រដ្ឋាភិបាលលើកទឹកចិត្តដល់វិស័យឯកជនក្នុងការសាងសង់លំនៅឋានតម្លៃសមរម្យបន្ថែមទៀត
រដ្ឋាភិបាល លើកទឹកចិត្តដល់វិស័យឯកជន ដើម្បីសាងសង់លំនៅឋានប្រកបដោយចីរភាព និងមានតម្លៃសមរម្យរហូតដល់ទៅ ១លានយូនីតបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
គោលនយោបាយនេះត្រូវបានពិភាក្សាក្នុងសិក្ខាសាលា Rainmaking Cambodia តាមប្រព័ន្ធវីដេអូដោយលោកបេងហុង សុជាតិខេមរ៉ូអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្មីៗនេះ។
ក្នុងបទបង្ហាញលោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើនគេហដ្ឋានដែលមានតំលៃសមរម្យ ជាពិសេសក្នុងទីក្រុង4ធំៗ ដូចជាភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបង។
តាមប្រភពដដែលបានឱ្យថា រដ្ឋាភិបាលកំពុងពិនិត្យលើការលើកលែងពន្ធ និងការលើកទឹកចិត្តផ្សេងៗ ដូចជាការកាត់បន្ថយពន្ធកាត់ទុក ប្រាក់ចំណូល និងអាករលើតម្លៃបន្ថែម សម្រាប់ក្រុមហ៊ុន ដែលបានរៀបចំវិនិយោគក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យ។
គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដូចជាការ តភ្ជាប់ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក ប្រព័ន្ធបង្ហូរទឹកលូ ក៏ដូចជាការកែលម្អបណ្តាញអគ្គិសនីជាតិដើម្បីផ្ដល់នូវមូលដ្ឋានចាំបាច់ សម្រាប់ការកសាងលំនៅឋាន ដែលមានតំលៃសមរម្យ។
ដើម្បីទទួលស្គាល់ថាជាគម្រោងលំនៅឋានមានតម្លៃសមរម្យ ត្រូវមានតម្លៃក្នុងរង្វង់ ៣ ម៉ឺនដុល្លារអាមេរិក តាមនិយមន័យជាសកលនៃគេហដ្ឋាន តម្លៃសមរម្យដោយផ្អែកលើប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន។
ក្នុងបទបង្ហាយ លោករដ្ឋមន្ត្រីអមដោយប្រធានសមាគមអចលនទ្រព្យកម្ពុជាបានលើកឡើងពីឧបសគ្គ ជាច្រើនក្នុងការបង្កើតលំនៅឋានដែលប្រជាពលរដ្ឋអាចមានលទ្ធភាពទិញ ជាពិសេសទៅលើអត្រាការប្រាក់ខ្ពស់ និងតម្លៃជាដើម។
បច្ចុប្បន្ន អត្រាការប្រាក់នៃកម្ចីទិញផ្ទះនៅក្នុងប្រទេសកម្ពុជាគឺ ៨ ភាគរយ ដោយលោកបានស្នើថារដ្ឋាភិបាល និងធនាគារជួយសម្រួលដើម្បីកាត់បន្ថយតម្លៃដើម ដល់អ្នកទិញលើកដំបូង។
យោងតាមទិន្នន័យប្រចាំឆ្នាំ២០២១របស់ Salary Explorer ដែលជាគេហទំព័រប្រៀបធៀបប្រាក់ខែលំដាប់អន្តរជាតិ និងប្រភពការងារសម្រាប់និយោជិក និងនិយោជក ប្រាក់ឈ្នួលជាមធ្យមនៅកម្ពុជាខ្ទង់ប្រហែល ៨១២ ដុល្លារ ក្នុងមួយខែ ប៉ុន្តែមានប្រជាជនចំនួន ២៥ ភាគរយទៀតរកប្រាក់ចំណូលតិចជាង ៤៩០ ដុល្លារក្នុងមួយខែ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក៏បានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករកាត់ដេរចំនួន ១៩២ ដុល្លារក្នុងមួយខែ។