ផ្សារទំនើប AEON Mall 3 គ្រោងចំណាយទុន ៣០០លានដុល្លារជាមួយផ្ទៃក្រឡាធំជាងមុន
ផ្សារទំនើប AEON Mall 3 គ្រោងចំណាយទុន ៣០០លានដុល្លារជាមួយផ្ទៃក្រឡាធំជាងមុន
ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគផ្សារទំនើប AEON Mall 3 ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន AEON MALL GROUP គ្រោងចំណាយទុន ៣០០លានដុល្លារអាមេរិក ដោយផ្សារនេះនឹងសាងសង់លើផ្ទៃដី ១៨ហិកតា។
បច្ចុប្បន្ននេះក្រុមហ៊ុននេះ កំពុងចាក់ដីបំពេញនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែនយ៉ាងសកម្ម ដើម្បីចាប់់ដំណើរការសាងសង់នាដើមឆ្នាំ២០២០ខាងមុខនេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូប ដែលបានធ្វើការជិតស្និទ្ឋជាមួយក្រុមហ៊ុន EAON MALL និងជាអ្នកនាំចូលសម្ភារៈសំរាប់សាងសង់ផ្សារនេះ និងជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារ និងទំនិញនានាដល់ផ្សារនេះ បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះកាលពីសប្តាហ៍មុនថា ផ្សារទំនើបដ៏ធំនេះនឹងចាប់ផ្តើមសាងសង់នៅកំឡុងខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះ ដោយសារបច្ចុប្បន្នគ្រឿងចក្រនានា និងសម្ភារៈសំណង់បាននាំចូលមកបណ្តើរៗហើយ។
លោកបន្តថា “ផ្សារនេះនឹងចំណាយពេលសាងសង់រយៈពេលពីរឆ្នាំប៉ុណ្ណោះ វាមានទំហំទំជាងផ្សារ AEON MALL 1, AEON MALL 2 ដោយសារផ្ទៃក្រឡាសរុបរបស់ផ្សារនេះមានទំហំរហូតដល់១៨ហិកតា”។ លោកបន្តថា “ដើម្បីដោះស្រាយបញ្ហាចំណតយានយន្ត ក្រុមហ៊ុនបានរចនាយ៉ាងពិសេស ដោយរៀបចំឲ្យមានចំណតយានយន្តនៅជុំវិញផ្សារនេះទាំងមុខ ទាំងក្រោយ និងចំហៀង”។
ទីតាំងរបស់ផ្សារទំនើបនេះ ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ និងមានចម្ងាយហួសពីបុរីប៉េង ហួត ប្រមាណ ២គីឡូម៉ែត្រ និងស្ថិតនៅខាងស្តាំដៃ (បើគិតចេញពីតំបន់ក្បាលថ្នល់)។
តំបន់ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រសរវើកមួយនារយៈពេលពីរទៅ ៣ឆ្នាំខាងមុខ ដោយបច្ចុប្បន្នតំបន់នេះមានផ្សារទំនើបលំដាប់អន្តរជាតិចំនួន៣ កំពុងសាងសង់ ដោយ រួមមាន ផ្សារទំនើបរបស់បុរីប៉េង ហួត ផ្សារទំនើបរបស់ក្រុមហ៊ុនជីព ម៉ុង ផ្សារទំនើប AEON MALL 3 និងផ្សារទំនើបនៅក្នុងគំរោង Urban Village ជាដើម៕
The post ផ្សារទំនើប AEON Mall 3 គ្រោងចំណាយទុន ៣០០លានដុល្លារជាមួយផ្ទៃក្រឡាធំជាងមុន appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area