News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

កំណាត់មហាវិថី​ឈ្នះឈ្នះគ្រោងជួសជុលឡើងវិញ ដើម្បីត្រៀមរៀបចំសុីហ្គេម


រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំលើគម្រោងជួសជុលមហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជិត ៨គីឡូម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ០៦ មកដល់គល់ស្ពានព្រែកព្នៅ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ គម្រោងជួសជុលនេះ ធ្វើឡើង ស្របពេលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសុីហ្គេមនៅ ឆ្នាំក្រោយ។

ឯកឧត្តម ឃួន ស្រេង អភិបាល​រាជធានីភ្នំពេញ​ បានលើកឡើងថា​ កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឲ្យស្អាត ជាមួយនឹងការរៀបចំចិញ្ចើមផ្លូវ សួន និងការដាក់ប្រព័ន្ធលូ សងខាងផ្លូវផងដែរ ហើយគម្រោងនេះ ត្រូវតែធ្វើឲ្យបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថាតំំបន់ដែលនៅជាប់មហារវិថីឈ្នះឈ្នះនឹងត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួត កីឡាសុីហ្គេម នាឆ្នាំក្រោយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏មាន ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំបំផុតក្នុងប្រទេសកម្ពុជា។

ជាក់ស្ដែងក៏មានគម្រោងភូមិកីឡាដ្ឋាន ឬហៅថា​បុរីកីឡាទី២ បាននឹងកំពុងសាងសង់ យ៉ាងញាប់ដៃញាប់ជើងក្បែរពហុកីឡាដ្ឋានមរតកតេជោ។ ភូមិកីឡាដ្ឋាននេះ សាងសង់ឡើងដើម្បីត្រៀមទទួលកីឡាករនិងប្រតិភូកីឡាមកចូលរួមប្រកួត។

បើយើងក្រឡេកមកមើលពីវិស័យអចលនទ្រព្យវិញ តំបន់ដែលនៅជាប់មហាវិថីឈ្នះឈ្នះ បាននឹងកំពុងមានសកត្តានុពលនិងមានគម្រោង អភិវឌ្ឍន៍ជាច្រើន។ បើទោះបីជាមានបញ្ហាកូវីដ១៩ក៏ដោយ មហាវិថីមួយនេះ នៅតែមានសកម្មភាព ក្នុងវិស័យអចលនទ្រព្យ ដោយសារតែជាផ្លូវដែលតភ្លាប់ទៅផ្លូវជាតិសំខាន់ៗ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ ។

មួយវិញទៀត តំបន់នៅភាគខាងជើងនៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន មានការទាក់ទាញការវិនិយោគលើវិស័យ អចលនទ្រព្យ ដែលបាននឹងកំពុងមានគម្រោង អភិវឌ្ឍលំនៅឋាន ជាច្រើន ដែលកត្តាមួយជំរុញ ឲ្យមានសកម្មភាពលើអាជីវកម្មកាន់មមាញឹក នៅតាមបណ្ដោយ មហាវិថីឈ្នះឈ្នះ ។

សូមរំលឹកផងដែរថា មហាវិថីឈ្នះឈ្នះ មិនត្រឹមតែជាមហាវិថីដែលត្រូវបាន អាជ្ញាធរយកចិត្តទុករៀបចំ ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ក៏ជួយជំរុញឲ្យមានការអភិវឌ្ឍសំណង់អចលនទ្រព្យកាន់តែច្រើន ហើយរយៈពេល៣ ទៅ៥ ឆ្នាំខាងមុខ តំបន់តាមបណ្ដាយផ្លូវមហាវិថីឈ្នះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយនាពេលអនាគត។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៥មុឺន តាមរយៈគេហទំព័រកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

ប្រភព: Harbor Property