រដ្ឋមន្ត្រីសាធារណៈការស្នើឱ្យជប៉ុនវិនិយោគបណ្តាញរថភ្លើងនៅក្នុងទីក្រុងភ្នំពេញ
រដ្ឋមន្ត្រីសាធារណៈការស្នើឱ្យជប៉ុនវិនិយោគបណ្តាញរថភ្លើងនៅក្នុងទីក្រុងភ្នំពេញ
ដោយ វុត្ថា
ហាណូយ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើភាគីជប៉ុនពិនិត្យលទ្ធភាពវិនិយោគបណ្តាញរថភ្លើងទីក្រុងភ្នំពេញ ដើម្បីសម្រួលការធ្វើដំណើរ និងបន្ថយការស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងជំនួបពិភាក្សាជាមួយ លោក Minorikawa Nobuhide អនុរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ខណៈចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីជឹកជញ្ជូនអាស៊ានលើកទី២៥ និងកិច្ចប្រជុំជាមួយដៃគូពិភាក្សាពាក់ព័ន្ធ នៅទីក្រុងហាណូយ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ បានសម្តែងនូវអណរគុណដ៏ជ្រាលជ្រៅចំពោះការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ពិសេសនៅក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងកំពង់ផែ។
លោកទេសរដ្ឋមន្ត្រីបានផ្តល់តម្លៃខ្ពស់ចំពោះជំនួយរបស់ភាគីជប៉ុននាពេលថ្មីៗនេះ សំរាប់សាងសង់ស្ថានីយចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ និងស្នើសុំភាគីជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់នៅខេត្តមួយចំនួន និងខេត្តជាប់សមុទ្រ ដូចជា កំពត និងកោះកុង ផងដែរ។
ភាគីទាំងពីរបានកត់សម្គាល់លើភាពជឿនលឿន នៃដំណើរការពង្រីក និងធ្វើទំនើបកម្មកំពង់ផែកម្ពុជា និងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរទិន្នន័យតាមអេឡិចត្រូនិចសំរាប់នាវាចេញចូលកំពង់ផែក្រោមជំនួយជប៉ុន។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការរៀបចំផែនការមេកំពង់ផែរបស់ជាតិ ជាពិសេសការរៀបចំផែនការមេកំពង់ផែក្រុងព្រះសីហនុ។
លោករដ្ឋមន្រ្តីបានជម្រាបភាគីជប៉ុន អំពីគម្រោងបង្កើតឡើងវិញនូវវិទ្យាស្ថានសាធារណការ និងដឹកជញ្ជូន និងស្នើសុំជួយការបណ្តុះបណ្តាលលើផ្នែកវិស្វកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន។
ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តីបានស្នើសុំភាគីជប៉ុនផ្តល់នូវអ្នកជំនាញខាងលើសំរាប់បណ្តុះបណ្តាលមន្រ្តីកម្ពុជា និងជួយបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានខាងលើ។
ភាគីទាំងពីរបានសម្តែងការកោតសរសើរខ្ពស់ ចំពោះកិច្ចសហការល្អរវាងក្រសួងទាំងពីរ ជាពិសេស JICA កន្លងមក និងបានសន្យាជំរុញបង្កើនកិច្ចសហប្រតិបត្តិការទាំងនេះឲ្យកាន់តែប្រសើរថែមទៀតនាពេលអនាគត និងបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ព ផ្លូវថ្នល់-ស្ពាន សុវត្ថិភាពចរាចរណ៍ ប្រព័ន្ធទឹកកខ្វក់ និងកំពង់ផែ។
ភាគីទាំងពីរបានកត់សម្គាល់លើអត្ថប្រយោជន៍នៃការសាងសង់ផ្លូវ ស្ពាន ការស្តារ និងជួសជុលផ្លូវក្រោមជំនួយជប៉ុន ពិសេស ដំណើរការសាងសង់ពង្រីកផ្លូវជាតិលេខ៥ ប្រវែង៣៦៦ គ.ម ដែលកំពុងប្រព្រឹត្តទៅ៕
The post រដ្ឋមន្ត្រីសាធារណៈការស្នើឱ្យជប៉ុនវិនិយោគបណ្តាញរថភ្លើងនៅក្នុងទីក្រុងភ្នំពេញ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area