News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ទីក្រុងរណប លី យ៉ុងផាត់ កំពុងអភិវឌ្ឍន៍ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់


ទីក្រុងរណប លី យ៉ុងផាត់ កំពុងអភិវឌ្ឍន៍ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅប៉ែកខាងជើងឈៀងខាងកើតនៃរាជធានីភ្នំពេញ តំបន់ទីក្រុងរណប លី យ៉ុងផាត់ បាន និងកំពុងអភិវឌ្ឍន៍ខ្លួនក្លាយជាមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ ជាមួយនឹងម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃវិនិយោគរាប់រយលានដុល្លារកំពុងត្រៀមបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ថា បច្ចុប្បន្នតំបន់ខាងលើនេះកំពុងតែមានការអភិវឌ្ឍន៍លើគម្រោងធំៗជាច្រើន ដែលមានទុនវិនិយោគសរុបរាប់រយលានដុល្លារ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ក្រៅពីទុនវិនិយោគផ្ទាល់ដោយក្រុមហ៊ុន លី យ៉ុងផាត ដូចជាសណ្ឋាគារលំដាប់ផ្កាយ៥ Garden City មណ្ឌលកម្សាន្តសួនសត្វ ភ្នំពេញ សាហ្វារី និងសួនទឹក Angkor Water Park នៅមានគម្រោងធំៗជាច្រើនទៀត ជាពិសេស វិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតកតេជោ ដែលមានតម្លៃជាង១៧០លានដុល្លារ ដែលកំពុងសាងសង់យ៉ាងសកម្ម”។

លោកបញ្ជាក់ទៀតថា “ជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំពីវិស័យឯកជន និងរដ្ឋាភិបាល នៅពេលដ៏ខ្លីឆាប់ៗខាងមុខ តំបន់នេះនឹងក្លាយជាមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិកម្រិតខ្ពស់បន្ទាប់ពីរាជធានីភ្នំពេញយ៉ាងប្រាកដ ហើយក៏ជាតំបន់ដែលប្រមូលផ្តុំទៅដោយបុរីលំនៅដ្ឋានកម្រិតខ្ពស់ក្រោមការអភិវឌ្ឍន៍ដោយក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន OCIC ក្រុមហ៊ុន លី ហួរ ក្រុមហ៊ុន ជីបម៉ុង ក្រុមហ៊ុន ប៉េង ហួត ក្រុមហ៊ុន ពិភពថ្មី និងក្រុមហ៊ុនផ្សេងៗមួយចំនួនទៀត”។

ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ លោកស្រី តាំង ហួរ នាយិកាក្រុហ៊ុន AMATAK Property Service បានមានប្រសាសន៍ផងដែរថា “តាមរយៈគម្រោងអភិវឌ្ឍទីក្រុងរណបដែលកំពុងមានសកម្មភាពមួយនេះ នឹងផ្តល់ផលវិជ្ជមានបន្តទៅដល់តំបន់ក្បែរខាងគ្នាទាំងតំបន់នៅផ្លូវជាតិ៥ និងតំបន់ដែលស្ថិតនៅផ្លូវជាតិលេខ៦ ហើយអាចនឹងបន្តសាយភាយទៅដល់ព្រំប្រទល់ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងស្រុកមុខកំពូល ខេត្តកណ្តាល (ផ្លូវជាតិលេខ៦) រួមជាមួយនឹងតំបន់ព្រែកព្នៅ រហូតដល់តំបន់ស្ពានព្រែកក្តាម”។

លោកស្រីបានបន្តថា “គិតត្រឹមរយៈពេលជាង១ឆ្នាំចុងក្រោយនេះ តំបន់ដែលស្ថិតនៅក្នុង និងក្បែរក្រុងរណបមួយនេះ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ៍ស ជាពិសេសគឺវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ហើយការអភិវឌ្ឍ និងរីកចម្រើន នឹងតែបន្តក្នុងរយៈពេលយូរទៀត ដែលកាន់តែជម្រុញឱ្យតម្រូវការប្រើប្រាស់ដីមានកាន់តែច្រើន ហើយតម្លៃកាន់តែថ្លៃជាងពេលបច្ចុប្បន្ននេះ”៕

The post ទីក្រុងរណប លី យ៉ុងផាត់ កំពុងអភិវឌ្ឍន៍ខ្លួនជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area