News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើអ្នកទិញផ្ទះគួរបង់រំលស់ជាមួយធនាគារ ឫម្ចាស់គម្រោង?


ដោយសារតែការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរយុទ្ធសាស្ត្រលក់របស់ខ្លួនដើម្បីទាក់ទាញអ្នកទិញកាន់តែច្រើន ជាមួយនឹងការបញ្ចុះតម្លៃ ការបង់រំលោះងាយស្រួល ហើយក្នុងករណីខ្លះទិញដោយមិនចាំបាច់បង់ប្រាក់តម្កល់ជាមុន។

ជាទូទៅ វាជាតួនាទីរបស់ធនាគារ មិនមែនអ្នកអភិវឌ្ឍន៍នោះទេដែលត្រូវផ្តល់ប្រាក់កម្ចីដល់អ្នកទិញផ្ទះ។ ប្រការនេះបានចោទ​ជា​សំណួរ​​ថា តើ​អ្នក​ទិញ​ផ្ទះ​នៅ​កម្ពុជា​គួរ​បង់​ប្រាក់​កម្ចី​ជាមួយ​អ្នក​អភិវឌ្ឍន៍ ឬ​ធនាគារ បើ​ ​ពួកគេមានជម្រើស។

 

លោក អៀ ចរិយា អគ្គនាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា ការទិញអចលនទ្រព្យដោយប្រើកម្ចីជាមួយអ្នកអភិវឌ្ឍន៍ ឬធនាគារអាចជាជម្រើសដ៏ល្អ ព្រោះតម្លៃអចលនទ្រព្យអាចឡើងខ្ពស់ជាងអត្រាការប្រាក់ ប៉ុន្តែវាអាស្រ័យលើប្រភេទអចលនទ្រព្យ ទីតាំង តម្លៃ ជម្រើសនៃការទូទាត់ និងអត្រាការប្រាក់ដែលផ្តល់ជូនដោយអ្នកអភិវឌ្ឍន៍ ឬធនាគារ។

លោកបានបន្ថែមថា៖ «ការបង់ប្រាក់កម្ចីទិញផ្ទះជាមួយអ្នកអភិវឌ្ឍន៍ និងធនាគារមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ប្រសិនបើអ្នកជ្រើសរើសបង់រំលោះជាមួយធនាគារ អត្រាការប្រាក់ចន្លោះពី ៥ ទៅ ១០ ភាគរយក្នុងមួយឆ្នាំជាមួយហានិភ័យទាប ដោយសារតែធនាគារនឹងសិក្សាពីលទ្ធភាពនៃការសងត្រឡប់ដូចជា ចំណូលប្រចាំខែទៀតទាត់ វត្ថុបញ្ចាំ (ប្លង់រឹង) និងឯកសារពាក់ព័ន្ធផ្សេងទៀតមុនផ្តល់ប្រាក់កម្ចី។»

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជ្រើសរើសបង់ប្រាក់កម្ចីជាមួយអ្នកអភិវឌ្ឍន៍ អត្រាការប្រាក់ចន្លោះពី ៨ ទៅ ១២ ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែអ្នកអភិវឌ្ឍន៍មិនត្រូវការបញ្ជាក់ពីប្រាក់ចំណូលប្រចាំខែ និងឯកសារផ្សេងៗទៀតពីអ្នកទេ។ ករណីនេះគឺល្អសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកវិនិយោគដែលមិនមានប្រាក់ចំណូលប្រចាំខែទៀងទាត់ ប៉ុន្តែមានហានិភ័យខ្ពស់ដោយសារតែប្រាក់ចំណូលរបស់ពួកគេអាចឡើងចុះ។

