អាគារការិយាល័យកម្ពស់ជាង១០០ម៉ែត្រចំនួន ២បន្ថែមទៀត នឹងជួយលើកសោភ័ណភាពរាជធានីភ្នំពេញ
អាគារការិយាល័យកម្ពស់ជាង១០០ម៉ែត្រចំនួន ២បន្ថែមទៀត នឹងជួយលើកសោភ័ណភាពរាជធានីភ្នំពេញ
ដោយៈ រ៉ាណេត
ភ្នំពេញៈ អាគារដ៏ទំនើប និងខ្ពស់ស្កឹមស្កៃមានកម្ពស់ជាង ១០០ម៉ែត្រចំនួន២ ដែលបម្រើមុខងារជាអាគារការិយាល័យ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងចូលរួមក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ព្រមទាំងលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពទាក់ទាញ។
អាគារពាណិជ្ជកម្ម និងការិយាល័យដ៏ទំនើប ដែលបានចូលរួមរួមអភិវឌ្ឍន៍វិស័យសំណង់ និងអចលទ្រព្យក្នុងរាជធានីភ្នំពេញចំនួន២ខាងលើនេះ រួមមានអាគារ Sathapana Tower ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ និងអាគារ Global Tech Exchange ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍនបឹងកក់។
ទី១ ៖ អាគារ Sathapana Tower ត្រូវបានសាងសង់ឡើង ដើម្បីបម្រើមុខងារជាទីស្នាក់ការកណ្តាលរបស់ធនាគារស្ថាបនា រួមនឹងការដាក់បម្រើដល់វិស័យការិយាល័យផ្សេងទៀត (Office Spaces) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតវិទ្យាល័យព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អាគារមួយនេះមានកម្ពស់២២ជាន់ ស្មើនឹង១០៤ម៉ែត្រ និងមានផ្ទៃក្រឡាសរុបចំនួន៣៣១៣៥ម៉ែត្រក្រឡា អភិវឌ្ឍន៍ដោយក្រុមហ៊ុន Maruhan Cambodia Corporation លើទុនវិនិយោគប្រមាណ៥២,៧លានដុល្លារ ។
ទី២៖ គម្រោង Global Tech Exchange ដែលមាន៣អាគារជាប់គ្នា សាងសង់ឡើង ដើម្បីបម្រើមុខងារក្នុងវិស័យការិយាល័យ (Office Spaces) ស្ថិតនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍បឹងកក់ (PPCC) មានកម្ពស់២៩ជាន់ ស្មើនឹងជាង១០០ម៉ែត្រ អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Kingsland Global Ltd ដែលបច្ចុប្បន្ននេះកំពុងសម្រុកការសាងសង់ ហើយគ្រោងបញ្ចប់ទាំងស្រុង នៅក្នុងឆ្នាំ២០២១ខាងមុខនេះ។ ជាមួយនឹងការបម្រើនៅក្នុងវិស័យការិយាល័យ គម្រោងអាគារដ៏មហិមារមួយនេះ ក៏នឹងអនុញ្ញាតឱ្យមានការបម្រើលើសេវាកម្មផ្នែកភោជនីយដ្ឋាន កន្លែងហាត់ប្រាណ ធនាគារ គ្លីនិក រួមជាមួយនឹងផ្សារទំនើបសហគមន៍ផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា បើពិនិត្យមើលជាក់ស្តែង បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានអគារពាណិជ្ជកម្ម កម្រិតខ្ពស់ច្រើនដូចទីផ្សារអន្តរជាតិ ដូចនៅប្រទេសគេនោះទេ។
លោក Ken Lo បានមានប្រសាសន៍ទៀតថា “ ក្រុមហ៊ុនលំដាប់អន្តរជាតិ តែងតែជួលការិយាល័យធ្វើការនៅក្នុងអគារពាណិជ្ជកម្ម ព្រោះមានស្តង់ដារ និងមានកេរ្តិឈ្មោះល្អ និងមានភាពជឿជាក់ដល់អតិថិជន ដោយពួកគេមិនទៅជួលផ្ទះល្វែងធ្វើការិយាល័យនោះទេ ហើយនៅក្នុងរយៈពេល៣ទៅ៥ ឆ្នាំខាងមុខទៀត អគារពាណិជ្ជកម្ម នឹងកាន់តែមានសន្ទុះរីកឡើងកាន់តែច្រើន នៅក្នុងទីក្រុងភ្នំពេញ ព្រោះវាមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងផ្តល់នូវសេវាកម្មល្អដល់អតិថិជន” ៕
The post អាគារការិយាល័យកម្ពស់ជាង១០០ម៉ែត្រចំនួន ២បន្ថែមទៀត នឹងជួយលើកសោភ័ណភាពរាជធានីភ្នំពេញ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area