News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រដ្ឋបាល​ខេត្តកោះកុង​ព្រមាន​ចាត់វិធានការ​សំណង់​ខុសច្បាប់​


រដ្ឋបាល​ខេត្តកោះកុង​ព្រមាន​ចាត់វិធានការ​សំណង់​ខុសច្បាប់​

ដោយ ​វុត្ថា​

កោះ​កុងៈ​ រដ្ឋបាល​ខេត្តកោះកុង​បានឱ្យ​ដឹង​ថា​ កន្លងមក​ការសាងសង់​សំណង់​មួយចំនួន​ មិនបាន​គោរពច្បាប់​ និង​បទបញ្ញត្តិ​ទាក់ទង​ការងារ​នគរូបនីយកម្ម​ និង​សំណង់​ ព្រមទាំង​បាន​សាងសង់​បំពាន​លើ​តំបន់ហាមឃាត់​ទៀតផង​ បណ្តាល​ឱ្យ​មាន​អនាធិបតេយ្យ​ បាត់បង់​សោភ័ណភាព​ទីប្រជុំជន​ទូទាំង​ខេត្ត​។

យោង​តាម​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​សុំច្បាប់​សាងសង់​ ចុះហត្ថលេខា​ដោយ​លោកស្រី​ មិថុនា​ ភូ​ថង​ អភិបាលខេត្ត​កោះកុង​ដែល​គេហទំព័រ​ propertyarea.asia​ ទទួល​បាន​នៅ​ថ្ងៃទី២៣​ ខែតុលា​ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ និង​លិខិត​យោង​ខាងលើ​ រដ្ឋបាល​ខេត្ត​តកោះកុង​ បាន​ដំណឹង​ដល់​សារ​ធា​រណៈ​ជន​ ព្រមទាំង​មន្ទីរ​ អង្គភាព​ ស្ថាប័ន​ និង​ភ្នាក់ងារ​ហិរញ្ញវត្ថុ​ ដែល​មានបំណង​សាងសង់​ ជួសជុល​ និង​សង់​បន្ថែម​នូវ​សំណង់​ ជួសជុល​ និសង់​បន្ថែម​នូវ​សំណង់​របស់​ខ្លួន​ ត្រូវ​អនុវត្ត​តាម​ចំណុច​ដូចជា​

​ទី១​ រាល់​សំណង់​ ទោះបីជា​សំណង់​ឯកជន​ សំណង់​រដ្ឋ​ ឬសំណង់​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្តី​ ដាច់ខាត​ត្រូវ​សុំ​លិខិត អនុញ្ញាត​សាងសង់​ជាមុន​សិន​ ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់ថ្នាក់​ ទើប​អាច​ដំណើរការ​សាងសង់​បាន​ ក្នុង​ន័យ​នេះ​ម្ចាស់​សំណង់​ ពុំ​មាន​សិទ្ធិ​សាងសង់​បណ្តើរ​ ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​បណ្តើរ​នោះ​ឡើយ​។

ទី២​ ចំពោះ​សំណង់​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​រួចហើយ​ ក្នុងរយៈពេល​មួយ​សប្តាហ៍​យ៉ាង​យូរ​ ម្ចាស់​សំណង់​ត្រូវ​មក​បំពេញបែបបទ​ ស្នើសុំ​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សាងសង់​ ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ ទើប​ អាច​ដំណើរការ​សាងសង់​បាន​(លើកលែងតែ​សំណង់​ដែល​ស្ថិតនៅ​ក្នុង​ក្រុង​ ស្រុក​ ដែល​មាន​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ គឺ​ត្រូវ​សុំច្បាប់​បើក​ការដ្ឋាន​ពីរ​ដ្ឋ​បាល​ក្រុង​ ស្រុក​នោះ​) ។ ប្រសិនបើ​ ពុំ​មាន​លិខិត អនុញ្ញាត​បើក​ការដ្ឋាន​សាងសង់​ទេ​ សំណង់​នោះ​មិន​អាច​ដំណើរការ​សាងសង់​បាន​ឡើយ​។

