លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវនៅក្រុងព្រះសីហនុដោយផ្ដោតលើគុណភាពជាចម្បង
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវនៅក្រុងព្រះសីហនុដោយផ្ដោតលើគុណភាពជាចម្បង
ដោយ វល័ក្ខ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាក្នុងការស្ថាបនាផ្លូវចំនួន ២៤ខ្សែក្នុងក្រុងព្រះសីហនុឱ្យមានគុណភាពខ្ពស់ ដោយកិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនេះលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានលើកឡើងពីចំនុចសំខាន់ៗពាក់ពន្ធ័មួយចំនួនដូចជា ថវិកាដែលត្រូវប្រើប្រាស់ក្នុងការស្ថាបនាផ្លូវ ប្រភេទផ្លូវដែលត្រូវស្ថាបនា ការដាក់ប្រពន្ធ័លូបង្ហូរទឹកកាត់ទទឹងថ្នល់និងបណ្តោយថ្នល់ និងការធ្វើគំរូស្តង់ដាដើម្បីធានាដល់គុណភាពរឹងមាំរបស់ផ្លូវថ្នល់សំរាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានប្រើប្រាស់យូរអង្វែងជាដើម។
ទាក់ទិននឹងការស្ថាបនាផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុនេះ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាផ្លូវ ត្រូវរៀបចំកន្លែងស្នាក់នៅសំរាប់កម្មកររឺរៀបចំការដ្ឋានអោយបានត្រឹមត្រូវដើម្បីងាយស្រួលក្នុងការបំពេញការងារស្ថាបនាផ្លូវអោយបានល្អប្រសើរ។
ក្នុងនោះដែរប្រភេទផ្លូវដែលត្រូវស្តារឡើងវិញត្រូវបានចែកចេញជា ៣ប្រភេទគឺ ផ្លូវថ្មី ផ្លូវមានស្រាប់និងផ្លូវខ្នងភ្នំដែលក្រុមហ៊ុនស្ថាបនាផ្លូវត្រូវរៀបចំស្ថាបនាដោយអនុលោមតាមស្តង់ដាបច្ចេកទេសស្របតាមលក្ខណះនៃប្រភេទផ្លូវនិមួយៗ។
ពាក់ពន្ធ័នឹងការឈូសឆាយពង្រីកតួផ្លូវ ក៏មានការប៉ះពាល់មួយចំនួនទៅលើដើមឈើនៅតាមដងផ្លូវផងដែរ ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាក៏បានស្នើដល់ក្រុមហ៊ុនស្ថាបនាផ្លូវថា ប្រសិនបើការឈូសឆាយស្ថាបនាពង្រីកផ្លូវមានការប៉ះពាល់ដល់ដើមឈើដែលដុះនៅលើផ្លូវនោះគឺចាំបាច់ត្រូវតែឈូសឆាយរឺគាស់ដើមឈើនោះចេញសិននិងរក្សាទុកដើម្បីដាំដុះជាថ្មីទៀតនៅតាមសងខាងផ្លូវក្រោយពេលផ្លូវនោះបានស្ថាបនារួចរាល់ជាស្ថាពរ ចំណែកឯដើមឈើដែលដុះនៅតាមចិញ្ចើមថ្នល់មិនមានផលប៉ះពាល់ដល់ការស្ថាបនាផ្លូវទេនោះគឺមិនចាំបាច់គាស់ចេញនោះទេ ដោយត្រូវរក្សាទុកអោយបានល្អនៅដូចដើម ដើម្បីបានជាម្លប់និងសោភ័ណភាពបៃតងនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ។
ចំពោះបញ្ហាគ្រឹះចាស់របស់ថ្នល់ចាស់ដែលមានស្រាប់ពីមុនមកនោះ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានបញ្ជាក់ថា យើងមិនអាចដឹងថាគ្រឹះចាស់របស់ផ្លូវថ្នល់នោះមានសភាពបែបណានោះទេ ដូច្នេះប្រសិនបើយើងស្ថាបនាផ្លូវថ្មីនោះគឺយើងត្រូវស្ថាបនាគ្រិះថ្មីដែលមានស្តង់ដាបច្ចេកទេសត្រឹមត្រូវ មានគ្រឹះថ្មីដែលធានាយ៉ាងច្បាស់លាស់ថាផ្លូវមានគុណភាពរឹងមាំពិតប្រាកដអាចធានាដល់ការប្រើប្រាស់បានយូរអង្វែងដូច្នេះមិនអាចរក្សាទុកគ្រឹះចាស់ដែលនាំអោយខាតបង់ថវិកាកាន់តែច្រើនថែមទៀតនោះទេគឺត្រូវតែសាងសង់គ្រឹះថ្មីដើម្បីអោយដឹងច្បាស់ថាផ្លូវថ្មីនេះធានាបានគុណភាពពិតប្រាកដ។
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានស្នើដល់អង្គប្រជុំថាប្រសិនបើមានមតិយោបល់ផ្សេងៗ សូមអោយអង្គប្រជុំត្រូវលើកយកមកពិភាក្សានាពេលនេះប៉ុន្តែបើមិនអាចដោះស្រាយបានទេនោះគឺយើងនឹងបន្តលើកយកបញ្ហានោះទៅពិភាក្សានាពេលក្រោយទៀតហើយតាមរយះអង្គប្រជុំនាពេលនេះ យើងនឹងរៀបចំរបាយការណ៍ដាក់ជូនដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីគោរពអញ្ជើញសម្តេចតេជោក្នុងពេលវេលាសមស្របណាមួយ ធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ៕
The post លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវនៅក្រុងព្រះសីហនុដោយផ្ដោតលើគុណភាពជាចម្បង appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area