News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

ភាគខាងត្បូងឈៀងខាងលិចក្រុងភ្នំពេញកំពុងទាក់ទាញការវិនិយោគបុរីលំនៅដ្ឋាន


ភាគខាងត្បូងឈៀងខាងលិចក្រុងភ្នំពេញកំពុងទាក់ទាញការវិនិយោគបុរីលំនៅដ្ឋាន

ដោយរ៉ាណេត

ភ្នំពេញៈ តំបន់ភាគខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញបាន និងកំពុងទាក់ទាញការវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានាយ៉ាងសកម្ម ដោយសារលក្ខខ័ណ្ឌភូមិ​សាស្រ្ត និងការវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅតំបន់នេះ។

ធ្លាប់ជាជាតំបន់ជាយក្រុង និងមានការអភិវឌ្ឍន៍ ត្រឹមតែជាសំណង់លំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមកាលពីជាង៣ឆ្នាំមុននោះ ពេលនេះបានប្រែក្លាយរូបរាងជាទីប្រជុំជន និងពេញនិយមលើការអភិវឌ្ឍ ផ្នែកលំនៅដ្ឋានកម្រិតមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់ដ៏មានសក្ដានុពល ដែលនឹងក្លាយទៅជាក្រុងថ្មីនាពេលឆាប់ៗខាងមុខនេះ។

នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោ ជាពិសេសតំបន់ដែលស្ថិតនៅជាប់ផ្លូវលេខ២១៧ បច្ចុប្បន្ននេះកំពុងត្រូវបំពេញទៅដោយគម្រោងសំណង់អគារលំនៅដ្ឋាន និងបុរីតូចធំជាច្រើនគម្រោង ដែលក្នុងនោះរាប់ចាប់ពីគម្រោងលំនៅដ្ឋានកម្រិតមធ្យម រហូតទៅដល់គម្រោងលំនៅដ្ឋានកម្រិតខ្ពស់លំដាប់អភិជន ដែលមានតម្លៃជិតកន្លះលានដុល្លារក្នុងមួយខ្នង។

នៅជុំវិញតំបន់ផ្លូវលេខ២១៧ នៅពេលបច្ចុប្បន្ននេះ គម្រោងសំណង់បុរីធំៗជាច្រើ​នបាន និងកំពុងសម្រុកសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ខ្លួន ដែលក្នុងនោះរួមមានដូចជា គម្រោងបុរីពភពថ្មី គម្រោងក្រុមហ៊ុន VIP គម្រោងបុរីម៉ាលីស គម្រោងបុរីរតនៈ គម្រោងបុរីទាន់សម័យ គម្រោងបុរីម៉ូឌឺន គម្រោងបុរីឧត្តម និងគម្រោងបុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យ GALAXY 11 ។

លោក ហេង ពិសិដ្ឋ នាយកប្រតិបត្តិគម្រោងបុរីលំនៅដ្ឋាន GALAXY 11 ដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងកំពុងតែសម្រុកដំណើរការសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ បានទទួលស្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ ពិតជាមានគម្រោងអភិវឌ្ឍធំៗ ចូលមកកាន់តំបន់នេះប្រាកដមែន ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម។

លោកបានបន្តទៀតថា “គម្រោងរបស់បុរីGALAXY11 ដែលកំពុងសាងសង់នៅពេលនេះ គឺជាប្រភេទលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ដែលមានចែកចេញជា៣ប្រភេទ រួមមានដូចជា ប្រភេទShop House ផ្ទះវីឡាទោល និងវីឡាព្រីនស៍ (Prince) ដោយគ្រប់ប្រភេទនៃផ្ទះទាំងអស់ សុទ្ធតែត្រូវបានរៀបចំរចនាយ៉ាងវិចិត្រពីសំណាក់អ្នកជំនាញ”។

លោកហេង ពិសិដ្ឋបានបន្តទៀតថា ក្រៅពីយកចិត្តទុកដាក់ទៅលើការរចនាម៉ូត  ប្លង់មេរបស់បុរីទាំងមូលដែលធានាថា ស្អាតទំនើបល្អឥតខ្ចោះនោះ នៅក្នុងបុរីក៏មានការស្ថាបនាផ្លូវភ្លោះទំហំ១៣ម៉ែត្រ មានរៀបចំជាកន្លែងកម្សាន្ត សួនច្បារសាធារណៈ មានពិភពបៃតងផ្តល់នូវបរិយាកាសដ៏ល្អ និងខ្យល់ត្រជាក់បក់មកពីស្ទឹង មានអាងហែលទឹក ជាពិសេស មានការរៀបចំជាក្លឹបហាត់ប្រាណបែបទំនើប ដោយមិនចាំបាច់ចំណាយពេលចេញទៅហាត់ប្រាណនៅក្រៅបុរីនោះឡើយ។

