ជប៉ុនផ្ដល់កម្ចី ៣០០ លានដុល្លាអាមេរិកលើគម្រោង ចំណតផែកុងតឺន័រថ្មីក្រុងព្រះសីហនុ
រាជរដ្ឋាភិបាលជប៉ុន យល់ព្រមផ្តល់ឥណទានសម្បទានដល់កម្ពុជា ជាមួយទឹកប្រាក់ជាង ៣០០លានដុល្លាអាមេរិក សម្រាប់អភិវឌ្ឍន៍ចំណតកុងតឺន័រថ្មីនៅកំពុងផែព្រះសីហនុ។
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន៤១.៣៨៨.០០០.០០០ យ៉េន (ជាង ៣០០លានដុល្លាអាមេរិក) សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ ជំហានទី១ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។
គួររម្លឹកផងដែរថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅមានសរុប ៣ជំហាន ដោយជំហានទី១ រំពឹងបញ្ចប់នៅចុងឆ្នាំ ២០២៥ រីឯជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦,៥០ម៉ែត្រ និងជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥០ម៉ែត្រ គ្រោងបញ្ចប់នៅក្នុងឆ្នាំ២០៣០។
សម្តេច ហ៊ុនសែន បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានផ្ដល់នូវឥណទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ស្របតាមការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ៕