វិស័យអចលនទ្រព្យនៅខេត្តសៀមរាបនៅតែមានសក្តានុពល ទោះជាចំនួនភ្ញៀវទេសចរធ្លាក់ចុះ
វិស័យអចលនទ្រព្យនៅខេត្តសៀមរាបនៅតែមានសក្តានុពល ទោះជាចំនួនភ្ញៀវទេសចរធ្លាក់ចុះ
ដោយ ប៊ី
សៀមរាបៈ ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យខេត្តសៀមរាប នៅតែទទួលបានការចាប់យ៉ាងខ្លាំងពីសំណាក់អ្នកក្នុងស្រុក និងអន្តរជាតិ ខណៈសេដ្ឋកិច្ចក្នុងខេត្តនេះ នៅតែមានសក្តានុពលសម្រាប់ការវិនោគ។
លោកងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន Pointer Property បានប្រាប់ Propertyarea.asia នៅថ្ងៃ ២៦ ខែតុលាកន្លងមកថា ដោយមើលទីផ្សារបច្ចុប្បន្ននៅខេត្តសៀមរាប ដែលនៅតែរំពឹងតែលើវិស័យទេសចរណ៍ ការកើនឡើងក្នុងវិស័យអចលនទ្រព្យបានផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ ហើយលំនៅឋានបែបទេសចរណ៍នៅតែមានតម្រូវការក្នុងវិស័យក្នុងខេត្តសៀមរាប។
លោកបន្តថា “នៅពេលខាងមុខសៀមរាប នឹងមានទីក្រុងរណប ទីក្រុងសៀមរាបនឹងកាន់តែមានការអភិវឌ្ឍសម្បូរបែប ដែលផ្តល់ឳកាសច្រើន ក្នុងការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅទីនេះ”។
លោកងួន ឆាយលាងបានឱ្យដឹងទៀតថា ក្រៅពីមានព្រលានយន្តហោះថ្មីមួយទៀត ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះ ខេត្តមានគំរោងវិនិយោគជាច្រើនទៀត ដូចជាគម្រោងអាងចិញ្ចឹមត្រីដែលតម្លៃ៧០ លានដុល្លារនឹងចូលរួមចំណែកការក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ គម្រោងសាងសង់ផ្សារបណ្តែតទឹក កន្រ្តកវិលដ៏ធំដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនជាដើម។
នាពេលខាងមុខ ខេត្តសៀមរាប នឹងមានក្រុងរណបទាំងមូលមានផ្ទៃដីរហូតទៅដល់២១៥ ហិកតា និងមានគម្រោងអភិវឌ្ឍន៍ផ្សេងៗ ទាក់ទងវិស័យទេសចរណ៍ វិស័យធុរកិច្ច វិស័យអប់រំ និងការរស់នៅលក្ខណៈប៉ៃតង។ នេះជាផែនការមួយដែលសិក្សាដោយក្រុមហ៊ុន ULS សហការជាមួយនឹងក្រុមហ៊ុន Belt Road Capital Management (BRCM) ហើយមានអ្នកគូសប្លង់មេជាជនជាតិដាណឺម៉ាក់ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ។
បើទោះបីជួបប្រទះ នឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរក៏ដោយ លោកឆាយលាងនៅតែមានសុទិដ្ឋិនិយមថា “នៅពេល អនាគត អ្វីនឹងត្រឡប់មកល្អប្រសើរឡើង ហើយគម្រោងអភិវឌ្ឍន៍ច្រើន នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់នេះកាន់ប្រសើរផងដែរ”។
ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប លោកហ៊ុយ ភៀវបានថ្លែងក្នុងសិក្ខាសាលាស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ នៅខេត្តសៀមរាបនៅថ្ងៃទី ២៦ ខែ តុលាថា វិស័អចលនទ្រព្យនៅខេត្តនេះ កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ ខណៈឃើញមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងហូរចូលក្នុងខេត្តមួយនេះ។
លោកមានប្រសាសន៍ “គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានបាញ់ឆ្ពោះទៅកាន់ទិសខាងកើតនៃខេត្តសៀមរាប ដូច្នេះធ្វើឱ្យមានកំណើនអចលនទ្រព្យនៅទិសខាងកើត”។
ទោះបីជាយ៉ាងក៏ដោយ ក៏លោក ភៀវ បានក្រើនរំលឹកដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប ឱ្យប្រុងប្រយ័ត្នក្នុងការទិញ និងវិនិយោគអចលនទ្រព្យ ពិសេសដីធ្លី ដោយលោកបានថ្លែងថា អ្នកវិនិយោគគួរមើលតំបន់ ឬទីតាំងដីធ្លីឱ្យបានច្បាសលាស់ មុននឹងទិញ ឬវិនិយោគ ដោយសារតំបន់ និងទីតាំងមួយចំនួនជាប់នឹងតំបន់អប្សរា និងតំបន់អភិរក្សដែលមិនអនុញាតឱ្យធ្វើការសាងសង់ឡើយ។
លោកក៏បានលើកឡើងដែរថា ការទិញគម្រោងណាមួយ ឬដីឡូត៍ណាមួយ អ្នកទិញ ត្រូវពិនិត្យមើលអាជ្ញាប័ណអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់៕
The post វិស័យអចលនទ្រព្យនៅខេត្តសៀមរាបនៅតែមានសក្តានុពល ទោះជាចំនួនភ្ញៀវទេសចរធ្លាក់ចុះ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area