គម្រោងបុរី GALAXY 11 នៅក្នុងតំបន់ដ៏មានសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយចំណាយពេលត្រឹម៥នាទីក្នុងការធ្វើដំណើរពីទីតាំង គម្រោងផ្សារទំនើប AEON3 តែប៉ុណ្ណោះ។ ប្រភេទលំនៅដ្ឋានប្រភេទShop House មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារឡើងទៅ។ ប្រភេទលំនៅដ្ឋាន វីឡាទោលមានតម្លៃចាប់ពីជាង១៤ម៉ឺនដុល្លារឡើងទៅ។

ប្រភេទលំនៅដ្ឋាន វីឡា ព្រីនស៍មានតម្លៃចាប់ពីជាង៣០ម៉ឺនដុល្លារឡើងទៅ ដោយគ្រប់ប្រភេទលំនៅដ្ឋានទាំងអស់ លោកអ្នកគ្រាន់តែកក់ត្រឹម៣០ភាគរយ ជាមួយនឹងការបង់រំលស់រយៈ១៨ខែដោយគ្មានការប្រាក់។

លក្ខណៈពិសេសដែលអាចទាក់ទាញចំណាប់អារម្មណ៍ លើការវិនិយោគនៅតំបន់ភាគខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញមួយនេះ គឺរួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជាផ្លូវ៦០ម៉ែត្រ ផ្លូវ៥០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុង រួមជាមួយផ្លូវតូចធំជាច្រើនទៀត ដែលបង្កភាពងាយស្រួលចេញចូលក្រុងភ្នំពេញ ក្រុងតាខ្មៅ ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១។ ក្រៅពីនេះនៅមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបធំៗកម្រិតអន្តរជាតិផងដែរ ដូចជា ផ្សារទំនើប AEON3 ផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េងហួត ផ្សារទំនើបជីពម៉ុងជាដើម។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ដែលជាអ្នកជំនាញក្នុងការវាយតម្លៃ បានទទួលស្គាល់ពីភាពរីកចម្រើននៅក្នុងតំបន់ រួមជាមួយនឹងសក្ដានុពលលើវិស័យលំនៅដ្ឋាន នៅតំបន់ភាគខាងត្បូងក្រុងនេះថា “នៅភាគខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តមានសក្ដានុពល ក្នុងការវិនិយោគលើវិស័យលំនៅដ្ឋា​ន ហើយកាន់តែមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅមុនៗ”។

លោកស្រីបន្តទៀតថា “កាលពីប្រមាណ៣ឆ្នាំមុនតំបន់ខាងលើនេះ ត្រូវបានអ្នកវិនិយោគចាប់អារម្មណ៍ និងវាយតម្លៃថានឹងមានសក្ដានុពលរួចជាស្រេច ស្របពេលដែលវិស័យដីធ្លី នៅទូទាំងតំបន់ជាយក្រុងមានភាពពុះកញ្ជ្រោលកើនតម្លៃ”។

លោកស្រីបានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ បន្ទាប់ពីរដ្ឋាភិបាលអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានធ្វើឱ្យតំបន់ខាងលើនេះ កាន់តែមានភាពទាក់ទាញខ្លាំងលើការវិនិយោគ ស្របពេលដែលកំណើនប្រជាជនចូលទៅរស់នៅ និងប្រកបអាជីវកម្មច្រើន។ លោកស្រីបន្តថា តំបន់ដែលមានប្រមូលផ្តុំទៅដោយទីប្រជុំ គឺដង្ហើមសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរ ដែលកាន់តែជំរុញឱ្យការអភិវឌ្ឍ និងការវិនិយោគមានភាពទាក់ទាញ ហើយនៅថ្ងៃខាងមុខតម្លៃនៅតែបន្តឡើងថ្លៃ ដែលជាឱកាសល្អសម្រាប់អ្នកដែលចង់វិនិយោគយកចំណេញ”៕

The post ភាគខាងត្បូងឈៀងខាងលិចក្រុងភ្នំពេញកំពុងទាក់ទាញការវិនិយោគបុរីលំនៅដ្ឋាន appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area