News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

អ្នកជំនាញ​ប្រាប់​ពីទី​តាំង​ដី​ដែល​គួរ​ទិញ​ ប្រសិន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​


អ្នកជំនាញ​ប្រាប់​ពីទី​តាំង​ដី​ដែល​គួរ​ទិញ​ ប្រសិន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តើ​គួរ​ទិញ​ដី​នៅ​ទីតាំង​ណា​ ប្រសិនជា​ស្ថានភាព​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​? ចម្លើយ​គឺ​គួរ​ទិញ​នៅ​ទីតាំង​ណាមួយ​ ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​មែនទេ​?។

លោក​ឧកញ៉ា​ តេង​ រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ R Investment​ Group​ បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី២៥​ តុលា​កន្លងមក​ថា​ នៅពេល​ដែល​ស្ថានភាព​អាក្រក់​ ការទិញ​-លក់​ មាន​ភាព​ស្ងប់ស្ងាត់​ ដែល​អាច​ឱ្យ​តម្លៃ​នៅ​ទ្រឹង​ឬចុះថោក​ ការ​វិនិយោគ​ដីធ្លី​គួរ​ធ្វើ​នៅ​តំបន់​ជាយក្រុង​ ឬតំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​នានា​។

លោក​បន្ត​ថា​ “ប្រសិនជា​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ អ្នកទិញ​ក៏អាច​មានឱកាស​ចរចា​តម្លៃ​ទាប​ជាង​ទីផ្សារ​ ដែល​អាច​លក់​យកចំណេញ​ នៅ​ក្រោយពេល​ស្ថានភាព​ល្អ​ប្រសើរ​ឡើងវិញ​”។

ទោះជាយ៉ាងណា​ លោក​ឧក​ញ៉ា​តេង​ រិទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​មាន​ពេល​រក្សា​បាន​លំនឹង​យូរ​ទៀត​ ដោយ​មិនទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​អាក្រក់​ក្នុង​វិស័យ​មួយ​នេះ​កើតមាន​មែន​ សំណួរ​សួរ​ថា​ តើ​គួរ​ទិញ​ដី​ទុក​ ឬទេ​ ហើយ​បើ​ទិញ​ គួរ​ទិញ​នៅ​តំបន់​ណា​? ក្នុង​ស្ថានភាព​ជាប់​គាំង​ វា​ក៏អាច​ជា​ឱកាសល្អ​សម្រាប់​អ្នក​វិនិយោគ​ឆ្លៀតឱកាស​ផង​ដែរ​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ សកម្មភាព​ទិញ​លក់​ អចលនទ្រព្យ​ និង​ការសាងសង់​សំណង់​អាគារ​ពាណិជ្ជកម្ម​នានា​ នៅតែ​មាន​សកម្មភាព​ និង​បន្ត​កើនឡើង​ ដោយ​មិន​មាន​សញ្ញា​អ្វី​ធ្វើឲ្យ​វិស័យ​នេះ​ ជាប់​គាំង​នៅឡើយ​ទេ​ ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា​នៅតែ​មាន​ស្ថេរ​ភាព​ និង​សេដ្ឋកិច្ច​នឹង​បន្ត​រក្សា​បា​នកំនើន​ ទោះជា​កម្ពុជា​ប្រឈម​ការ​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​លើ​គ្រប់មុខ​ទំនិញ​ លើកលែងតែ​អាវុធ ​(EBA​) ក៏ដោយ​ ក៏​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​រួច​ទៅ​ហើយ​។

