News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

សម្តេច​តេជោ​៖ ការស្ថាបនា​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ​គ្រោង​ចំណាយ​ថវិកា​ ៣០០លាន​ដុល្លារ​


សម្តេច​តេជោ​៖ ការស្ថាបនា​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ​គ្រោង​ចំណាយ​ថវិកា​ ៣០០លាន​ដុល្លារ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ការ​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​សៅរិ៍​នេះ​ គ្រោង​ចំណាយ​ដើមទុន​ប្រមាណ៣០០លាន​ដុល្លារ​អាមេរិក​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ រោងចក្រ​ផលិត​ស៊ី​ម៉ង់​តិ៍​ទី៥​ នៅ​កម្ពុជា​នៅ​ខេត្តកំពត​ តម្លៃ​ប្រមាណ១១០លាន​ដុល្លារ​នា​ព្រឹក​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ បានឱ្យ​ដឹង​ថា​ ​ផ្លូវ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដែល​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ នៅ​ថ្ងៃសៅរ៍​សប្តាហ៍​នេះ​ នឹង​ចាក់​បេតុង២តឹក​កន្លះ​ ​និង​ចាក់កៅស៊ូ៨ផឹង​ នៅ​ពីលើ​ថែមទៀត​ ដើម្បី​ធានា​ការ​ដឹកជញ្ជូន​ នៅក្នុង​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ កុង​តឺន័​រធំៗ​ សម្រាប់​ដឹកជញ្ជូន​ទំនិញ​ជា​រៀងរាល់ថ្ងៃ​។

សម្តេច​បន្ត​ថា​ “សម្រាប់​ចក្ខុវិស័យ​របស់​យើង​ ការ​វិនិយោគ​សាធារណៈ​បាន​ដាក់​ឆ្លង​គណៈរដ្ឋ​មន្ត្រី​កាលពី​ប៉ុន្មាន​អាទិត្យមុន​នេះ​ ដោយ​បាន​ដាក់​ចូលក្នុង​ចក្ខុវិស័យ​ស្តីអំពី​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ គឺ​បានសម្រេច​ធ្វើ​ផ្លូវ​ឱ្យ​បាន​រឹងមាំ​ជាង​មុន​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ “ពីមុន​ថវិកា១០០លាន​ដុល្លារ​ ធ្វើ​ផ្លូវ​បាន​ ២០០គីឡូម៉ែត្រ​ ប៉ុន្តែ​តែ​ចក្ខុវិស័យ​ថ្មីនេះ​ គឺ​យើង​បាន​ដូរ​ទស្សនៈ​ថ្មី​គឺ​ថវិកា១០០លាន​ដុល្លារ​ធ្វើ​ផ្លូវ​ត្រឹម១០០គីឡូ​ប៉ុណ្ណោះ​ ដើម្បី​ធានា​នូវ​គុណភាព​ផ្លូវ​ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​”។

សម្តេច​បន្ថែម​ទៀត​ថា​ ការ​ផ្លាស់​ប្តូរ​ចក្ខុវិស័យ​សម្រាប់​ ការសាងសង់​ផ្លូវថ្នល់​នេះ​ ដើម្បី​ឱ្យ​សមស្រប​នឹង​ស្ថានភាព​ នៃ​ការ​ដឹកជញ្ជូន​ និង​ការ​រីកចម្រើន​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​នូវ​គុណភាព​ និង​ជាពិសេស​តម្រូវ​ឱ្យ​សមស្រប​ តាម​ស្តង់ដារ​ដែល​បណ្តា​ប្រទេស​នានា​ ដែល​បាន​ផលិត​រថយន្ត​ប្រើប្រាស់​នោះ​ទេ​ ដូច្នេះ​ ការ​ដាក់ចេញ​នូវ​ទស្សនវិស័យ​សាងសង់​ផ្លូវ​ ដើម្បី​ធ្វើ​យ៉ាង​អាច​ទ្រាំទ្រ​ទម្ងន់​របស់​រថយន្ត​ ដែល​បាន​ផលិត​នៅក្នុង​ប្រទេស​ដទៃ​ផង​ដែរ​។

សម្ដេច​តេជោ​ ក៏​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ នៅក្នុង​ពិធីសម្ពោធ​បើក​គម្រោង​ស្ថាន​នា​ ផ្លូវ​ចំនួន៣៤ខ្សែ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​កែ​លម្អ​ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ខេត្ត​ឱ្យ​ល្អ​ប្រសើរ​ ស័ក្ដិសម​ទៅ​នឹង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​ប្រចាំ​ប្រទេស​ ជាពិសេស​រង់ចាំ​ស្វាគមន៍​ការចូលរួម​ចំណែក​លើ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដ៏​ទំនើប​ ដែល​បាន​សន្យា​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។

គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៤ខ្សែ​ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់​ផ្តើម​មអនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ​ ដោយធ្វើ​ទាំង​ថ្ងៃ​ ទាំងយប់​ និង​ប្រើ​រយៈពេល៨ខែ​ ដោយមាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ចំនួន៧ក្រុមហ៊ុន​៕

The post សម្តេច​តេជោ​៖ ការស្ថាបនា​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ​គ្រោង​ចំណាយ​ថវិកា​ ៣០០លាន​ដុល្លារ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area