News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើប្រភេទផ្ទះល្វែង និងផ្ទះអាជីវកម្មខុសគ្នាត្រង់ចំំណុចណាខ្លះ?


នៅក្នុងទីផ្សារលំនៅឋាននៅកម្ពុជា ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈស្រដៀងគ្នាច្រើនហើយវាជាប្រភេទលំនៅឋានដែលមានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនខ្មែរ។ មនុស្សភាគច្រើនគិតថាប្រភេទផ្ទះទាំងពីរគឺដូចគ្នា ដោយមួយគ្រាន់តែជាផ្ទះសម្រាប់លក់ដូរ និងប្រកបរបរអាជីវកម្ម និងមួយទៀតសម្រាប់រស់នៅធម្មតា។​​ ប៉ុន្តែតាមការពិតទៅ ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈខុសគ្នា និងមានមុខងារផ្សេងគ្នាមួយចំនួនដែលគេអាចកំណត់សម្គាល់បានដូចខាងក្រោម៖

See the source image

ផ្ទះល្វែងជាធម្មតាមានទំហំធំ ហើយវែងជាងប្រភេទផ្ទះអាជីវកម្ម ដោយផ្ទះល្វែងត្រូវបានសាងសង់ជាពិសេសសម្រាប់ការរស់នៅ។ ជាទូទៅ ផ្ទះល្វែងត្រូវបានសាងសង់នៅជួរខាងក្រោយគេបង្អស់ ឬផ្លូវក្រោយនៃគម្រោងបុរី។ កំពស់របស់ផ្ទះល្វែងត្រូវបានគេសាងសង់ឡើងដែលអាចមានកំពស់៣ឬ៤ជាន់។

លក្ខណៈសំគាល់ទូទៅនៃផ្ទះល្វែងរួមមាន៖ សំណង់ផ្ទះល្វែងត្រូវបានសង់នៅផ្លូវខាងក្រោយ ឬផ្លូវក្នុងនៃគម្រោងបុរី សាងសង់ជាប់គ្នាដោយមានជញ្ជាំងរួមគ្នាពីមួយខ្នងទៅមួយខ្នង មានកំពស់អាចដល់៤ជាន់ មានតម្លៃលក់ក្នុងមួយល្វែងជាមធ្យមចាប់ពី៥ម៉ឺនទៅជាង១០ម៉ឺនដុល្លារ មានទទឹងធំជាងផ្ទះអាជីវកម្ម បណ្តោយពី ១៦ – ២០ ម៉ែត្រ និងមានដីសល់មុខផ្ទះពី ៤ – ​៦ ម៉ែត្រ និងក្រោយផ្ទះ ១ ទៅ ២ ម៉ែត្រ។

ផ្ទះអាជីវកម្មត្រូវបានគេស្គាល់ថាជាប្រភេទផ្ទះដែលមានភាពស្រដៀងគ្នាទៅនឹងផ្ទះល្វែង ហើយត្រូវបានប្រើសម្រាប់បង្កើតប្រាក់ចំណូលប្រចាំខែ ដែលផ្ទះនោះត្រូវបានធ្វើជាហាងលក់ទំនិញ ការិយាល័យ ឬសកម្មភាពសេដ្ឋកិច្ចណាមួយ ចំណែកឯជាន់ខាងលើអាចជាកន្លែងស្នាក់នៅ។ គម្រោងលំនៅឋានជាច្រើនបានសាងសង់ផ្ទះអាជីវកម្មស្ថិតនៅមុខជាប់នឹងផ្លូវធំតែម្តង។

លក្ខណៈទូទៅរបស់ផ្ទះអាជីវកម្មរួមមាន៖ សំណង់ត្រូវបានសាងសង់ជាប់នឹងផ្លូវធំ ឬជាប់ផ្លូវកែង សាងសង់ជាប់ៗគ្នា មានកំពស់ប្រមាណ២ឬ៣ជាន់និងមានជញ្ជាំងជាប់គ្នា មានតម្លៃថ្លៃជាងគុណនឹង២ដងនៃផ្ទះល្វែងដែលស្ថិតនៅក្នុងគម្រោងជាមួយគ្នា មានទទឹងតូច ៤ ម៉ែត្រ ជាន់ផ្ទាល់មានទំហំវែង (សម្រាប់ដាក់ទំំនិញ) មានដីសល់ខាងមុខផ្ទះពី ៤- ៦ ម៉ែត្រ និងដីក្រោយផ្ទះជាន់ក្រោមធ្វើពាណិជ្ជកម្ម និងជាន់លើសម្រាប់ស្នាក់នៅ។

ខាងលើជាចំណុចមួយចំនួនដើម្បីលើកយកជូនលោកអ្នកដើម្បីកត់សំគាល់នៃភាពខុសគ្នានៃ ប្រភេទផ្ទះល្វែង និងប្រភេទផ្ទះអាជីវកម្ម។ ដូច្នេះ ប្រសិនបើលោកអ្នកមានបំណងទិញផ្ទះត្រូវ តែប្រាកដថាទិញយកមកស្នាក់នៅ ឬប្រកបរបរអាជីវកម្ម។

ជារួម ប្រភេទផ្ទះទាំងពីរមានលក្ខណៈខុសគ្នាលើចំណុចមួយចំនួនតូចប៉ុណ្ណោះ មិនថាអ្នក ជ្រើសរើសលំនៅដ្ឋានមួយណាទេ អ្វីដែលសំខាន់លោកអ្នកបានសិក្សាពីសក្តានុពលនៃគម្រោងលំនៅដ្ឋាននោះថាតើវាមានសក្តានុពលពិតប្រាកដឬយ៉ាងណា៕

ប្រភព: Harbor Property