News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អ្នកជំនាញព្យាករណ៍ថា៖ សក្តានុពលនៃខេត្តរតនៈគិរីនឹងអំណោយ ផលខ្លាំងដល់វិស័យអចលនទ្រព្យ


អ្នកជំនាញផ្នែកអចលនទ្រព្យបានសម្លឹងឃើញថា ក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត ខេត្តរតនគិរីនឹងប្រែក្លាយទៅជាតំបន់មួយដែលមានភាពស៊ីវិល័យនឹងទំនើបជាងមុន ខណៈតំបន់មួយនេះបានផ្សាភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ច្រើន ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាកត្តាអំណោយផលខ្លាំងដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

រូបភាព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

បើតាម លោក ឆែម វិទូ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Li Hong Group ដែលមានទីតាំងនៅក្នុងខេត្តរតនគិរី មានប្រសាសន៍ថា ៖ “បច្ចុប្បន្នមិនទាន់មានការវិនិយោគច្រើននៅឡើយនោះ តែយ៉ាងណាក៏ដោយថ្មីៗនេះ ក៏មានគម្រោងធំមួយ “គ្រូយើង” ដែលមកអភិវឌ្ឍក្នុងក្រុងបានលុង”»។

រូបភាព៖ SILENTOFONG

លោកបានបន្ថែមថា ៖”ប្រសិនបើគម្រោងនេះដំណើរការពិតមែន បូកផ្សំនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល និងការបើកព្រំដែនថ្មីមួយទៀតរវាងកម្ពុជា និងប្រទេសវៀតណាម នោះក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត វិស័យអចនទ្រព្យនៃខេត្តរតនគិរីនឹងមានការរីកចម្រើន ក្នុងកម្រិតមួយល្អប្រសើរជាងបច្ចុប្បន្ននេះ។

រូបភាព៖ SILENTOFONG

ជុំវិញរឿងនេះ លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានថ្លែងឱ្យដឹងដែរថា អាជ្ញាធរខេត្តរតនគិរីមាន ផែនការជំរុញសេដ្ឋកិច្ចខេត្ត ដោយអនុវត្តគម្រោងអភិរក្សដែលនឹងធ្វើឱ្យខេត្តរតនគិរីក្លាយជាខេត្តបៃតងជាមធ្យោបាយទាក់ទាញភ្ញៀវទេសចរ។

លោកបានបន្ថែមថា ៖ “ រាល់ការខិតខំប្រឹងប្រែង នឹងជំរុញខេត្តរតនគិរីទៅជាខេត្តបៃតង។ ការជំរុញខេត្តរតនគិរីទៅជាខេត្តបៃតង នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដែលនឹងបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន” ។

រូបភាព៖ SILENTOFONG

ទន្ទឹមនឹងនេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រាប់សារព័ត៌មានក្នុងស្រុកថា៖   រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៩២,១២១នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ១៦៣នាក់ បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា។

រូបភាព៖ SILENTOFONG

សូមបញ្ជាក់ថា ខេត្តរតនគិរី ជាខេត្តមួយស្ថិតក្នុងតំបន់ដាច់ស្រយាលឆ្ងាយជាងគេ ដែលមានចម្ងាយប្រមាណ ៥៨៨ គីឡូម៉ែត្រពីរាជធានី។ ស្ថិតក្នុងតំបន់ភូមិភាគឦសាន រតនគិរីក៏ចាត់ទុកជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិ បឹង ទន្លេ ទឹកជ្រោះ និងតំបន់កម្សាន្ត រមណីយដ្ឋានជាច្រើនផ្សេងៗទៀត។ បើយើងក្រឡេកទៅមើលការអភិវឌ្ឍន៍ទៅលើតំបន់ទេសចរណ៍ តំបន់ជាច្រើនបាននឹងកំពុងរីកមុខមាត់បណ្ដើរៗដូចជាបឹងយក្សម៉ាយ បឹងវ៉ារី បឹងលំកុដ និងបឹងយក្សឡោមជាដើម៕

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង40,000 តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property