ឯកសារចាំបាច់ដើម្បីរត់ប្លង់រឹងពេលអ្នកទិញខុនដូហើយ
វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន (ប្លង់រឹង)
វិញ្ញាបនប័ត្រសម្គាល់ចំណែកឯកជននៃអគារសហកម្មសិទ្ធ (ខុនដូ) គឺជាប្លង់រឹងស្របច្បាប់ដែលបញ្ជាក់ថាអ្នកទិញគឺជាកម្មសិទ្ធិករនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិ ដែលខ្លួនបានទិញពីម្ចាស់គម្រោងជារៀងរហូត មិនមែនជាកម្មសិទ្ធិ៩៩ឆ្នាំនោះទេ។ តាមផ្លូវច្បាប់ អ្នកដែលបានទិញយូនីត ឬបន្ទប់នៃអគារសហកម្មសិទ្ធិនីមួយៗត្រូវបានម្ចាស់គម្រោងផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជនដើម្បីសម្គាល់ថា អ្នកទិញនោះគឺជាកម្មសិទ្ធិករស្របច្បាប់នៃបន្ទប់ ឬយូនីតដែលខ្លួនបានទិញ។
ឯកសារចាំបាច់សម្រាប់ធ្វើប្លង់រឹង
ក. សម្រាប់ជនជាតិខ្មែរ
ដើម្បីអាចធ្វើប្លង់រឹងបាន អ្នកទិញត្រូវមានឯកសារចាំបាច់មួយចំនួនដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញារធរ និងផ្ដិតមេដៃ) ២. សេចក្ដីចម្លងសំបុត្រកំណើត ៣. សៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ ឫលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញារធរ ឃុំ/សង្កាត់ ។
៤. លិខិតបញ្ជាក់ស្ថានភាពគ្រួសារ៖ នៅលីវ (លិខិតបញ្ជាក់ភាពនៅលីវ) មានគ្រួសារ (លិខិតចម្លងសំបុត្រអាពាហ៍ពិពាហ៍ ករណីបែកបាក់គ្រួសារ (លិខិតបញ្ជាក់ភាពពោះម៉ាយ ឫភាពមេម៉ាយចេញដោយអាជ្ញាធរសាមី ករណីបើមានប្ដី ឫប្រពន្ធម្ខាងបានទទួលមរណៈភាព (ត្រូវមានលិខិតចម្លងសំបុត្រមរណភាព)។
ខ. សម្រាប់ជនបរទេសដែលមានសញ្ជាតិខ្មែរ
ដើម្បីអាចធ្វើប្លង់រឹងបាន អ្នកទិញត្រូវមានឯកសារចាំបាច់មួយចំនួនដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បញ្ជាក់ដោយអាជ្ញារធ និងផ្ដិតមេដៃ) ២. ព្រះរាជក្រឹត្យស្ដីពីការផ្ដល់សញ្ជាតិខ្មែរ ៣. សេចក្ដីសម្រេចតុលាការ (ករណីជនបរទេសដែលបានផ្លាស់ប្ដូរឈ្មោះ) ៤. សៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ ឫលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញារធរ ឃុំ/សង្កាត់ ។
៥. លិខិតបញ្ជាក់ស្ថានភាពគ្រួសារ៖ នៅលីវ (លិខិតបញ្ជាក់ភាពនៅលីវ) មានគ្រួសារ (លិខិតចម្លងសំបុត្រអាពាហ៍ពិពាហ៍ ករណីបែកបាក់គ្រួសារ (លិខិតបញ្ជាក់ភាពពោះម៉ាយ ឫភាពមេម៉ាយចេញដោយអាជ្ញាធរសាមី ករណីបើមានប្ដី ឫប្រពន្ធម្ខាងបានទទួលមរណៈភាព (ត្រូវមានលិខិតចម្លងសំបុត្រមរណភាព)។
ទាក់ទងនឹងសិទ្ធិកាន់កាប់ខុនដូររបស់ជនបរទេស នៅឆ្នាំ២០១០ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់មួយ ស្តីពីការផ្តល់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសដើម្បីគ្រប់គ្រង និងផ្តល់យន្តការផ្សេងៗក្នុងការការគ្រប់គ្រង។
យោងតាមច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស អគារសហកម្មសិទ្ធិ គឺសំដៅដល់អគារ ឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ។ អគារសហកម្មសិទ្ធិមានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករនីមួយៗ ហៅថា «ចំណែកឯកជន» និងមានចំណែកខ្លះជាលំហរួមសម្រាប់ការប្រើប្រាស់រួមរបស់សហកម្មសិទ្ធិករទាំងអស់ ហៅថា «ចំណែករួម»។ ការបង្កើតច្បាប់នេះឡើង សំដៅទាក់ទាញ និងសម្រួលដល់ធុរកិច្ចរបស់វិនិយោគិនលើវិស័យសំណង់ ព្រមទាំងជួយដល់ទីផ្សារអចលនវត្ថុនៅកម្ពុជា។
យោងតាមមាត្រា៦នៃច្បាប់នេះ បានចែងថា ជនបរទេសមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ (មួយ)ឡើងទៅ ។ ជាន់ផ្ទាល់ដី និងជាន់ក្រោមដី មិនត្រូវបានអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកម្មសិទ្ធិឡើយ ។
មួយវិញទៀត ជនបរទេសមិនអាចមានសិទ្ធិធ្វើជាម្ចាស់កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិមួយកន្លែងលើលពី ៧០% នៃទំហំផ្ទៃក្រឡានៃអគារទាំងមូលបានឡើយ (យោងតាមអនុក្រឹត្យ លេខ ៨២ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០)។
បច្ចុប្បន្ន អគារសហកម្មសិទ្ធិ ឬខុនដូ កំពុងតែមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាទីតាំងដ៏មានសក្តានុពលបំផុតផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយអគារខុនដូទាំងនោះមានការដាក់លក់ ឬជួលជាច្រើនស្របតាមតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ៕