រដ្ឋមន្ត្រីក្រសួងដែនដី លើកទឹកចិត្តឱ្យស្ថាបត្យករជួយភ្ជាប់នូវរចនាបថខ្មែរទៅក្នុងគ្រប់ប្លង់គំរូសំណង់
រដ្ឋមន្ត្រីក្រសួងដែនដី លើកទឹកចិត្តឱ្យស្ថាបត្យករជួយភ្ជាប់នូវរចនាបថខ្មែរទៅក្នុងគ្រប់ប្លង់គំរូសំណង់
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញ និងលើកទឹកចិត្តទៅដល់បណ្តាក្រុមហ៊ុន ជាពិសេសស្ថាបត្យករដែលមានជំនាញក្នុងការគូរប្លង់គំរូសំណង់ផ្សេងៗ គួរបញ្ចូល និងភ្ជាប់ជាមួយរចនាបថខ្មែរ ដើម្បីជាការចូលរួមគាំទ្រដល់អត្តសញ្ញាណជាតិ ក៏ដូចជាលើកកម្ពស់ប្រពៃណី និងវប្បធម៌ខ្មែរផងដែរ។
ស្ថាបត្យកម្មសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះបានបង្ហាញពីភាពរីកចម្រើន និងគំនិតច្នៃប្រឌិតរបស់ស្ថាបត្យករជំនាញដោយមានរួមបញ្ចូលនូវការស្រមើលស្រមៃទៅតាមក្បួនខ្នាតយ៉ាងត្រឹមត្រូវ ដើម្បីបង្កើតបានគម្រោងសំណង់អគារនានាដែលមានភាពល្អឥតខ្ចោះ និងធានាបាននូវការចាប់អារម្មណ៍ក្នុងរយៈពេលវែង។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការកោតសរសើរ និងគាំទ្រទៅលើភាពរីកចម្រើននៃគំនិតច្នៃប្រឌិតរបស់បណ្តាស្ថាបត្យករខ្មែរជំនាន់ក្រោយ ដោយក្នុងនោះលោកក៏បានជំរុញ និងលើកទឹកចិត្តឱ្យមានការភ្ជាប់រចនាបថខ្មែរទៅនឹងស្ថាបត្រកម្ម ក្នុងគោលបំណងចូលរួមគាំទ្របង្ហាញអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ។
មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ ជូនអ្នកមានវិជ្ជាជីវៈក្នុងវិស័យសំណង់ លើទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបញ្ជូនរចនាបថខ្មែរជាមួយនឹង អគារសម័យទំនើបនេះ គឺនឹងធ្វើឱ្យអគារនោះកាន់តែមានសោភ័ណភាពស្រស់ស្អាត និងទាក់ទាញ ហើយជួយថែរក្សាតម្លៃវប្បធម៌ខ្មែរថែមទៀតផង។ លោកបានបញ្ជាក់ថា “យើងចង់បានឱ្យមានការផ្សារភ្ជាប់នូវអត្តសញ្ញាណជាតិរបស់យើង មានន័យថា ទាំងអ្នកគូរ ទាំងអ្នកត្រួតពិនិត្យ សូមអំពាវនាវជួយបំពាក់ខ្លះៗ មិនមែនទាំងស្រុងទេ ។ ក៏ប៉ុន្ដែ អ្វីដែលជាផលប្រយោជន៍ គឺគាំទ្រទៅដល់អត្តសញ្ញាណជាតិ ការលើកកម្ពស់ទៅដល់វិស័យរបស់យើង កើតនៅក្នុងដីព្រះរាជាណាចក្រកម្ពុជា គឺផ្សារភ្ជាប់នូវអត្តសញ្ញាណណាមួយក៏បានដែរ មិនមែនទាំងស្រុង នឹងឱ្យមានការផ្សារភ្ជាប់ខ្លះ កុំឱ្យមើលទៅវាមិនមែនស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹក ចំពោះវិស្វករទាំងអស់ នៅពេលបើកការដ្ឋានសាងសង់អគារ បញ្ហាចំបងត្រូវគិតគូរ គឺរឿងប្រព័ន្ធបង្ហូរទឹកកខ្វក់ សម្លាប់មេរោគ មុននឹងបង្ហូរចូលលូសាធារណៈ កុំឱ្យមានជាតិពុល ជាពិសេស ការពារបរិស្ថាន ដើម្បីសុខភាពប្រជាជន។ គ្រប់ការដ្ឋានសំណង់ទំាងអស់ ត្រូវមានវិស្វករប្រចាំការចំនួន២នាក់ក្នុងមួយការដ្ឋាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ហើយបើសិនគ្មានវិស្វករ នៅប្រចាំការទេ ការដ្ឋាននោះនឹងប្រឈមការចុះបិទភ្លាមៗ ព្រោះតាមច្បាប់នៃវិស័យសំណង់ គឺត្រូវធានានូវសុវត្ថិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាង់សង ដែលធានាផលប្រយោជន៍ជាបុគ្គល ធានាផលប្រយោជន៍សាធារណៈ៕
The post រដ្ឋមន្ត្រីក្រសួងដែនដី លើកទឹកចិត្តឱ្យស្ថាបត្យករជួយភ្ជាប់នូវរចនាបថខ្មែរទៅក្នុងគ្រប់ប្លង់គំរូសំណង់ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area