ទស្សនៈថ្មី ! កូវីដ១៩ ជះឥទ្ធិពលវិជ្ជមានលើវិស័យអចលនទ្រព្យ
ជំងឺរាត្បាតកូវីដ១៩ ដែលបានអូសបន្លាយពេលជាង២ឆ្នាំនៅប្រទេសកម្ពុជា និងលើសកលលោកបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចទាំងមូលជាពិសេសវិស័យអចលនទ្រព្យ។ប៉ុន្តែ ទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យក្នុងស្រុកមួយចំនួនបានបង្ហាញពីចំណុចវិជ្ជមាននៃវិបត្តិនេះចំពោះស្ថេរភាពតម្លៃអចលនទ្រព្យទូទៅនៅប្រទេសកម្ពុជា។
លោក ហាក់ គីមថុង នាយកក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Viniyuk មានប្រសាសន៍ថា៖ «វិបត្តិកូវីដ១៩ ថ្វីត្បិតបានជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ចទាំងមូល ប៉ុន្តែវាបានជួយទប់មិនឱ្យតម្លៃអចលនទ្រព្យនៅកម្ពុជាឡើងកម្ដៅខ្លាំងពេកដែលពិបាកក្នុងការគ្រប់គ្រងតម្លៃ»។
លោកបានបញ្ជាក់ថា ទោះជាយ៉ាងណា ចរន្តទិញលក់ទូទៅនៅលើទីផ្សារនៅតែមានជាធម្មតា គ្រាន់តែតម្លៃមិនឡើងខ្លាំងដូចកាលនៅជំនាន់មុនឆ្នាំ២០០៨ ដែលកាលនោះតម្លៃអចលនទ្រព្យបានហក់ឡើងខ្លាំងមែនទែនចាប់ពី២០%ទៅ៣០%ក្នុងមួយឆ្នាំ អាស្រ័យលើប្រភេទអចលនទ្រព្យនីមួយៗ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមុនវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨បានផ្ទុះឡើង តម្លៃអចលនទ្រព្យនៅកម្ពុជាបានហក់ឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងតម្លៃទីផ្សារបាន។ កាលឆ្នាំ២០០៨នោះ តម្លៃអចលនទ្រព្យនៅទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរបានដាំក្បាលធ្លាក់ចុះមកវិញ បន្ទាប់ពីបានហក់ឡើងខ្លាំងជ្រុលរហូតមិនអាចគ្រប់គ្រងតម្លៃបាន។
ក្នុងពេលបច្ចុប្បន្ន តម្លៃអចលនទ្រព្យនៅកម្ពុជានៅតែបន្តឡើងថ្លៃនៅក្នុងតំបន់មួយចំនួន ប៉ុន្តែមិនឡើងខ្លាំងដូចកាលជំនាន់មុនឆ្នាំ២០០៨នោះទេ ដែលប្រការនេះជាសញ្ញាវិជ្ជមានដល់វិស័យអចលនទ្រព្យទាំងមូលនៅកម្ពុជា។
លោក ហាក់ គីមថុង បានពន្យល់ថា នៅពេលដែលតម្លៃអចលនទ្រព្យនៅកម្ពុជាហក់ឡើងខ្ពស់ពេក វាអាចធ្វើឱ្យអំណាចទិញរបស់អតិថិជនជួបបញ្ហាច្រើន បើក្រឡេកមើលកាលឆ្នាំ២០១៨ និង២០១៩ តម្លៃដីនិងផ្ទះឡើងលឿនមែនទែន ជាពិសេសនៅក្រុងព្រះសីហនុ សឹងតែមួយខែឡើងគុណជាពីរ។ ការលើកឡើងបែបនេះវាប្រៀបដូចជាពពុះសាប៊ូ ដែលធ្លាប់កើតមានឡើងនៅឆ្នាំ២០០៨ម្ដងរួចមកហើយ។
លោកបានបន្តថា នៅពេលដែលកូវីដ១៩ចូលមក តម្រូវការទិញដើម្បីទុកចំណេញរបស់អ្នកមិនប្រឡូកក្នុងវិស័យនេះត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យតម្រូវការធ្លាក់ចុះ។ដូច្នេះ តម្លៃមានស្ថេរភាពជាងមុន មិនដូចពីមុនទេ អ្នកណាដែលមានលុយដណ្ដើមគ្នាទិញ ទោះបីពួកគាត់មិនដឹងថាតំបន់នោះយ៉ាងម៉េចក៏ដោយ ព្រោះពួកគាត់ទិញតាមគេតាមឯង។
ដូច្នេះ ពេលមានបញ្ហាកូវីដបានធ្វើឱ្យ សកម្មភាពទិញលក់យកចំណេញធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យមានស្ថេរភាពល្អជាងមុន ហើយជៀសវាងកុំឱ្យមានវិបត្តិកើតឡើងដូចកាលពីមុន។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ Knight Frank Cambodia តម្លៃលក់លំនៅឋានប្រភេទផ្ទះក្នុងបុរីក្នុងក្រុងភ្នំពេញមានស្ថេរភាពល្អ មិនមានការប្រែប្រួលខ្លាំងនោះទេ នៅឆមាសទី២ឆ្នាំ២០២១កន្លងទៅ ជាមួយនឹងតម្លៃលក់ជាមធ្យម១,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ មានការកើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ចំណែកទីផ្សារខុនដូរវិញ តម្លៃលក់ជាមធ្យម១,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ មានការធ្លាក់ចុះបន្តិចនៅឆមាសទី២ឆ្នាំ២០២១ បើធៀបនឹងតម្លៃនៅក្នុងឆមាសទីមួយឆ្នាំ២០២១។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