News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-ឧត្តរមានជ័យ​ ជំរុញ​ឱ្យ​អ្នក​ធុរកិច្ច​ចិន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​


សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-ឧត្តរមានជ័យ​ ជំរុញ​ឱ្យ​អ្នក​ធុរកិច្ច​ចិន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ ឧត្តរមានជ័យ​បាន​ជំរុញ​ឱ្យ​គណៈប្រតិភូ​មក​ពី​ការិយាល័យ​ស្ថិតិ​នៃ​ខេត្ត​ជៀង​ស៊ូ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​មក​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ ក្នុង​ខេត្ត សៀមរាប​ មក​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​។

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-ឧត្តរមានជ័យ​ លោក​ឧកញ៉ា​ហ៊ុយ​ ភៀវ​ បាន​បង្ហាញ​ពី​សក្ដានុពល​ និង​បទពិសោធន៍​ ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា​ លើ​កិច្ចសហការ​វិនិយោគ​ជា​ដៃគូ​ ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​ ដែល​មក​បណ្តាក់​ទុន​រួមគ្នា​កាលពី​ពេល​កន្លងទៅ​នេះ​។ បន្ថែម​ពីនេះ​ លោក​ក៏បាន​បង្ហាញ​ ពី​សមិទ្ធិ​ផល​របស់​សភា​ពាណិជ្ជកម្ម​ ក្នុង​ការសម្រប​សម្រួលការ​ងារ​វិស័យ​ឯកជន​ ជាមួយ​វិស័យ​រដ្ឋ​ ជាពិសេស​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាជីវករ​ ពាណិជ្ជករ​ ដើម្បី​ទទួល​បាន​ភាពល្អ​ប្រសើរ​នៅក្នុង​មុខ​ជំនួញ​។

លោក​បន្ត​ទៀត​ថា​ “ប្រសិនបើ​ខាង​ភាគី​ចិន​ មានបំណង​ក្នុង​ការ​វិនិយោគ​គម្រោង​កំ​សាន្ត​ផ្សេង​ៗ ក្រៅពី​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​ គឺ​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​តម្លៃ​នៅ​ទាប​ជាង​ប្រទេស​ដទៃ​ ដែល​ផ្តល់​ឱកាស​ឲ្យ​អ្នក​វិនិយោគ​មានឱកាស​នៃ​ការ​ចំណេញ​មាន​ច្រើន​”។ លោក​បន្ត​ថា​ “ចំពោះ​ការ​វិនិយោគ​លើ​រថភ្លើង​ល្បឿន​លឿន​ ក្នុង​ប្រទេស​កម្ពុជា​ គឺជា​កត្តា​មួយ​ល្អ​ដែរ​ ក្នុង​ការកាត់បន្ថយ​ពេល​វា​លា​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ផង​ដែរ​”។

លោក​ឧកញ៉ា​ហ៊ុយ​ ភៀវ​ បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ​ចិន​ ដែល​បាន​ចំណាយពេល​វេលា​មក​ធ្វើទស្សនកិច្ច​ សិក្សា​ស្វែងយល់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ក្នុង​ខេត្តសៀមរាប​ និង​សំណូមពរ​ដល់​គណៈប្រតិភូ​ចិន​ថា​ ប្រសិនបើជា​គិតដល់​ការ​វិនិយោគ​ សូម​មក​ធ្វើការ​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប​។

ជាមួយគ្នា​នោះ​ ភាគី​គណៈប្រតិភូ​ចិន​ បាន​លើកឡើង​អំពី​ការ​កសាង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​របស់​ចិន​ ការ​កសាង​ព្រលា​ន យន្តហោះ​ថ្មី​ នៅក្នុង​ខេត្តសៀមរាប​ ដែល​ចំណាយ​ថវិកា​ប្រមាណ​ជា ៩០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ជា​គម្រោង​វិនិយោគ​របស់​អ្នក​វិនិយោគ​ខេត្ត​យូ​ណាន​ នៅក្នុង​ខេត្តសៀមរាប​៕

The post សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-ឧត្តរមានជ័យ​ ជំរុញ​ឱ្យ​អ្នក​ធុរកិច្ច​ចិន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area