អ្នកជំនាញអះអាង ៖ ចរន្តទិញ-លក់អចលនទ្រព្យនៅប៉ែកខាងលិចក្រុង មិនទោរទន់ដោយវិបត្តិ Covid-19 នោះទេ
អ្នកជំនាញអះអាង ៖ ចរន្តទិញ-លក់អចលនទ្រព្យនៅប៉ែកខាងលិចក្រុង មិនទោរទន់ដោយវិបត្តិ Covid-19 នោះទេ
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខុសប្លែកពីតំបន់មួយចំនួនដែទទួលរងនូវសំពាធពីវិបត្តិសាកលលោកកំពុងកើតមាន សម្រាប់ភាគខាងលិចរាជធានីភ្នំពេញ ត្រូវបានគេសម្លឹងឃើញថា ចរន្តនៃការទិញ-លក់អចលនទ្រព្យ ដីធ្លី នៅតែបន្តមានសកម្មភាព ហើយភាគច្រើនសម្រាប់បម្រើឱ្យវិស័យលំនៅដ្ឋាន។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អុិន ណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះថា បើទោះជាស្ថិតនៅក្នុងការគំរាមកំហែងពីភាពភ័យខ្លាចនៃជំងឺឆ្លង ស្ទើរតែគ្រប់តំបន់ជាយក្រុងទាំងអស់គឺនៅតែបន្តមានចរន្តទិញ-លក់ ដែលជាតម្រូវការទីផ្សារក្នុងស្រុក ហើយភាគច្រើនសម្រាប់បម្រើឱ្យវិស័យលំនៅដ្ឋាន ហើយក្នុងចំណោមតំបន់ទាំងអស់នេះ នៅភាគខាងលិចក្រុងហាក់មានភាពសកម្មជាងគេ។
លោក អុិន ណាង បានមានប្រសាសន៍បន្តទៀតថា “ជាការពិត នៅក្នុងអំឡុងពេលនៃការរាលដាលវិបត្តិជំងឺ Covid-19 គម្រោងអភិវឌ្ឍន៍មួយចំនួនធំនៅកម្ពុជាបានជួបភាពស្ងប់ស្ងាត់ ប៉ុន្តែគម្រោងដែលសកម្មភាពទាំងនេះភាគច្រើនគឺជាគម្រោងអភិវឌ្ឍន៍ធំៗ ដែលមានម្ចាស់ទុននៅបរទេស ដោយឡែកសម្រាប់គម្រោងតូចៗ ដូចជាការអភិវឌ្ឍលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ក៏ដូចជាគម្រោងទិញ-លក់ដីឡូតិ៍ផ្សេងៗនៅតែបន្តមានសកម្មភាព”។
លោកបានបញ្ជាក់ទៀតថា “ជាក់ស្ដែង តាមរយៈក្រុមហ៊ុនរបស់ខ្ញុំ គឺមានអតិថិជនជាច្រើនកំពុងស្វែងរកទិញដីក្នុងទំហំធំសម្រាប់ធ្វើការអភិវឌ្ឍន៍ទៅលើគម្រោងបង្កើតសហគ្រាស និងបណ្តុំលំនៅដ្ឋាននៅតំបន់ជាយក្រុង ដែលក្នុងនោះតម្រូវការនៅប៉ែកខាងលិចក្រុង ស្ថិតក្នុងខណ្ឌដង្កោ គឺមានច្រើនគួរសម មិនចាញ់តំបន់ឃ្មួញ ដែលស្ថិតនៅក្នុងខណ្ឌសែនសុខនោះទេ ប៉ុន្តែទាស់ត្រង់តម្លៃគឺស្ថិតក្នុងកម្រិតខ្ពស់ដូចគ្នាទៅនឹងកាលពីចុងឆ្នាំ២០១៩កន្លងទៅ មុនពេលផ្ទុះជំងឺឆ្លង”។
លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group បានមានប្រសាសន៍ថា “តាមមើលឃើញរបស់ខ្ញុំ មិនថាតំបន់ក្នុងក្រុង ឬជាយក្រុងនោះទេ ការទិញ–លក់ នៅតែមានសកម្មភាពធម្មតា ទាស់ត្រង់ថា តម្លៃមិនអាចឡើងច្រើននោះទេ ពោលគឺមានភាពប្រហាក់ប្រហែលគ្នានឹងឆ្នាំចាស់កន្លងទៅ”។
លោកបានមានប្រសាសន៍បន្តទៀតថា “នៅតំបន់ខាងលិចក្រុង មានហេដ្ឋារចនាសម្ព័ន្ធធំៗច្រើន ដែលក្រៅពីផ្លូវសម្ដេចតេជោ ៦០ម៉ែត្រ នៅមានផ្លូវ៥០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ និងផ្លូវសំខាន់ៗជាច្រើនទៀត ងាយស្រួលក្នុងការចេញចូលក្រុង ចេញទៅតាមបណ្តាខេត្តផ្សេងៗចេញទៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិ២ ផ្លូវជាតិលេខ៣ និងភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤។ ក្រៅពីនេះ នៅមានគម្រោងធំៗជាច្រើនទៀត ដូចជាគម្រោងបុរី គម្រោងបណ្តុំផ្ទះល្វែង គម្រោងសាងសង់ផ្សារទំនើបធំៗ និងភាពអំណោយផលពីផ្លូវវាងក្រុង ផ្លូវ៣០ម៉េត្រ និងផ្លូវធំ ៦០ម៉ែត្រ (មហាវិថីសម្ដេចតេជោ ហ៊ុន សែន តែម្ដង) ” ៕
The post អ្នកជំនាញអះអាង ៖ ចរន្តទិញ-លក់អចលនទ្រព្យនៅប៉ែកខាងលិចក្រុង មិនទោរទន់ដោយវិបត្តិ Covid-19 នោះទេ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area