដែល។
លោកបានបញ្ជាក់ថា “ភាគច្រើនពេលនេះគេតែងនិយាយថា ទីផ្សារដីធ្លីមិនសូវល្អដែលបណ្តាលមកពីកត្តាសេដ្ឋកិច្ចសង្គម ដែលកំពុងកើតមាន ហើយគាប់ជូនអ្នកខ្លះគាត់មានធុរៈ មានតម្រូវការថវិកា ដូច្នេះ បើទោះជាតម្លៃដីទាបជាងទីផ្សារជាក់ស្ដែង ២០-៣០ភាគរយ ក៏គាត់នៅតែលក់”។ លោកបន្តថា “ការលក់នេះមិនមែនមានន័យថា ទីផ្សារដីធ្លីធ្លាក់នោះទេ ប៉ុន្តែក្នុងលក្ខខណ្ឌនេះ សម្រាប់អ្នកដែលមានលុយទិញដី ដែលមានតម្លៃទាបជាងទីផ្សារ គឺពួកគេមានឱកាសទទួលបានចំណេញខ្ពស់នៅថ្ងៃខាងមុខ”។
បច្ចុប្បន្ននេះសម្រាប់ដីដែលស្ថិតនៅតំបន់ជាយក្រុង ក៏ដូចជាការអភិវឌ្ឍលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺនៅតែជាឱកាសល្អសម្រាប់ការវិនិយោគ”។
អគ្គនាយកក្រុមហ៊ុន Daily Realty Group លោក ហៃ រ៉ាវី ក៏បានបង្ហាញពីទស្សនៈស្រដៀងគ្នា ទៅនឹងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “បើស្ថិតនៅក្នុងស្ថានភាពប្រ ឈមដែលធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ វាមានហេតុការណ៍២កើតឡើង គឺហេតុការណ៍អាក្រក់ និងហេតុការណ៍ល្អ។
លោកបន្តថា “ត្រង់ន័យខ្ញុំចង់បញ្ជាក់ថា ហេតុការណ៍អាក្រក់ គឺកើតមាននៅពេលដែលមានទ្រព្យ ឬដីធ្លី ហើយមានតម្រូវការចាំបាច់ក្នុងការលក់បានតម្លៃទាប ដែលវាធ្វើឱ្យបាត់បង់ផលប្រយោជន៍ ឬខាតបង់ទ្រព្យ”។លោកបន្តថា “ប៉ុន្តែហេតុការណ៍ល្អ គឺសម្រាប់អ្នកមានលុយទិញដីទុកលក់ចំណេញ”។
លោកបន្ថែមថា ដូច្នេះមុនពេលសម្រេចចិត្តលក់ ក៏គួរតែសិក្សា និងពិចារណាពីតម្លៃទីផ្សារជាមុនសិន ឬបើអាចមានដំណោះស្រាយគួរកុំលក់ក្នុងពេលមិនអំណោយផល។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ ធ្លាប់បានលើកឡើងថា ការចូលខ្លួនមកធ្វើជំនួញ នៅក្នុងវិស័យអចលនទ្រព្យ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែមុនពេលចូលមករកចំណូលនៅលើទីផ្សារមួយនេះ ចាំបាច់ត្រូវតែស្វែងយល់ឱ្យបានលម្អិតពីព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ។
លោកបានបន្តទៀតថា មុនពេលសម្រេចចិត្តទិញ ឬវិនិយោគទៅលើអចលនទ្រព្យណាមួយ អ្នកគួរតែសិក្សាស្វែងយល់ឱ្យបានលម្អិត និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងការទិញទាំងភាពប្រថុយប្រថាន ឬជឿតាមពាក្យគេនិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់”។ លោកបានបញ្ជាក់ថា “ភាពជោគជ័យទៅលើការវិនិយោគ មិនមែនកើតឡើងដោយសារតែព្រេងសំណាងនោះទេ ប៉ុន្តែវាកើតចេញពីភាពវ័យឆ្លាត ចេះក្ដាប់ឱកាស និងវិនិយោគត្រូវតាមកាលៈទេសៈ៕
The post តើគួរវិនិយោគលើអចលនទ្រព្យបែបណាក្នុងស្ថានភាពបច្ចុប្បន្ន appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area