News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​សំរាប់​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០២០ខាងមុខ​


អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​សំរាប់​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០២០ខាងមុខ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្ទុយពី​ការ​លើកឡើង​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ កំពុងតែ​ជួប​សភាព​ទ្រឹង​ និង​ធ្លាក់ចុះ​នោះ​ ក្រុម​អ្នកជំនាញ​និង​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​នេះ​ផ្ទាល់​សុទ្ធតែ​បាន​អះអាង​ថា​ អចលនទ្រព្យ​កម្ពុជា​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ ដោយ​មិនទាន់​មាន​សញ្ញា​ណាមួយ​បញ្ជាក់​ពី​ឱនភាព​នោះ​ទេ​ ជាពិសេស​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មាន ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ “បើ​យើង​មើល​ពី​តម្រូវការ​ និង​ភាព​ជាក់ស្ដែង​ នៃ​កា​រប​ញ្ជារ​ទិញ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ គឺ​នៅតែ​មានដំណើរ​ការ​ល្អ​ដដែល​ ដោយ​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​ ដែល​មាន​ដូចជា​វិស័យ​ដីធ្លី​ និង​វិស័យ​លំនៅ​ដ្ឋាន​ជាដើម​”។

សម្រាប់​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ ដែល​ឈរ​លលេ​ខរៀង​បន្ទាប់ពី​អ្នក​វិនិយោគ​ចិន​ ដែល​ឈរ​នៅ​លំដាប់​លេខ១នៅ​កម្ពុជា​នោះ​ បច្ចុប្បន្ន​ឃើញ​មាន​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន​ កូរ៉េ​ ដែល​កំពុងតែ​មាន​សកម្មភាព​ ហើយ​ក្រៅពី​នេះ​ នៅ​មាន​បណ្តា​អ្នក​វិនិយោគ​ដែល​មក​ពី​ប្រទេសជិតខាង​របស់​កម្ពុជា​ផង​ដែរ​ ដូចជា​ វៀតណាម​ ថៃ​ ហុងកុង​ និង​សិង្ហបុរី​ ជាដើម​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “គ្រប់ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ទាំងអស់​ គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការសិក្សា​យ៉ាង​លម្អិត​ និង​ច្បាស់លាស់​ មុន​ពេល​សម្រេចចិត្ត​បណ្តាក់​ទុន​”។លោកស្រី​បន្ត​ថា​ “ការ​វិនិយោគ​ក្នុងរយៈពេល​វែង​ ខុសពី​ការ​វិនិយោគ​របស់​អ្នកជំនួញ​ក្នុង​ស្រុក​ ដែល​មានតែ​ការទិញ​-លក់​ ក្នុងរយៈពេល​ខ្លី​ ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​នោះ​ទេ​ ដូច្នេះ​វា​មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ភាព​អវិជ្ជមាន​នោះ​ទេ​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា​ រហូតមកដល់​ពេលនេះ​ មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​មានការ​ធ្លាក់ចុះ​នោះ​ទេ​ ផ្ទុយទៅវិញ​មានតែ​ការ​កើនឡើង​ ដែល​ជាប្រចាំ​ឆ្នាំ​ក្នុង​ចន្លោះ២៥​-៣០ភាគរយ​នៃ​តម្រូវការ​ទីផ្សារ​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ “នៅពេល​មាន​លំហូរ​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​ពីក្រៅ​ប្រទេស​ ដែល​ជា​ដៃគូ​សហការ​ជាមួយ​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ និង​មានបទពិសោធន៍​ខ្ពស់​ គឺ​សុទ្ធតែ​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញថា​ សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ការ​វិនិយោគ​ដោយ​ភាព​ប្រថុយប្រថាន​ តែង​មាន​ក្ដី​ព្រួយបារម្ភ​ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ធំៗ​ គឺ​សុទ្ធតែ​មានទំនុក​ចិត្ត​ខ្ពស់​ ដោយសារ​គេ​បាន​សិក្សា​លម្អិត​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ទីផ្សារ​ ឱកាស​នៃ​ការ​វិនិយោគ​រួម​ជាមួយនឹង​ក្ដី​រំពឹង​ទុក​ផង​ដែរ​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ ភាគច្រើន​ ការ​លើកឡើង​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ជួប​សភា​ពស​ទ្រឹង​ ឬមានការ​ធ្លាក់ចុះ​ គឺ​ពួកគេ​ផ្តោត​សំខាន់​តែ​ទៅលើ​ការ​ចាកចេញ​នៃ​វត្តមាន​របស់​ជនជាតិ​ចិន​មួយចំនួន​តូច​តែប៉ុណ្ណោះ​ ដូចជា​ នៅ​ខេត្ត​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ក្រុង​បាវិត​ ប៉ុន្តែ​មិនបាន​សម្លឹង​មើល​ពី​ភាព​ជាក់ស្ដែង​ នៃ​ការ​វិនិយោគ​គម្រោ​ងធំៗ​ដែល​កំពុងតែ​មាន​ និង​កំពុង​ដំណើរការ​។ បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដើម្បី​គៀង​គរ​ការ​វិនិយោគ​ និង​ផ្តល់​ឱកាស​ដល់​អ្នក​វិនិយោគ​ ដូចជា​ការ​ផ្តល់​សិទ្ធិ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​ផ្តល់​អជ្ញា​ប័ណ្ណ​ដល់​ការ​វិនិយោគ​កាស៊ីណូ​ នៅ​តាម​តំបន់​មួយចំនួន​ ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន​។

