News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

រដ្ឋាភិបាលកំពុងតែរៀបចំផែនការស្ដារ និងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ


រដ្ឋាភិបាលកំពុងតែរៀបចំផែនការស្ដារ និងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ

ដោយ ៖ រ៉ា​ណេ​ត

បាត់ដំបង ៖ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​ការចង្អុលបង្ហាញ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បច្ចុប្បន្ន មន្ត្រី​ជំនាញ​ផ្នែក​អាកាសចរ​ស៊ីវិល បាន និង​កំពុង​រៀបចំ​ផែនការ​ស្នើសុំ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច ដើម្បី​ស្ដារ និង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​ខេត្តបាត់ដំបង ដើម្បី​សម្រួល និង​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ក្នុងស្រុក។

អគ្គនាយករង​បច្ចេកទេស រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ថា អាកាសយានដ្ឋាន​ខេត្តបាត់ដំបង​នៅពេល​បច្ចុប្បន្ននេះ គឺជា​ប្រភេទ​អាកាសយានដ្ឋាន​ក្នុងស្រុក មាន​លក្ខណៈ​តូចចង្អៀត និង​ទ្រុឌទ្រោម ដែល​យើង​ត្រូវតែ​ពិនិត្យ ដើម្បី​ស្ដារ និង​កែលម្អរ​ឡើងវិញ​ឱ្យស្រប​តាម​ទៅ​ស្ដង់ដារ​អន្តរជាតិ ដែល​ការផ្តួចផ្ដើម​នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ទទួលបន្ទុក​អាកាសចរ​ស៊ីវិល បានប្រគល់​ការងារ​ឱ្យ​ក្រុមមន្ត្រី​ជំនាញ ដើម្បី​លើកសំណើរ ថា​តើ​ត្រូវ​កែលម្អរ និង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​មួយ​នេះ​របៀប​ណា។

លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍ថា “ជា​ជំហាន​ដំបូង​យើង​គិតថា ត្រូវ​ស្ដារឡើងវិញ​ដើម្បី​ឱ្យបាន​គ្រប់​ស្ដង់ដារ​សុវត្ថិភាព​ត្រឹម​កម្រិត 3C ដែល​យើង​អាច​ទទួល​ចុះចត​យន្តហោះ​ក្នុងស្រុក​ប្រកបដោយ​សុវត្ថិភាព។ បន្ទាប់មកទៀត យើង​បាន​ពិនិត្យមើល​ផែនការអភិវឌ្ឍន៍​រប​ស់​នគរូបនីយកម្ម​នៅ​ខេត្តបាត់ដំបង ដែល​បានបង្ហាញ​ពី​ភាពសមស្រប ទៅនឹង​ផែនការ​នៃ​ការអភិវឌ្ឍ និង​យល់ស្រប​ក្នុងការ​កែសម្រួល និង​ស្តារ​អាកាសយានដ្ឋាន​មួយ​នេះ​ឡើងវិញ​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ខ្លី និង​មធ្យម ប៉ុន្តែ​សម្រាប់​រយៈពេល​វែង គឺ​ចាំបាច់​ត្រូវតែមាន​ការផ្លាស់ប្ដូរ​ទីតាំង​ថ្មី។

លោក​បាន​បញ្ជាក់ទៀតថា “បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ទិដ្ឋភាព​បច្ចេកទេស និង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ យើង​បានរៀបចំ​សំណើរ​ដើម្បី​ដាក់ជូន​គណៈកម្មការ​គោល​នយោបាយ​សេដ្ឋកិច្ច​ក្នុងការ​អនុញ្ញាត​ជាគោលការណ៍​ឱ្យ​យើង​បាន​ស្ដារ និង​កែលម្អរ​អាកាសយានដ្ឋាន​ក្នុង​ខេត្តបាត់ដំបង​នេះ​ឡើងវិញ ហើយ​បច្ចុប្បន្ន ផែនការ​នេះ​កំពុងតែ​ត្រូវបាន​ដំណើរ​ត្រួតពិនិត្យ”។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី៦ នៅ​ខេត្តបាត់ដំបង​ថា “បើទោះបី​រយៈពេល​នេះ​មិនទាន់​ត្រូវការ ក៏ប៉ុន្តែ​នៅពេល​ខាងមុខនេះ យើង​ច្បាស់​ជា​ត្រូវការ​នូវ​ព្រលានយន្តហោះ សម្រាប់​ខេត្តបាត់ដំបង។ ដូច្នេះ​បានជា​ខ្ញុំ​ស្នើ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត ស្នើឱ្យ​សម្តេច​ក្រឡាហោម ស ខេង យកចិត្តទុកដាក់​ទៅលើ​ការគ្រប់គ្រង ដីធ្លី​នៅក្នុង​តំបន់​នេះ និង​ជៀសវាង​នូវ​ការកសាង​សំណង់​ខ្ពស់ ដែល​វា​អាច​ប៉ះពាល់​ដល់​ការហោះហើរ នៅពេលដែល​យើង​ពង្រីក​នូវ​ព្រលានយន្តហោះ​មួយ​នេះ”។

សម្តេច​តេ​ជោ​បាន​បន្តទៀតថា “បើទោះបី​ព្រលានយន្តហោះ​បាត់ដំបង មិនអាច​ក្លាយជា​ព្រលានយន្តហោះ​អន្តរជាតិ​ក្តី ប៉ុន្តែ​នៅពេល​ប្រជាជនមាន​ការរីកចម្រើន​ផ្នែក​ជីវភាព តម្រូវការ​ធ្វើដំណើរ​រ​បស់​ប្រជាពលរដ្ឋ​កាន់តែ​ខ្ពស់ ដូច្នេះ​តម្រូវឱ្យមាន​ការហោះហើរ​ក្នុងស្រុក ទើបត្រូវ​រៀបចំ​ចក្ខុវិស័យ​ទុកជាមុន​បែបនេះ” ៕

The post រដ្ឋាភិបាលកំពុងតែរៀបចំផែនការស្ដារ និងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area