រដ្ឋាភិបាលបានកែសម្រួលប្លង់មេអភិវឌ្ឍន៍តំបន់តារាសាគរខេត្តកោះកុង
រដ្ឋាភិបាលបានកែសម្រួលប្លង់មេអភិវឌ្ឍន៍តំបន់តារាសាគរខេត្តកោះកុង
ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបានបើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យពិភាក្សាលើសំណើសុំកែសម្រួលប្លង់មេអភិវឌ្ឍន៍តំបន់ទេសចរណ៍ ស្ថិតស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Union development Group Co.,Ltd។
កិច្ចប្រជុំអន្តរក្រសួងបានពិនិត្យពិភាក្សា លើការកែសម្រួលគម្រោងប្លង់មេអភិវឌ្ឍន៍តារាសាគរ ខេត្តកោះកុង ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដែលដឹកនាំដោយ សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាមគេហទំព័ត៌របស់ក្រុមហ៊ុន Union development Group Co.,Ltd ដែលបានចុះផ្សាយកាលពីកន្លងមកនេះបានឱ្យដឹងថា ប្លង់មេនៃតំបន់ពិសោធន៍ការអភិវឌ្ឍ វិនិយោគចម្រុះកម្ពុជា-ចិន ឬតំបន់វិស្សមកាលទេសចរណ៍តារាសាគរកម្ពុជា ត្រូវបានបែង ចែកជា៧ផ្នែក ត្រូវបានកំណត់ជា ”អន្តរប្រតិបត្តិការ” ក្នុងវេទិការសហប្រតិបត្តិការវិនិយោគ និងជាយុទ្ធសាស្រ្តរវាងចិន-កម្ពុជា។
គេហទំព័រនេះបានបន្តថា “ប្រទេសកម្ពុជាគឺជាគន្លឹះដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍សម្រាប់ប្រទេសចិន ក្នុងការតភ្ជាប់ទៅអឺរ៉ុប អាស៊ីនិងអាហ្រ្វិកក្នុងយុទ្ធសាស្រ្ត”ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់ សម្រាប់យុទ្ធសាស្រ្ត”ចាកចេញ” នៃក្រុមហ៊ុនចិនទៅកាន់ អាស៊ីអាគ្នេយ៍”។
វេទិកាសហប្រតិបត្តិការវិនិយោគ និងជាយុទ្ធសាស្រ្តរវាងចិន-កម្ពុជា ក៏បានក្លាយទៅជាវេទិកាយុទ្ធសាស្រ្តដ៏សំខាន់ សម្រាប់ប្រទេសចិន ក្នុងការនាំចេញនូវសមត្ថភាពផលិតកម្មនិង សេវាគ្រប់គ្រងបច្ចេកទេសទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ជាគំរូដ៏ល្អសម្រាប់យន្តការកិច្ចសហប្រតិបត្តិការចិន – អាស៊ាន ដើម្បីកសាងទំនាក់ទំនងជាយុទ្ធសាស្រ្តគ្នានឹងគ្នា។ គម្រោងនេះ ក្លាយ ជាតំបន់ស្នូលនៅក្នុងច្រករបៀងសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា។
គេហទំព័រដដែលបញ្ជាក់ថា “គម្រោងនឹងអភិវឌ្ឍន៍ដំណាក់កាលដំបូង ស្ថិតនៅលើផ្ទៃដី៦៨០០ហិកតា ដែលស្ថិតនៅកែងនៃដីដែលមានរាងជាអក្សរ L។ ថ្ងៃអនាគតនឹងក្លាយជាចំណុចកណ្តាលនៃទីក្រុង ដែលធ្វើឲផ្នែកទាំងសងខាងនៃទីក្រុងមានការអភិវឌ្ឍន៍។ នឹងក្លាយជាទីក្រុងចម្រុះសម្រាប់ការរស់នៅ ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្មនិងឧស្សាហកម្ម”។
ក្រុមហ៊ុន UNION Development Group Co., Ltd. Cambodia បានបោះទុនវិនិយោគទឹកប្រាក់១,២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» កាលពីដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ១,២០០ហិកតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះ ដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូទំនើប បឹងកាឡូ ការិយាល័យធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។
ក្រុមហ៊ុន UNION Development Group Co., Ltd បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ៣៦,០០០ហិចតា៕
The post រដ្ឋាភិបាលបានកែសម្រួលប្លង់មេអភិវឌ្ឍន៍តំបន់តារាសាគរខេត្តកោះកុង appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area