លោកស៊ុន ចាន់ថុលបន្តត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ ដើម្បីធានាបានគុណភាពរឹងមាំយូរអង្វែង
លោកស៊ុន ចាន់ថុលបន្តត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ ដើម្បីធានាបានគុណភាពរឹងមាំយូរអង្វែង
ដោយៈ រ៉ាណេត
កំពតៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ ដើម្បីប្រាកដថា ក្រុមហ៊ុនធានាការសាងសង់ត្រូវបានធ្វើឡើងស្រប ទៅតាមការកំណត់នៃបទដ្ឋានយ៉ាងពិតប្រាកដ និងអាចធានាគុណភាពប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត។
កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មួយខ្សែនេះ មានប្រវែងសរុបជាង១៣៤គីឡូម៉ែត្រ ក្នុងនោះប្រវែង៦៩គីឡូម៉ែត្រចាប់ពីចោមចៅ ដល់ចំណុចផ្លូវបំបែកបាយគូស ត្រូវសាងសង់ជាផ្លូវ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពតប្រវែង៦៥,៧៩៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង។
គម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ២១៩,៩១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ។
មានប្រសាសន៍នាក្នុងឱកាស ចុះពិនិត្យស្ថានភាពស្ថាបនាជួសជុលផ្លូវលោក ស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា “ផ្លូវមានការខូចខាតដោយសារកត្តាអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ជោគជាំ តំបន់ខ្លះមានប្រភេទដីទន់ (ដីស្អុយ) ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានធ្វើឱ្យផ្លូវឆាប់ទទួលរងការខូចខាត”។
លោកបានបន្តទៀតថា “ឈានចូលដល់ផុតរដូវភ្លៀង យើងនឹងសម្រុកធ្វើផ្លូវជាតិលេខ៣ នេះជាប្រភេទបេតុងកៅស៊ូ (AC) ដែលមានគុណភាពប្រើប្រាស់រហូតដល់១២ឆ្នាំ ហើយបច្ចុប្បន្ន យើងធ្វើការជួសជុលបណ្តោះអាសន្ន ដើម្បីជួយសម្រួលបងប្អូនធ្វើចរាចរណ៍”។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ផ្លូវថ្នល់មួយចំនួននៅកម្ពុជាកំពុងត្រូវបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ពីកៅស៊ូ២ស្រទាប់ (DBST) ទៅជាបេតុងកៅស៊ូ (AC) និងផ្លូវមួយចំនួនទៅជាបេតុងស៊ីម៉ងត៍ ដូចជា ផ្លូវកោះកុង- ស្រែអំបិល កំពង់ធ្វើជា AC ២គន្លង និងមាន៤កន្លែង ពង្រីកទៅជា៤គន្លងផងដែរ។
លោកទេសរដ្ឋមន្ដ្រី ក៏បានបញ្ជាក់ពីគម្រោង បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១០ (សំឡូត-កោះកុង) និងគម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ផ្លូវជាតិ៥៥ ដែលជាផ្លូវស្រស់ស្អាតឡើងចុះភ្នំ ភ្ជាប់ទៅទល់ដែនថៃ នាពេលឆាប់ៗនេះផងដែរ។
សម្រាប់តែផ្លូវជាតិលេខ៣ នឹងត្រូវធ្វើការជួសជុលឱ្យបានរួចរាល់ នៅក្នុងខែធ្នូចុងឆ្នាំ២០១៩នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែមករា ឆ្នាំ២០២០ ខាងមុខនេះ៕
The post លោកស៊ុន ចាន់ថុលបន្តត្រួតពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ ដើម្បីធានាបានគុណភាពរឹងមាំយូរអង្វែង appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area