រដ្ឋសភាជំរុញប្រធានក្រុមហ៊ុន Yunnan ពន្លឿនការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប
រដ្ឋសភាជំរុញប្រធានក្រុមហ៊ុន Yunnan ពន្លឿនការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប
ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋសភាកម្ពុជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Holding Group Co. Ltd ពន្លឿនការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបឱ្យបានឆាប់ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនទៅមក តាមផ្លូវអាកាសពីបណ្ដាប្រទេសផ្សេងៗ មកកាន់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់នេះឲ្យកាន់តែប្រសើរឡើង។
លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាលោក Qiu Lujun ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Holding Group Co. Ltd កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ បានមានប្រសាសន៍អរគុណ និងសម្តែងនូវការគាំទ្រចំពោះការវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ សៀមរាបថ្មីនេះ។
លោក Qiu Lujun ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Holding Group Co. Ltd បានមានប្រសាសន៍ថា គោលបំណងដែលលោកអញ្ជើញមកជួបជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា នាពេលនេះ គឺដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពនៃដំណើរការ កសាងព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប ជូនគណៈកម្មការបានជ្រាប។
គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មី ត្រូវសាងសង់នៅក្នុងភូមិសាស្រ្ត ស្រុកសូទ្រនិគមខេត្ត សៀមរាប ដែលមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប លើផ្ទៃដីសរុប៧០០ហិតា។
គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគជិត ៩០០លានដុល្លារអាមេរិក នឹងឆ្លើយតបបានទៅនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាធ្លាប់បានមានប្រសាសន៍ថា ព្រលានយន្តហោះថ្មីនេះ នឹងដើរតួនាទីកាន់តែមានសារៈសំខាន់ក្នុងការលើកកំពស់ពាណិជ្ជកម្ម និងលំហូរភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន ដោយព្រលានយន្តហោះថ្មីនេះនឹងទាក់ទាញជើងហោះហើរធំៗ អាចចុះចតបាននៅកម្ពុជា។
លោកស្រីបន្តថា “កាលណាមានព្រលានថ្មី នឹងមានជម្រើសកាន់តែច្រើនសំរាប់សេវាអាកាសចរណ៍ ហើយក្រុមហ៊ុនវិនិយោគព្រលានថ្មីនេះ នឹងព្យាយាមទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗកាន់តែច្រើន មកចុះចតនៅព្រលានយន្តហោះរបស់ខ្លួន”៕
The post រដ្ឋសភាជំរុញប្រធានក្រុមហ៊ុន Yunnan ពន្លឿនការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area