រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញផែនការកាត់បន្ថយការកកស្ទះនៅតំបន់ក្បាលថ្នល់
រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញផែនការកាត់បន្ថយការកកស្ទះនៅតំបន់ក្បាលថ្នល់
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាដំណោះស្រាយបញ្ហាកកស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់ជារៀងរាល់ថ្ងៃ ជាប់ជាប្រចាំនៅតំបន់ក្បាលថ្នល់ សាលារាជធានីភ្នំពេញបានជំរុញសកម្មភាពសាងសង់ផ្លូវរំដោះ និងស្ពានអាកាសវាងបន្ថែមពីលើស្ពានដែលមានស្រាប់ ដើម្បីកាត់បន្ថយបញ្ហាដែលកំពុងកើតមានតាមដែលអាចមានលទ្ធភាពធ្វើទៅបាន។
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ បានបើកកិច្ចពិភាក្សាលើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌ៥កណ្ដាលរាជធានីភ្នំពេញ ដើម្បីសិក្សាប្រព័ន្ធលំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលសព្វថ្ងៃនេះចរាចរណ៍មានភាពមមាញឹកខ្លាំងត្រង់ចំនុចទីប្រជុំជន។
បច្ចុប្បន្ន រដ្ឋបាលសាលារាជធានីភ្នំពេញ បាន និងកំពុងតែជំរុញសកម្មភាពសាងសង់ខ្នែងស្ពានអាកាសក្បាលថ្នល់ទី១ ដើម្បីអនុញ្ញាតឱ្យអ្នកបញ្ជាយានយន្តអាចធ្វើការបត់ឆ្វេងបាន ដើម្បីចូលរួមការកកស្ទះនៅត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ដែលរហូតមកដល់ពេលនេះ ឈានដល់ដំណាក់ក្រាលពុម្ពចាក់បេតុងបាត។
នៅក្នុងគម្រោងសាងសង់របស់រដ្ឋបាលសាលារាជធានីភ្នំពេញ តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូន ស្ពានអាកាសក្បាលថ្នល់ចាប់ពីមហាវិថីព្រះមុនីវង្ស ទៅមហា វិថីព្រះនរោត្តមមានប្រវែង៧៧ម៉ែត្រ។ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពាន ដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
បន្ថែមពីនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានធ្វើការដោះស្រាយនូវសំណង់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានប៉ះពាល់នឹងគម្រោងសាងសង់ និងពង្រីកផ្លូវបន្ថែមនៅចំណុចផ្លូវ៦០ម៉ែត្រ ភ្ជាប់ជាមួយផ្លូវ២៧១ និងផ្លូវមុន្នីវង្ស រួចរាល់ហើយ ដោយការផ្តល់ជូននូវផ្ទះល្វែងមួយគ្រួសារមួយខ្នង។
ជាមួយគ្នានេះដើម្បីជាដំណោះស្រាយការកកស្ទះនៅតាមបណ្តាផ្លូវមួយចំនួនដែលស្ថិតនៅក្នុងខណ្ឌចំនួន៥ នៅកណ្តាលរាជធានីភ្នំពេញ រដ្ឋបាលសាលាក្រុង ក៏បានសម្រេចលើកជាគម្រោងរៀបចំចញ្ចើមផ្លូវជា២គន្លង ដោយមួយគន្លងសម្រាប់អ្នកថ្មើរជើង ហើយមួយគន្លងទៀតសម្រាប់អនុញ្ញាតឱ្យម៉ូតូបើកបរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដោយជាជំហានដំបូងនឹងអនុវត្តនៅក្នុងខណ្ឌចំនួន៥។
ខណ្ឌទាំងអាទិភាពទាំង៥ដែលស្ថិតនៅក្នុងគម្រោងនេះរួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌបឹងកេងកង៕
The post រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញផែនការកាត់បន្ថយការកកស្ទះនៅតំបន់ក្បាលថ្នល់ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area