តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានសម្បទានដីសង្គមកិច្ច
សម្បទានដីសង្គមកិច្ច គឺសម្រាប់ផ្តល់ដល់ប្រជាជនដែលគ្មានដីធ្លីលី ឬ ខ្វះខាតដីធ្លីសម្រាប់ សង់លំនៅដ្ឋាន ឬបង្កើតប្រាក់ចំណូលតាមរយៈការធ្វើកសិកម្ម ។ ក្រោមកម្មវិធីអនុវិស័យ បែងចែកដីធ្លី រដ្ឋាភិបាលមានគោលបំណងបែងចែកដីធ្លីតាមរយៈសម្បទានដីសង្គមកិច្ច ប្រកបដោយតម្លាភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការដីធ្លីរបស់ប្រជាជន” ដោយផ្តោតលើប្រជាជនក្រីក្រី យោធិនពិការ និងគ្រួសារកងទ័ពពលី។
បើតាមច្បាប់ភូមិបាលឆ្នាំ ២០០១ បានបង្កើតជាផ្លូវការនូវសម្បទានដីសង្គមកិច្ច ហើយអនុក្រឹត្យ លេខ ១៩ ស្តីពីសម្បទានដីសង្គមកិច្ច បានចែងពីលក្ខខណ្ឌដែលសម្បទានដី សង្គមកិច្ច អាចត្រូវបានផ្តល់ឲ្យ និងប្រើប្រាស់។ ច្បាប់ភូមិបាលបានចែងថា សម្បទានដីសង្គមកិច្ច ជាសម្បទានដីដែលបម្រើឲ្យផលប្រយោជន៍សង្គម “ដែលអនុញ្ញាតឲ្យអ្នក ទទួលប្រយោជន៍រៀបចំដើម្បីសង់លំនៅដ្ឋាន និង/ឬដាំដំណាំនៅលើដីរបស់រដ្ឋដើម្បីធានា ការចិញ្ចឹមជីវិត”។
បើតាមគេទំព័រ Open Delvelopment Cambodia ដើម្បីមានសិទ្ធិទទួលបានសម្បទានដីសង្គមកិច្ច បុគ្គលត្រូវតែ ៖
+ មានសញ្ជាតិខ្មែរដែលមានសមត្ថភាពផ្លូវច្បាប់ក្នុងការកាន់កាប់ដី ដែលភាគច្រើន ជាគ្រួសារក្រីក្រ គ្រួសារផ្លាស់ទីលំនៅដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រួសារយុទ្ធជនពលីពិការ ជាដើម
+ បំពេញលក្ខខណ្ឌហិរញ្ញវត្ថុដែលកំណត់ដោយប្រកាសរបស់ក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា
+ មិនកាន់កាប់ ឬមានដីផ្សេងទៀតដែលសមមូលនឹង និងធំជាងទំហំដែលកំណត់សម្រាប់ សម្បទានដីសង្គមកិច្ច និង
+ត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈ និងអាចចូលរួមក្នុងកម្មវិធីសម្បទានដីសង្គមកិច្ច ដោយយោងតាមផែនការសម្បទានដីសង្គមកិច្ចដែលបានអនុម័ត។
អ្នកទទួលបានសម្បទានដីសង្គមកិច្ច ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរ ផ្តល់សិទ្ធិ។ ដោយសារកង្វះលំនៅដ្ឋាន អ្នកទទួលបានដីសង់លំនៅដ្ឋានត្រូវសង់ជម្រកអចិន្រ្តៃយ៍ ក្នុងរយៈពេល ៣ ខែ ហើយសមាជិកគ្រួសារ ត្រូវរស់នៅអចិន្រ្តៃយ៍លើដីនោះក្នុងរយៈពេលយ៉ាងតិច ៦ ខែក្នុងមួយឆ្នាំ ។
អ្នកទទួលបានសម្បទានដីសង្គមកិច្ចកសិកម្មគួរចាប់ផ្តើមដាំដុះលើដីនោះ ក្នុងរយៈពេល ១២ ខែនៃការទទួលបានដី និងបន្តប្រើប្រាស់ដីនោះ។ បន្ទាប់ពីការរស់នៅ ឬប្រើប្រាស់ជាបន្តបន្ទាប់រយៈពេល ៥ ឆ្នាំ អ្នកទទួលបានសម្បទានដីសង្គមកិច្ច មានសិទ្ធិស្នើសុំ ប័ណ្ណកម្មសិទ្ធិដីធ្លី។
ក្នុងអំឡុងពេល ៥ ឆ្នាំ អ្នកទទួលបានដីមិនអាចផ្ទេរសម្បទានដីសង្គមកិច្ច ទៅអ្នកផ្សេង ឬនីតិបុគ្គលផ្សេងបានឡើយ ហើយប្រសិនបើអ្នកទទួលបានដី មិនបំពេញតាមលក្ខខណ្ឌនេះ ដីនោះអាចត្រូវបានដកហូតជាដីរដ្ឋវិញ ឬបែងចែកឡើងវិញ។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង40,000 តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
ប្រភព: Harbor Property