អនុប្រធាន​សមាគមន៍​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​ លោក​ម៉ម​ សិរី​បញ្ញា​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​អចល​ទ្រព្យ​នៅ​តំបន់​មួយចំនួន​ មានការ​ធ្លាក់ចុះ​ពិតមែន​ ប៉ុន្តែ​មិនជា​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ “អចលនទ្រព្យ​នៅ​តំបន់​មួយចំនួន​អាច​មានការ​ធ្លាក់ចុះ​បន្តិច​មែន​ ប៉ុន្តែ​បើជា​ទីផ្សារ​រួម​វិញ​ នៅតែ​មានការ​ទិញ​លក់​ជា​ធម្មតា​ ហើយក៏​មិន​មាន​សញ្ញា​ណាមួយ​ដែល​បញ្ជាក់​ថា​ វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​ជាប់​គាំង​នោះ​ដែរ​”។

លោក​បញ្ជាក់​ថា​ តំបន់​ដែល​ជួប​បញ្ហា​នៅពេល​បច្ចុប្បន្ន​នេះ​ មាន​ដូចជា​ក្រុង​ព្រះសីហនុ​ ដោយសារតែ​ខេត្ត​នេះ​ មាន​កំសួល​នៃ​តម្លៃ​ថ្លៃ​លើស​ពីទី​ផ្សារ​ទូទៅ​ ហើយ​តម្រូវការ​ទីផ្សារ​នៅក្នុង​ខេត្ត​នេះ​ភាគច្រើន​ មាន​ប្រភព​មក​ពីក្រៅ​ស្រុក​ ខុសពី​តំបន់​ដទៃទៀត​ដូចជា​ តំបន់​ប៉ោយប៉ែត​ និង​តំបន់​បាវិត​ ដែល​ស្ថិតនៅ​ជាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ល្អ​ និង​ស្ថិតនៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​សេដ្ឋកិច្ច​រវាង​ប្រទេស​ និង​ប្រទេស​ដែល​មាន​លំហូរ​ដឹកជញ្ជូន​ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​កន្លែង​។

លោក​ ម៉ម​ សិរី​បញ្ញា​ បាន​បញ្ជាក់​ទៀត​ថា​ “ទោះជាយ៉ាងណា​ក៏ដោយ​ វិស័យ​មួយ​នេះ​នៅតែ​បន្ត​មាន​សញ្ញា​វិជ្ជមាន​ដដែល​ មិនថា​ឆ្នាំក្រោយ​ឬនៅ​ឆ្នាំ​បន្ទាប់​ទៀត​នោះ​ទេ​”៕

The post អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​សំរាប់​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០២០ខាងមុខ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area