News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ប្រជាពលរដ្ឋជាង៧០០គ្រួសារ​ ចាប់ឆ្នោតដូរយកដីនៅតំបន់រុនតាឯក


ពលរដ្ឋជាង៧០០គ្រួសារចាប់ឆ្នោតយកក្បាលដីដោះដូរទីលំនៅថ្មីចេញពីតំបន់អង្គរ នៅសាលា ខេត្ដសៀមរាប ព្រឹកថ្ងៃទី២៥ខែសីហាឆ្នាំ២០២២នេះ មានរៀបចំពិធីចាប់ឆ្នោតទទួលយកក្បាលដី សម្រាប់ប្រជាពលរដ្ឋចំនួន៧២៧គ្រួសារដើម្បីដូរលំនៅឋានថ្មីចេញពីតំបន់រណីយដ្ឋានអង្គរ។​ នេះបើយោងតាមមន្ទីព័ត៌មានខេត្តសៀមរាប

តំណាង ប្រជាពលរដ្ឋបានលើកឡើងថា ការសាងសង់លំនៅឋានរបស់ពួកគាត់នាពេលកន្លងមកនៅ តំបន់ឧទ្យានអង្គរនេះ ពុំមានច្បាប់អនុញ្ញាតឱ្យរស់នៅនោះទេ ហើយពួកគាត់បានសាងសង់ផ្ទះនោះ ក៍យូរហើយដែរ ប៉ុន្ដែដើម្បីចូលរួមលើកតម្លៃនៃរមណីយដ្ឋានអង្គរ ពួកគាត់ព្រមស្ម័គ្រចិត្ដប្ដូរទីលំនៅថ្មី ដោយទទួលយកក្បាលដីទំហំ២០ម៉ែត្របណ្ដោយ៣០ម៉ែត្រ ស្ថិតនៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។

ពួកគាត់បានបន្ដថា ទំហំដីដែលរដ្ឋផ្ដល់ឱ្យនោះសមល្មមនឹងទទួលយកបាន ប៉ុន្ដែពួកគាត់ស្នើរឱ្យមាន ការអភិវឌ្ឍសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ប្រកបដោយគុណភាព។

លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ មានប្រសាសន៍ថា ការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពលរដ្ឋជំហ៊ានដំបូងនេះ អាចនឹងចាប់ផ្ដើមរុះរើ លំនៅឋាន ឱ្យពួកគាត់នៅចុងឆ្នាំ២០២២នេះ ដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូនរៀន និងជួបបញ្ហាផ្សេងៗ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួនហើយ ។ លោកបន្តថា អាជ្ញាធរនឹងឱ្យពួកគាត់ទៅពិនិត្យមើលក្បាលដី ក្រោយពីចាប់ឆ្នោតរួចបាន៤ទៅ៥ថ្ងៃ ខណៈក្រុមការងារកំពុងឈូសឆាយរៀបចំប្ដង់ដីស្របច្បាប់។

ក្នុងរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសបានរកឃើញអ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ប្រជាពលរដ្ឋស្ម័ត្រចិត្តរុះរើតួបលក់ដូរសរុបចំនួន ៤៤ តួប ក្នុងនោះ ៣៤ តួបលក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង១០តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ ៕

សូមរំលឹកថា ដើម្បីដោះស្រាយចំពោះមុខ រាជរដ្ឋាភិបាល​ បានរៀបចំដី ៦៥០០ឡូតិ៍ នៅរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលបានរុះរើសំណង់ខុសច្បាប់ស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។ យ៉ាងណាក៏ដោយ ការផ្ដល់ជូនដីនេះ ត្រូវស្ថិតតាមលក្ខខណ្ឌច្បាស់លាស់ ហើយត្រូវធ្វើឡើងតាមរយៈការចាប់ឆ្នោត ដោយមិនគិតអ្នកមកមុន ឬក្រោយនោះឡើយ។ ទីតំាងដីថ្មីនៅរុនតាឯក ស្រុកបន្ទាយស្រីនិងមានការអភិវឌ្ឍគ្រប់វិស័យ រួមមានសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។

គួរបញ្ជាក់ផងដែរថា ការរុះរើសំណង់ខុសច្បាប់តំបន់អង្គរនេះ តែចំពោះប្រជាពលរដ្ឋដែលបានសង់សំណង់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងទំហំ ៤០១គីឡូម៉ែត្រ។ តំបន់ទាំងនេះ ចាត់ទុកជាសម្បត្តិសាធារណៈ ដោយត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ៕

ប្រភព: Harbor Property