លោក​បន្ត​ថា​ “ខ្ញុំ​ឧទាហរណ៍​ថា​សេដ្ឋកិច្ច​កម្ពុជា​ និង​ពិភពលោក​ធ្លាក់ចុះ​ ពិត​ណាស់​វិស័យ​នេះ​នឹង​រង​ផល​ប៉ះពាល់​ដោយ​ជៀស​មិន​រួច​ ហើយ​ផល​ប៉ះពាល់​កម្រិត​ណា​ វា​អាស្រ័យ​លើ​ភាព​ឆ្លាតវៃ​របស់​រដ្ឋាភិបាល​”។ លោក​បន្ត​ថា​ “សំរាប់​អ្នក​វិនិយោគ​ ពួកគេ​មានការ​គិតគូរ​វែងឆ្ងាយ​ណាស់​ ហេតុនេះ​ផល​ប៉ះពាល់​តិច​ឬច្រើន​ អាស្រ័យ​លើ​គុណភាព​នៃ​ការ​គិត​ និង​ការសម្រេច​ចិត្ត​របស់​ពួកគេ​”។

លោ​កយិន​ លាង​គង់​បាន​បន្ត​ថា​ បើសិនជា​សេដ្ឋកិច្ច​ធ្លាក់ចុះ​ អចលនទ្រព្យ​ជាប់​គាំង​គួរ​ទិញ​ដី​ទុក​ឬទេ​? គឺ​គួរតែ​បន្ត​ទិញ​ ព្រោះ​ការទិញ​ដី​នៅតែ​មាន​ឳកាស​ចំណេញ​ សំរាប់​អ្នក​វិនិយោគ​ឆ្លាតវៃ​ គឺ​បើ​ទិញ​ដី​ឡូត៍​គួរ​ទិញ​ដី​រមណីយដ្ឋាន​ បើ​ទិញ​ដី​គួរ​ទិញ​ដី​នៅក្នុង​ទីក្រុង​ និង​តំបន់​ជាយក្រុង​នានា​ ព្រោះ​តំបន់​ទាំងនេះ​មាន​សកម្មភាព​សេដ្ឋកិច្ច​នៅតែ​រស​រវើក​ តំបន់​ទាំងនេះ​មាន​មនុស្ស​ច្រើន​រស់នៅ​ តំបន់​ទាំងនេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ដែល​ហុច​ផល​វិជ្ជមាន​ដល់​ការ​វិនិយោគ​ និង​សកម្មភាព​ទិញ​លក់​នៅតែ​បន្ត​កើតមាន​។

អគ្គនាយក​ក្រុមហ៊ុន​ Premium​ Group​ លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ បើ​មើលតាម​ស្ថានភាព​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ការទិញ​-លក់​ ដីធ្លី​ ហាក់​មា​នៅ​ភាព​ស្ងប់ស្ងាត់​បន្តិច​មែន​ ជាពិសេស​លើ​ផ្នែក​ដី​ឡូ​តិ៍​ ប៉ុន្តែ​មិនមែន​ន័យ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ជួប​ភាព​ជាប់​គាំង​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​ “បើ​តាមខ្ញុំ​មើលឃើញ​ពេលនេះ​ វា​មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា​ វិ​ស័យ​អល​ចន​ទ្រព្យ​នៅ​កម្ពុជា​បាន​ជាប់​គាំង​នោះ​ទេ​ តើយ​កអ្វី​មក​អះអាង​ដែល​អាច​បញ្ជាក់​ថា​វិស័យ​មួយ​នេះ​ជាប់​គាំង​?”។ លោក​ពន្យល់​ថា​ “អ្វី​ជា​ការ​សំអាង​ គឺ​យើង​ឃើញ​សកម្មភាព​សាងសង់​ សំណង់​អគារ​តូច​ធំ​ជាច្រើន​ ដូចជា​សំណង់​ខុន​ដូ​ អា​ផា​តមិន​ ឬអគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​ គឺ​កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ ជាពិសេស​លើ​វិស័យ​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​ទីផ្សារ​កំពុងតែ​មាន​តម្រូវ​ខ្ពស់​”៕

The post អ្នកជំនាញ​ប្រាប់​ពីទី​តាំង​ដី​ដែល​គួរ​ទិញ​ ប្រសិន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ appeared first on Best Real Estate News in Cambodia.

Source: Real Estate – property area