អ្នកអភិវឌ្ឍន៍រិះគន់ភាពយឺតយ៉ាវជុំវិញការទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នថ្នាក់ក្រោមជាតិ
អ្នកអភិវឌ្ឍន៍រិះគន់ភាពយឺតយ៉ាវជុំវិញការទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នថ្នាក់ក្រោមជាតិ
ដោយៈ រ៉ាណេត
ភ្នំពេញៈ មានការលើកឡើងជាច្រើន ដោយបានបង្ហាញពីការរិះគន់ទៅលើស្ថាប័នពាក់ព័ន្ធនានា ដែលធ្វើឲ្យមានការិយាធិបតេយ្យ នៅក្នុងការផ្តល់និតិវិធីច្បាប់ស្នើសុំការគ្រប់គ្រងកម្មសិទ្ឋដី និងគម្រោងការសាងសង់នានា មានភាពយឺតយ៉ាវ ដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ននេះ ។
រហូតមកដល់ពេលនេះ ប្រធានបទពាក់ព័ន្ធទៅនឹងភាពយឺតយ៉ាវ នៃការផ្តល់សេវាច្បាប់គ្រប់គ្រងកម្មសិទ្ឋដី ច្បាប់អភិវឌ្ឍន៏ដី និងច្បាប់សាងសង់ដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ពីសំណាក់អជ្ញាធរមូលដ្ឋាន ដែលបម្រើសេវាសាធារណៈ នៅតែជាចំណុចមួយដ៏រសើបដដែល ខណៈដែលភាពយឺតយ៉ាវមួយចំនួន អាចជាប់ពាក់ព័ន្ធទៅនឹងអសមត្ថភាព និងអំពើពុករលួយដល់ឆ្អឹងរបស់មន្ត្រីផ្តល់សេវាកម្ម។
ម្ចាស់គម្រោងអភិវឌ្ឍន៍នានាបានលើកឡើងថា ករណីគម្រោងពុះដីឡូត៍ និងគម្រោងសំណង់ខុសច្បាប់នៅកម្ពុជាមួយចំនួន អាចជាប់ពាក់ព័ន្ធអសម្ថភាព នៃបុគ្គលមិនយល់ពីការងារ និងអំពើពុករលួយរបស់មន្ត្រីផ្តល់សេវាកម្ម ដែលមិនព្រមចេញច្បាប់សាងសង់ ឬរកហេតុផលផ្សេងៗ បង្កជាឧបសគ្គក្នុងការសុំច្បាប់សាងសង់ ជាហេតុនាំឱ្យម្ចាស់គម្រោងបង្ខំចិត្តសាងសង់ទាំងមិនមានច្បាប់អនុញ្ញាត។
លោក ទួស សាភឿន សាស្ត្រាចារ្យ និងជាស្ថាបត្យករអាស៊ាន ផ្នែកផ្នែកស្ថាបត្យកម្ម និងសំណង់ដែលមានបទពិសោធន៍ជាង២០ឆ្នាំ បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅថា របៀបធ្វើការរបស់អជ្ញាធរមូលដ្ឋានមួយចំនួន អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍរបស់សង្គម និងសេដ្ឋកិច្ចជាតិ។
លោកបានលើកជាសំណួរថា “តើក្រុមហ៊ុនរកស៊ីគម្រោងដីឡូតិ៍ ក៏ដូចជាក្រុមហ៊ុនសាងសង់សំណង់មួយចំនួន ដែលអាជ្ញាធរបានប្រកាសថា មិនមានច្បាប់ត្រឹមត្រូវ តើវាជាកំហុសរបស់ក្រុមហ៊ុន ឬជាកំហុសរបស់អជ្ញាធរមូលដ្ឋាន?”។ លោកបន្តទៀតថា “អាជ្ញាធរ ត្រូវឈរក្នុងនាមជាអ្នកផ្តល់សេវាកម្មផ្លូវច្បាប់ និងសម្របសម្រួលគ្រប់បែបយ៉ាងដែលស្ថិតនៅក្នុងផ្លូវច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ មិនមែនយកតួនាទីរបស់ខ្លួនធ្វើជាឧបសគ្គក្នុងការអភិវឌ្ឍ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ”។