លោក សុខ សេរី ជាម្ចាស់អាជីវកម្មអនឡាញម្នាក់នៅទីក្រុងភ្នំពេញ ដែលទើបតែទិញខុនដូមួយបន្ទប់គេងនៅបឹងកេងកង១ ហើយសម្រេចចិត្តបង់ប្រាក់រំលោះប្រចាំខែជាមួយអ្នកអភិវឌ្ឍន៍។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​គាត់​ជ្រើស​រើស​បង់​កម្ចី​ទិញ​ផ្ទះ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ លោក សេរី មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សម្រេច​ចិត្ត​បង់​ប្រាក់​កម្ចី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ខ្ញុំ ព្រោះ​វា​ងាយ​ស្រួល​ជាង​ធនាគារ។ អ្នកអភិវឌ្ឍន៍មិនទាមទារប្រាក់ចំណូលប្រចាំខែទៀងទាត់ និងឯកសារពាក់ព័ន្ធផ្សេងទៀតទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថាខ្ញុំអាចចរចារមិនបង់ប្រាក់តម្កល់៣០ភាគរយជាមុន។»

លោកបានបន្ថែមថា៖ «ទោះបីជាប្រាក់ចំណូលប្រចាំខែរបស់ខ្ញុំឡើងចុះ ខ្ញុំនៅតែអាចមានលទ្ធភាពបង់ប្រាក់កម្ចីទិញផ្ទះបាន ទោះបីជាមានអត្រាការប្រាក់ខ្ពស់បន្តិចក៏ដោយ ហើយខ្ញុំអាចមានផ្ទះអចិន្ត្រៃយ៍ផ្ទាល់ខ្លួនសម្រាប់រស់នៅដោយមិនចាំបាច់បង់ថ្លៃជួលប្រចាំខែទៀតទេ។»

សម្រាប់អ្នកជំនាញអចលនៈទ្រព្យមួយចំនួន អ្នកអភិវឌ្ឍន៍អចលនៈទ្រព្យដែលអនុញ្ញាតឱ្យអតិថិជនបង់រំលោះជាមួយពួកគេ មិនមែនជាមួយធនាគារ មានហានិភ័យខ្ពស់ដែលអ្នកទិញមិនអាចបង់ប្រាក់បានថិតថេរ។

ក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញអចលនទ្រព្យបាននិយាយថា ការបង់ប្រាក់កម្ចីទិញផ្ទះជាមួយអ្នកអភិវឌ្ឍន៍អាចប៉ះពាល់ដល់អតិថិជន ដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំឱ្យមានហានិភ័យខ្ពស់នៃការខកខានបង់ត្រលប់។ ជាធម្មតា អ្នកអភិវឌ្ឍន៍មិនមានជំនាញដើម្បីសិក្សាពីលទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនក្នុងការទូទាត់ត្រឡប់មកវិញនោះទេ។

លោក​បន្ត​ថា​៖ «​ដោយ​សារ​វា​ងាយ​ស្រួល​ក្នុង​ការ​ខ្ចី​ ដូច្នេះ​អតិថិជន​មួយ​ចំនួន​អាច​ទិញ​ផ្ទះ​មួយ​ ឬ​ពីរ​។ អតិថិជន​ខ្លះ​រំពឹង​ថា​ពេល​ទិញ​ផ្ទះរួច ​គេ​អាច​ជួល ឫលក់​ចេញវិញ​ដោយ​ចំណេញ។ ប៉ុន្តែ ប្រសិនបើការរំពឹងទុកនោះមិនបានដូចបំណង នោះអតិថិជនអាចនឹងមានបញ្ហាជាមួយនឹងលំហូរហិរញ្ញវត្ថុ ហើយចុងក្រោយគាត់​អាច​នឹង​ដាក់​លក់អចលនទ្រព្យ​ទៅវិញក្នុងតម្លៃក្រោមទីផ្សារ ដែលអាច​ជះ​ឥទ្ធិពល​ទៅលើ​ទីផ្សារ​ទាំងមូល»។

លោក​បាន​លើក​ឡើង​ថា វិធី​ល្អ​បំផុត​គឺ​អតិថិជន​មិន​គួរ​ប្រើ​កម្ចី​ទិញ​លំនៅឋាន​ពី​អ្នក​អភិវឌ្ឍន៍​ទេ ព្រោះ​មិន​បាន​ការសិក្សា​ពី​លទ្ធភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន ខុសពីធនាគារដែលនឹងសិក្សាពីចំណូលអតិថិជន និងធ្វើការវិនិច្ឆ័យលើហានិភ័យប្រាក់កម្ចី ជាមួយអត្រាការប្រាក់ទាប។

ប្រភព : Harbor Property