News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ថ្មី​មួយ​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​


សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ថ្មី​មួយ​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​

ដោយ​ ប៊ី​

ព្រះ​សី​ហនុៈ​ សណ្ឋាគារ​ និង​ មណ្ឌល​កំសាន្ត​ឌុន​ហ័ង​ បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​មាន​កំណើន​ជិត១១ភាគរយ​ ក្នុងរយៈពេល១០ខែ​ឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ពិធីសម្ពោធ​សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ ឌុន​ហ័ង​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ លោក​ជំ​ទា​វម៉ែន​ សំ​អន​ ឧបនាយក​រដ្ឋ​មន្រ្ដី​ រដ្ឋ​មន្រ្ដី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​នៅ​ ក្រុង​ព្រះសីហនុ​ ខេ​ត្ដ​ព្រះសីហនុ​នៅ​ថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​នេះ​។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោកជំទាវ​បាន​មានប្រសាសន៍​ថា​ សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ ដ៏​ល្អ​ប្រណិត​នេះ​ ពិតជា​សមិទ្ធផល​​ថ្មី​មួយទៀត​ របស់​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ខេ​ត្ដ​ភាគ​នីរតី​ នៃ​ប្រទេស​កម្ពុជា​ ពោរពេញ​ទៅ​ដោយសក្តានុពល​យ៉ាង​ខ្លាំង​ ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និង​ទេសចរណ៍​។

លោកជំទាវ​បាន​បន្ត​ទៀត​ថា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​កត្ដិ​បណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ស្ថិរភាព​នយោបាយ​ សន្ដិ​សុខ​ និង​សន្តិភាព​ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សមិទ្ធិ​ផល​ថ្មី​ថ្ងៃនេះ​ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការអភិវឌ្ឍន៍​ខេត្ត​ ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​ បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ៣៤ខ្សែ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ដែល​ជា​ការ​ចាប់ផ្តើម​បើក​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ ហើយ​ក្រុង​ព្រះសីហនុ​នឹង​ប្រែ​មុខមាត់​ថ្មី​ ក្លាយទៅជា​ទីក្រុង​ពហុ​បំណង​មាន​សុវត្ថិភាព​ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ តាមរយៈ​ផ្លូវថ្នល់​ធំ​ ស្អាត​ទូលាយ​ រួម​ជាមួយនឹង​អា​គារ​ខ្ពស់​ៗរាប់ពាន់​ ដែល​បាន​កើត​ឡើង​ព្រម​ៗគ្នា​ផង​ដែរ​។

លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា​ ខេត្ត​ព្រះសីហនុ​ជា​តំបន់​ប៉ូល​អភិវឌ្ឍ​ជាតិ​មួយ​ដ៏​សំខាន់​ នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​ជាមួយនឹង​ការ​កំសាន្ត​តាម​ឆ្នេរសមុទ្រ​ និង​កោះ​ដ៏​ស្រស់​ស្អាត​ កំពង់ផែ​អន្តជាតិ​ អាកាសយាន​ដ្ឋាន​អន្តជាតិ​ និង​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​ និង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ “តារា​រៈ​នា​ទិសនិរតី​” ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ និង​ប្រកបដោយ​ចីរភាព​ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ស្នាក់នៅ​រួម​ សណ្ឋាគារ​ មណ្ឌល​កំសាន្ត​ ។ល។ ដែល​បង្ហាញ​អំពី​វប្បធម៌​ និង​បំរើ​ដល់​វិស័យ​ទេសចរណ៍​ និង​ធុរកិច្ច​។

លោក​បាន​ថ្លែង​ថា​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០១៩​ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ១​,៩៤០​,១៩៩នាក់​ កើនឡើង១០.៦២ភាគរយ​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង១​,២លាន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ ៧៣១​,៦៧៥នាក់​។ មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍​ គិត​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩​ មាន​ចំនួន​សរុប ៨៨០កន្លែង​ ក្នុង​នោះ​សណ្ឋាគារ១០៨កន្លែង​ ស្មើនឹង៧​,១៦២បន្ទប់​ ផ្ទះសំណាក់២៣៧កន្លែង​ ស្មើនឹង២​,៩៣៦បន្ទប់​ បឹង​ហ្គា​ឡូ​ចំនួន៣១កន្លែង​ ស្មើនឹង៤៣១បន្ទប់​ ភោជនីយដ្ឋាន៣១៣កន្លែង​ ស្មើនឹង១៣​,៨៣៣តុ​ និង​សេវា​កម្ម​ផ្សេង​ៗជាច្រើន​ទៀត​។

ចំណែក​វិស័យ​សំណង់​ ក៏​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​ ក្នុង​នោះ​ទិន្នន័យ​សំណង់​ គិត​ចាប់ពី​ឆ្នាំ២០១៧​ ដល់​ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ២០១៩​ មាន​ចំនួន​ ១,០៧៦គម្រោង​ អគារ​កម្ពស់​ចាប់ពី៥ជាន់​ ដល់៤៥ជាន់​ មាន​ចំនួន៨០១គម្រោង​៕

The post សណ្ឋាគារ​ និង​មណ្ឌល​កំសាន្ត​ថ្មី​មួយ​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area