News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើទីផ្សារខុនដូនៅកម្ពុជានឹងប្រើពេលយូរប៉ុណ្ណាដើម្បីរើបឡើងវិញ?


បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩អស់រយៈពេលពីរឆ្នាំមកនេះវិស័យអចលនទ្រព្យយនៅប្រទេសកម្ពុជាមិនទាន់ដំណើរការបានល្អប៉ុន្មាននោះទេ ជាពិសេសទីផ្សារខុនដូដែលត្រូវពឹងផ្អែកខ្លាំងទៅលើអតិថិជនពីបរទេស។

ទោះជាយ៉ាងណាក៏ដោយ វិស័យនេះត្រូវបានគេមើលឃើញថាចាប់ផ្ដើមមានសញ្ញាវិជ្ជមានមួយចំនួនហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកវិស័យទេសចរណ៍ឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១នេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបានទទួលថ្នាំបង្ការកូវីដ-១៩​រួចរាល់​​ជាមួយនឹងការកាត់បន្ថយថ្ងៃចត្តាឡីស័កសម្រាប់វិនិយោគិនមកត្រឹមតែរយៈពេល៣ថ្ងៃ។

អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. បានលើកឡើងថា ការបើកវិស័យទេសចរណ៍ឡើងវិញគឺជាការសាកល្បងលើកដំបូងសម្រាប់កម្ពុជា។ ប្រសិនបើមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩​ច្រើននោះទេ បន្ទាប់ពីអ្នកទេសចរ និងអ្នកវិនិយោគត្រូវបានអនុញ្ញាតឱ្យចូលមកលេងប្រទេសកម្ពុជា យើងសង្ឃឹមថាសេដ្ឋកិច្ចទាំងមូលនឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាលឿនពេកក្នុងការវិភាគស្ថានការណ៍នេះ ហើយអ្វីដែលយើងអាចធ្វើបានគឺរង់ចាំមើលថាតើអ្វីៗនឹងដំណើរការដោយរលូនឬយ៉ាងណា បន្ទាប់ពីកម្ពុជាបើកទេសចរ និងសេដ្ឋកិច្ចឡើងវិញ។

អ្នកស្រី តាំង ហួរ បានបន្តថា៖ “ទោះជាយ៉ាងណា ខ្ញុំជឿថាសេដ្ឋកិច្ចនឹងងើបឡើងវិញបន្តិចម្ដងៗក្នុងពេលឆាប់ៗ ព្រោះយើងបានស៊ាំនឹងការរស់នៅតាមបែបគន្លងថ្មីជាមួយជំងឺកូវីដ១៩​ ហើយ។ ដោយឡែក វិស័យខុនដូនឹងមានភាពរីកចម្រើនម្តងទៀត នៅពេលដែលវិនិយោគិនបរទេសអាចចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានដោយសេរី។ ឆ្នាំក្រោយអាចជាជំហានដំបូងសម្រាប់វិស័យខុនដូដើម្បីងើបឡើងវិញជាបណ្ដើរៗ ហើយឆ្នាំ២០២៣គួរតែជាពេលវេលាដ៏ល្អបំផុតសម្រាប់ការងើបឡើងវិញយ៉ាងពេញលេញនៃទីផ្សារខុនដូរ”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ​  ការបញ្ចប់គម្រោងខុនដូក្នុងរាជធានីភ្នំពេញមានភាពយឺតយ៉ាវអំឡុងវិបិត្តកូវីដ១៩។ គម្រោងខុនដូ លើសពាក់កណ្ដាលត្រូវបានពន្យារពេលសាងសង់រហូតដល់ឆ្នាំក្រោយ ដោយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ មានតែគម្រោងធំៗពីរប៉ុណ្ណោះគឺ The Peak និង The Gateway ដែលបានបញ្ចប់ការសាងសង់តាមកាលកំណត់។

តម្លៃខុនដូនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ មានការធ្លាក់ចុះបន្តិចបន្តួច៖ កម្រិតទាប(ធូរថ្លៃ) -២.១៤% កម្រិតមធ្យម -២.៩៥% និងកម្រិតខ្ពស់ -១.៧៨% បើធៀបនឹងត្រីមាសទី២។​​​ របាយការណ៍នេះបានលើកឡើងថា ការធ្លាក់ចុះតម្លៃទាំងនេះគឺ​ដោយសារតែអ្នកអភិវឌ្ឍន៍បានធ្វើទីផ្សារបញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជនថ្មីៗបន្ថែមទៀត។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យនៅកម្ពុជា (CVEA) លើកឡើងថា វិស័យខុនដូនៅកម្ពុជាមិនទាន់មានវិបត្តិនៅឡើយទេ ទោះស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ក្ដី។ ខណៈពេលដែលអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងពុះពារដើម្បីបន្ត និងបញ្ចប់គម្រោងរបស់ពួកគេ គម្រោងផ្សេងៗទៀតបានបញ្ចប់ការអភិវឌ្ឍន៍តាមកាលកំណត់ និងបានប្រគល់ជូនអតិថិជនទាន់ពេលវេលា។

លោកបានបន្ថែមថា គម្រោងកម្រិតខ្ពស់អាចនឹងពិបាកលក់ចេញក្នុងអំឡុងពេលនេះ ដោយសារអតិថិជនបរទេសភាគច្រើនមិនអាចចូលប្រទេសកម្ពុជាបានដោយសារការរឹតបន្តឹងក្នុងការធ្វើដំណើរ ក៏ប៉ុន្តែ​សម្រាប់គម្រោងកម្រិតមធ្យម និងគម្រោងដែលមានតម្លៃសមរម្យគឺមានភាពងាយស្រួលជាង ដោយសារអ្នកអភិវឌ្ឍន៍ចាប់យកអតិថិជនក្នុងស្រុក។

ទោះជាយ៉ាងណា លោកជឿជាក់ថា វិស័យខុនដូនឹងមិនចំណាយពេលយូរទៀតទេដើម្បីរើបឡើងវិញ ដោយសារតែភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសអាចចូលប្រទេសកម្ពុជាបានជាមួយនឹងការកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័ក ហើយករណីឆ្លងកូវីដ១៩ថ្មីមានការធ្លាក់ចុះច្រើនផងដែរ។ នៅពេលដែលសេដ្ឋកិច្ចវិលមករកភាពប្រក្រតីវិញ​ វិនិយោគិននឹងមកវិនិយោគនៅកម្ពុជាម្តងទៀត ជាពិសេសវិនិយោគលើការទិញខុនដូ ព្រោះវាជាការវិនិយោគដែលមានសុវត្ថិភាពបំផុតមួយសម្រាប់ពួកគេ។

ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយកកម្មវិធីទូរសព្ទដោយឥតគិតថ្លៃ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633