សិក្ខាសាលាស្តីអំពី គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនៅក្រុងសៀមរាប
សិក្ខាសាលាស្តីអំពី គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនៅក្រុងសៀមរាប
ដោយ វល័ក្ខ
សៀមរាប៖ ក្រុមហ៊ុនភ័ញធើប្រផឹធី ជាក្រុមហ៊ុនឈានមុខក្នុងវិស័យអចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមសហការជាមួយក្រុមហ៊ុន អ៊ីវ្យូរៀលធើ រៀបចំសិក្ខាសាលាស្តីអំពី ‘‘គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅក្រុងសៀមរាប’’ ក្នុងគោលបំណងចែករំលែកយុទ្ធសាស្ត្រនៃការវិនិយោគ និងឱកាសទិញផ្ទះក្នុងទីក្រុងរណបថ្មីនៅក្រុងសៀមរាប។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ដោយមានការចូលរួមគាំទ្រភ្ញៀវកិត្តិយសជាង២០០នាក់ដែលជាវិនិយាគិនម្ចាស់ក្រុមហ៊ុន សណ្ឋាគារ សភាពាណិជ្ជកម្ម សមាជិកនៃសមាគមន៍កម្ពុជានិងភ្ញៀវកិត្តិយសផ្សេងទៀត។ កម្មវិធីសិក្ខាសាលានេះផងដែរ មានការចូលរួមពីលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យនិងសំណាក់វាគ្មិនទាំង៧រូប មកពីស្ថាប័នក្រុមប្រឹក្សាផ្នែកច្បាប់ និងផ្នែកហិរញ្ញវត្ថុ ដែលសុទ្ធសឹងតែបុគ្គលដែលមានបទពិសោធន៍ការងារខ្ពស់ និង ជោគជ័យលើវិស័យអចលនទ្រព្យ។ បទបង្ហាញសំខាន់ៗក្នុងសិក្ខាសាលារួមមាន៖ (១) ការបង្ហាញពីគម្រោងភាគខាងកើតនៃក្រុងសៀមរាប និងពង្រីកការអភិវឌ្ឍន៍ទីក្រុងរណបថ្មីជុំវិញតំបន់ផ្លូវ៦០ម៉ែត្រ ក្នុងគោលបំណងបង្កើតតំបន់ទេសចរណ៍បន្ថែមទៀត និង លើកស្ទួយកំណើនធនធានទេសចរណ៍ឡើងវិញ។
(២) សក្តានុពលក្នុងការវិនិយោគលើគម្រោង ‘ភូមិបាគង’ ដែលជាសំណង់គេហដ្ឋានបែបប្រណីតចំនួន ៣៥០ខ្នង លើផ្ទៃដីសរុប ៤.៧ហិកតា និងការរៀបចំបរិវេណដើមឈើបៃតង សួនច្បារជុំវិញ២២កន្លែង ស្មើនឹង៥០ភាគរយនៃផ្ទៃដីសរុប។ ជាការពិតណាស់ គម្រោងភូមិបាគងមិនត្រឹមតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែមានការទទួលស្គាល់ពីជនបរទេសផងដែរ ដោយបានឲ្យតម្លៃខ្ពស់លើការរៀបចំសហគមន៍រស់នៅបែបថ្មី ជួបជុំគ្នាក្រោមការរស់នៅអមជាមួយបរិយាកាសអំណោយផលពីធម្មជាតិ បណ្តុំនៃសួន សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។
លោក ងួន ឆាយលាង នាយកប្រតិបត្តិនៃក្រុមហ៊ុន ភ័ញធើប្រផឹធី មានប្រសាសន៍ថា ‘‘គោលគំនិតនៃការបង្កើតជាសហគមន៍រស់នៅឲ្យមានភាពរស់រវើកឡើងវិញ ការប្រាស្រ័យទាក់ទងគ្នារវាងអ្នកជិតខាង ការជួបជុំគ្នាក្នុងមជ្ឍដ្ឋានរស់នៅប្រកបដោយផាសុកភាពនិងសន្តិភាពគឺជាអ្វីដែលមនុស្សគ្រប់គ្នាឲ្យតម្លៃ ហើយពួកយើងកំពុងរួមចំណែកកសាងការរស់នៅបែបផែននៃក្តីស្រម៉ៃរបស់ប្រជាជនឲ្យក្លាយជាការពិត’’។
ទន្ទឹមនឹងនេះដែរ លោក Martin Aerne ជាស្ថាបត្យករជនជាតិស្វីសដ៏ល្បីល្បាញ បានរួមចំណែកក្នុងការគូសប្លង់គម្រោងមេ និងផ្តល់សេវាស្ថាបត្យកម្មលើបទដ្ឋានរស់នៅបែបខ្មែរនៃ សំណង់ភូមិបាគងនេះផងដែរ។
លោក Martin Aerne មានទស្សនវិស័យជឿជាក់ថាគម្រោងដែលល្អ មិនត្រឹមតែផ្តោតទៅលើទីតាំង និងការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែគឺការកែច្នៃតំបន់រស់នៅនោះឲ្យមានជីវិតស្របជាមួយធម្មជាតិ កាត់បន្ថយផ្សែងពុលទៅវិញទេដែលជាការរស់នៅពិតប្រាកដ និងសក្តិសមបំផុតសម្រាប់មនុស្សជំនាន់ថ្មី។
ជាកិច្ចបញ្ចប់នៃកម្មវិធីនេះ វាគ្មិនទាំងអស់បានផ្ដល់អនុសាសន៍ថា ដើម្បីទទួលបានភាពគាំទ្រនិងជោគជ័យ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានគួរតែផ្តោតលើការរៀបចំគម្រោងដែលគាំទ្រឱ្យមាន វប្បធម៌ប្រាស្រ័យទាក់ទងស្និទ្ធស្នាល បរិយាកាសដែលមានដើមឈើសួនច្បារច្រើន និងការរស់នៅដែលប្រាកបដោយផាសុកភាព។ លើសពីនេះទៅទៀតវាគ្មិនទាំងអស់ ក៏បានជឿជាក់ថាគម្រោងអភិវឌ្ឍន៍សៀមរាបខាងកើត ពិតជាមានលទ្ធភាព និងសក្ដានុភាពខ្ពស់ ក្នុងការលើកស្ទួយវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យទេសចរណ៍របស់ខេត្តសៀមរាបផងដែរ៕
The post សិក្ខាសាលាស្តីអំពី គម្រោងអភិវឌ្ឍន៍ទីក្រុងរណបនៅក្រុងសៀមរាប appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area