;លោកបានបន្តទៀតថា គ្រប់ម្ចាស់គម្រោងទាំងអស់ គ្មានអ្នកណាចង់ដំណើរការ ការអភិវឌ្ឍរបស់គេទាំងខុសច្បាប់ ដែលអាចបង្កជាហានិភ័យដល់ខ្លួននោះទេ។ គម្រោងភាគច្រើន សុទ្ធតែត្រូវបានបង្ខំចិត្តក្នុងដំណើរការសាងសង់ និងលក់ ដោយសារតែការឆ្លើយតប និងរងចាំពីសំណាក់អជ្ញាធរ ទៅលើលិខិតស្នើសុំមានភាពយឺតយ៉ាវជាច្រើនខែ ឬឈានដល់ឆ្នាំក៏មាន ដែលសកម្មភាពបែបនេះ វាបានជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនអភិវឌ្ឃន៍។
លោកសាស្រ្តាចារ្យទួស សាភឿនបានបញ្ជាក់ថា “គ្រប់ក្រុមហ៊ុនវិនិយោគវិស័យអចលនទ្រព្យ និងសំណង់ទាំងអស់ គឺសុទ្ធតែធ្វើឡើងក្នុងគោលបំណង ទទួលបាននូវទុនបង្វិលត្រឡប់មកវិញលឿន ដែលឆ្លើយតបទៅនឹងការវិនិយោគ នៅក្នុងរយៈពេលណាមួយ ប៉ុន្តែនៅពេលរង់ចាំច្បាប់អនុញ្ញាតពីអជ្ញាធររាប់ខែ រាប់ឆ្នាំ មិនទាន់បាននោះ វានឹងក្លាយទៅជាឧបសគ្គដល់ការវិនិយោគ ហើយក៏ជាការរាំងស្ទះ ក្នុងកិច្ចអភិវឌ្ឍរបស់សង្គមជាតិផងដែរ”។
;លោកបានបញ្ជាក់ថា នៅប្រទេសជិតខាង ដូចជាប្រទេសថៃ ម៉ាឡេស៊ី ; សឹង្ហបុរី និងវៀតណាមជាដើម ការឆ្លើយតបទៅនឹងការអនុញ្ញាតច្បាប់សាងសង់ គឺមិនលើសពី២០ថ្ងៃទៅ៣០ថ្ងៃទេ ដើម្បីគាំទ្រនិងជំរុញការអភិវឌ្ឍ ប៉ុន្តែនៅស្រុកខ្មែរ ត្រូវចំណាយពេលរាប់ខែឬឈានដល់ឆ្នាំក៏មាន ដោយសារឯកសារប្លង់ដីតម្រូវជាប្លង់រឹង ដូច្នេះត្រូវរត់ពីភូមិ ឃុំ រហូតដល់ស្រុកកន្លែងខ្លះ មានស្ថាប័នពាក់ពន្ឋ័ច្រើនតង់ ដូចជារដ្ឋបាលព្រៃឈើ ស្ថាប័នធនធានទឹក អាជ្ញាធរអប្សរា ។ល។ ត្រូវជំរះជាមួយស្ថាប័នទាំងអស់នេះ អោយអស់សិន មុនអោយច្បាប់ប្លង់រឹងបាន និងត្រូវចំណាយពេលមួយតង់ទៀត ដើម្បីស្នើសុំច្បាប់សាងសង់ ដូច្នេះតើត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីបានច្បាប់សាងសង់”?។
សម្តេចតេជោហ៊ុន សែនធ្លាប់បានលើកឡើងពីបញ្ហានេះ ដោយសម្តេចបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បទពិសោធន៍ចេញពីចាប់មន្ត្រី៣នាក់នៅពោធិ៍សាត់ បានចង្អុលបង្ហាញឱ្យឃើញថា កន្លែងខ្លះសាងសង់អត់ច្បាប់ បណ្តាលមកពីមន្ត្រីមិនព្រមអនុម័តច្បាប់ឱ្យគេ។ សម្តេចបន្តថា “អីចឹងត្រូវពិនិត្យផងដែរ នៅពេលខាងមុខ។ ទៅស្រាវជ្រាវមើលកន្លែងអត់ច្បាប់ តើគេមានបានសុំច្បាប់យើងឬអត់? និងត្រូវពិនិត្យខ្លួនឯងផងដែរ អាសំណង់អត់ច្បាប់។
សម្តេចបន្តថា “បើគេបានសុំច្បាប់យើង យើងមិនបានឆ្លើយឱ្យគេ ហើយគេបែរជាសាងសង់ អាហ្នឹងមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបទៅគេ”៕
The post អ្នកអភិវឌ្ឍន៍រិះគន់ភាពយឺតយ៉ាវជុំវិញការទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នថ្នាក់ក្រោមជាតិ appeared first on Best Real Estate News in Cambodia.
Source: Real Estate – property area