ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី សាងសង់សម្រេចបាន ៤០,៦៧%
ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មីសម្រេចបាន៤០,៦៧% ហើយគិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាម លោក សុីន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
ការសាងសង់ព្រលានយន្តហោះនេះ អាចនឹងមានការយឺតយ៉ាវបន្តិចបន្តួចជាងផែនការដែល បានគ្រោងទុក ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិន ដែលបានបង្អាក់ដល់ច្រវាក់ផលិតកម្ម ផ្គតផ្គង់សម្ភារៈបរិក្ខារសាងសង់ ហើយតម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញចូល របស់វិស្វករជំនាញ។
នៅក្នុងកិច្ចប្រជុំត្រីមាសទី៣ នៃក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ សម្រាប់ការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបថ្មី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និងពន្លឿនការសាងសង់ ឱ្យបានរួចរាល់តាមផែនការ បើទោះបីជាជួបការលំបាក និងឧបសគ្គយ៉ាងណាក្តី។
សូមបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបានរំពឹងទុកថា នៅខែធ្នូ ឆ្នាំ២០២២ខាងមុខនឹងសម្រេចបាន៧០%។ បើតាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ នេះបើពុំមានឧបសគ្គណាមួយ។
សូមរំលឹកថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរត្រូវបានចាត់ទុកជានិមិត្តរូប នៃចំណងមិត្តភាព កម្ពុជា និងចិន។ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន៣ឆ្នាំ ក្នុងទុនវិនិយោគប្រមាណ៨៨០លានដុល្លារអាមេរិក។