ទី៣​ សំណង់​ដែល​មាន​លិខិត​អនុញ្ញា​សាងសង់​ ត្រូវ​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គម្រោង​ប្លង់​ដែល​បាន​អនុញ្ញាត​។ ករណី​ការសាងសង់​មិន​ត្រឹមត្រូវ​តាម​គម្រោង​ប្លង់​ មន្ទីរ​រៀបចំ​ដែនដី​នរូ​បនី​យក​ម្ម​សំណង់​ និង​សុរិយោដី​ខេត្ត​ មាន​សិទ្ធិ​ផ្អាក​ការដ្ឋាន​សំណង់​នោះ​ជា​បណ្តោះអាសន្ន​ ហើយ​តម្រូវ​ឱ្យ​ម្ចាស់​សំណង់​កែតម្រូវ​សំណង់​របស់​ខ្លួន​អោយ​បាន​ត្រឹមត្រូវ​ឡើងវិញ​តាម​គម្រោង​។

ទី៤​ ចំពោះ​សំណង់​ដែល​បាន​ផ្អាក​ការដ្ឋាន​សាងសង់​ ដើម្បី​ធ្វើការ​កែតម្រូវ​ ត្រូវ​មក​សុំ​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​ បន្ត​ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ ទើប​អាច​សាងសង់​បាន​។ ទី៥សំណង់​ដែល​ជួស​ជូល​ ឬសាងសង់​បន្ថែម​ ម្ចាស់​សំណង់​ត្រូវ​សុំ​លិខិតអនុញ្ញាត​ ពី​សមត្ថកិច្ច​ជំនាញ​ជាមុន​សិន​ ទើប​អាច​សាងសង់​ និង​ជួសជុល​បាន​។ ទី៦​ គ្រប់ការ​ដ្ឋាន​សំណង់​ត្រូវ​ធ្វើ​កា​រហ៊ុ​ព័ទ្ធ​ការដ្ឋាន​ និង​ទុកដាក់​គ្រឿងសំណង់​ឱ្យ​បាន​ត្រឹមត្រូវ​ ជៀសវាង​ការ​ទុកដាក់​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ដែល​នឹង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។

ទី៧​ ក្រុម​ជាង​សាងសង់​សំណង់​ ត្រូវ​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់​ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ឬមន្ទីរ​រៀបចំ​ដែន​ដែនដី​គរូប​នី​យក​ម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​នៅ​មាន​សុពលភាព​តាមផ្លូវ​ច្បាប់​។ ទី៨​ ហាម​ដាច់ខាត​មិន​ឱ្យ​សាងសង់​លើ​ដី​ ដែល​មាន​លក្ខណៈ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ និង​ដី​តំបន់ហាមឃាត់​ដូចជា​៖ ដី​បម្រុង​ជីក​រ៉ែ​ ដី​តំបន់​ព្រៃឈើ​ ទំនប់ទឹក​បុរាណវិទ្យា​សាស្ត្រ​ ដី​បម្រុង​ធ្វើ​សួន​ ឧទ្យាន​សាធារណៈ​ ដី​បម្រុងទុក​ធ្វើ​ផ្លូវ​ ដី​ចំណី​ផ្លូវ​ ដី​ទីធ្លា​ គល់​ស្ពាន​ ដី​ព្រែក​ ដី​បឹង​ ត្រពាំង​ អូរ​ ស្ទឹង​ ដី​ឆ្នេរ​ច្រាំង​មាត់សមុទ្រ​។ល។

ទី៩​ សំណង់​សត្វឃាត​ សំណង់​ចិញ្ចឹមសត្វ​សម្រាប់​ធ្វើអាជីវកម្ម​គ្រប់​ប្រភេទ​ ដែល​បង្ក​រប៉ះ​ពាល់​ ដល់​បរិស្ថាន​ និង​ប្រជាពលរដ្ឋ​ត្រូវ​សាងសង់​ឆ្ងាយ​ពីទី​ប្រជុំជន​យ៉ាងតិច​ ២ គីឡូម៉ែត្រ​។ ទី១០​ រាល់​សំណង់​ត្រូវ​បំពាក់​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​។ ប្រព័ន្ធ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ មិន​អាច​តភ្ជាប់​ដោយ​ផ្ទាល់​ ជាមួយនឹង​ប្រព័ន្ធ​លូ​បង្ហូរទឹក​សាធារណៈ​ បាន​ឡើយ​។ ទី១១​ រាល់​សំណង់​ទាំងឡាយ​ណា​ ដែល​បំពាន​លើ​សេចក្តី​ជូនដំណឹង​នេះ​ រដ្ឋបាល​ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ ខេត្ត​ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ នឹង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជាធរមាន​៕

The post រដ្ឋបាល​ខេត្តកោះកុង​ព្រមាន​ចាត់វិធានការ​សំណង់​ខុសច្បាប់​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area