សម្ដេចតេជោ៖ រដ្ឋាភិបាលនឹងយកហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ធ្វើជាគំរូទូទាំងប្រទេស
សម្ដេចតេជោ៖ រដ្ឋាភិបាលនឹងយកហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ធ្វើជាគំរូទូទាំងប្រទេស
ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងក្រុងព្រះសីហនុ នឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តនានានៅទូទាំងប្រទេស ហើយក៏ជាផ្លូវដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងទេសចរណ៍ក្នុងតំបន់ផងដែរ។
ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវសាងសង់នៅទូទាំងក្រុងព្រះសីហនុ ដែលមានផ្លូវចំនួន ៣៤ខ្សែ ប្រវែងសរុបចំនួន៨៤គីឡូម៉ែត្រ ដែលចែកចេញជា៣ប្រភេទធំៗ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ ប្រវែងសរុបចំនួន ២៥២ម៉ែត្រ នឹងក្លាយហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីត និងយកជាគំរូសម្រាប់បណ្តាខេត្តនៅទូទាំងប្រទេស។
នៅក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេច តេជោ ហ៊ុន សែន បានបានមានប្រសាសន៍ថា “ផ្លូវសរុបដែលត្រូវសាងសង់ គឺ៨៤គីឡូម៉ែត្រ តែយើងត្រូវចំណាយ ២៩៤លានដុល្លា សហរដ្ឋអាមេរិក ដែលជាតម្លៃមួយដ៏ថ្លៃ ប៉ុន្តែនេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមានប្រភពចំណូលគ្រប់គ្រាន់ ដើម្បីចំណាយក្នុងការអភិវឌ្ឍន៍ប្រទេសដោយខ្លួនឯង។
ថវិកាសាងសង់ផ្លូវនេះ បានពីប្រាក់សន្សំរបស់ជាតិ ហើយប្រាក់នេះមានចំនួនតិចតួចណាស់ បើធៀបនឹងប្រាក់សន្សំរបស់ជាតិនោះ”។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ” គ្រាន់តែចំណូលពន្ធគយមួយ កម្ពុជាទទួលបានប្រមាណ ២៥០លានដុល្លារ គឺអាចបើកប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់មន្ត្រីរាជការ ខណៈមួយខែៗកម្ពុជារកចំណូលបានប្រមាណ៥០០លានដុល្លារ ហើយទោះបីជាចំណាយអស់ពី២០០ ទៅ៣០០លាន ដុល្លា ក៏យើងនៅសល់ប្រាក់សន្សំពី ២០០ ទៅ៣០០លានដុល្លាដែរ”។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា “យើងនឹងធ្វើផ្លូវនៅខេត្តព្រះសីហនុអោយរឹងជាប់បំផុត ដែលមានគុណភាព ដែលសូម្បីតែផ្លូវថ្នល់ក៏យើងធ្វើឱ្យល្អ ទាក់ទាញប្រជាពលរដ្ឋមកមើលផ្លូវដែរ។
ខណៈដែលផ្លូវដទៃធ្វើចំណាយពេលប្រមាណ ២ទៅ៣ឆ្នាំ តែផ្លូវនៅខេត្តព្រះសីហនុនេះ យើងធ្វើតែ៨ខែទេ ប៉ុន្តែគុណភាពវិញគឺល្អបំផុត”។ សម្ដេចតេជោ បានបញ្ជាក់ថា “ផ្លូវទាំងអស់នេះនឹងត្រូវធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដោយត្រូវកាយដីស្អុយចេះទាំងអស់ ហើយក្រាលខ្សាច់កន្លះម៉ែត្រ បន្ទាប់មកដាក់ថ្ម 4 x6 មួយជាន់ទៀតហើយក្រាលថ្មប្រភេទ M 30 ចាក់បេតុងពីលើ ២តឹងកន្លះ ហើយបញ្ចប់ដោយចាក់ស៊ូពីលើ ធ្វើចឹងវាមាំល្អ”។
កម្រិតផ្លូវថ្នល់ ក៏ដូចជាមហាវិថីធំៗនៅក្នុងក្រុងព្រះសីហនុ ត្រូវបានចែកចេញជា៣ប្រភេទ រួមមាន មហាវិថីដែលមានទទឹងចាប់ពី២០-៥០ម៉ែត្រ ចំនួន១៤ខ្សែ, វិថីធម្មតា មានទទឹងចាប់ពី២០-៤០ម៉ែត្រ និងអនុវិថី មានទទឹងចាប់ពី ៨-៤០ម៉ែត្រ អាស្រ័យទៅតាមតំបន់ និងស្ថានភាពផ្លូវ ដែលធានាគុណភាពក្នុងការប្រើប្រាស់យ៉ាងតិចបំផុត២០ឆ្នាំឡើងទៅ៕
The post សម្ដេចតេជោ៖ រដ្ឋាភិបាលនឹងយកហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ធ្វើជាគំរូទូទាំងប្រទេស appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area