News | advice | area guide

Property news, market trends and advice for property buyers and renters and plus Cambodia Area guide

តើការទិញលំនៅឋានមុនគម្រោងសាងសង់ជាជម្រើសល្អមែនដែរឫទេ?


នៅពេលនិយាយអំពីការទិញអចលនទ្រព្យយសម្រាប់វិនិយោគ ឬស្នាក់នៅជាអចិន្ត្រៃយ៍ ជាទូទៅអ្នកទិញមានជម្រើសបី៖ ១. ទិញអចលនទ្រព្យដែលបានបញ្ចប់ការសាងសង់ទាំងស្រុង ២. ទិញអចលនទ្រព្យដែលកំពុង កំពុងសាងសង់ និង ៣. ទិញអចលនទ្រព្យមុនគម្រោងសាងសង់។

រូបភាព៖ Discover ASEAN

ក្នុងចំណោមជម្រើសទាំងបីខាងលើ ការទិញអចលនទ្រព្យមុនគម្រោងទទួលបានការចាប់អារម្មណ៍ខ្លាំងចំណោមអ្នកទិញមួយចំនួនដោយសារហេតុផលដ៏ទាក់ទាញចំនួន៣។ ទីមួយ ប្រសិនបើអ្នកទិញអចលនទ្រព្យមុនគម្រោង អ្នកអាចទិញក្នុងតម្លៃក្រោមទីផ្សារ ហើយអាចលក់បន្តដើម្បីទទួលបានប្រាក់ចំណេញ ប្រសិនបើអ្នកជាអ្នកវិនិយោគ។

ទីពីរ អ្នកអាចមានសិទ្ធក្នុងការជ្រើសរើសទីតាំង ឫយូនីតដែលអ្នកពេញចិត្តមុនគេ ហើយទីបីអ្នកនឹងទទួលបានជម្រើសបង់ប្រាក់ដ៏ល្អពីអ្នកអភិវឌ្ឍន៍ជាមួយនឹងអត្រាការប្រាក់ទាប ប្រសិនបើអ្នកបង់រំលោះប្រចាំខែ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់ទិញលំនៅឋានមុនគម្រោង អ្នកអាចនឹងប្រឈមនឹងហានិភ័យដែលអ្នកអភិវឌ្ឍន៍ខកខានក្នុងការបញ្ចប់គម្រោង ឬមិនបានចាប់ផ្តើមសាងសង់គម្រោង បន្ទាប់ពីអ្នកបង់ថ្លៃពេញ ឬបង់រំលោះអចលនទ្រព្យរបស់អ្នក។

 

 

ក្នុងករណីនេះ អ្នកគួរសិក្សាអំពីអ្នកអភិវឌ្ឍន៍​ឱ្យបានលម្អិតដូចជាជីវប្រវត្ត កេរ្តិ៍ឈ្មោះ  និងប្រភពហិរញ្ញវត្ថុរបស់ពួកគេជាដើម មុនពេលអ្នកសម្រេចចិត្តទិញ ឫវិនិយោគលើគម្រោងនោះ។ ប្រសិនបើអ្នកមិនចង់វិនិយោគថវិការជាមួយគម្រោងមិនល្អ អ្នកគួរស្វែងរកសេវាកម្មប្រឹក្សារយោបល់ពីមេធាវី ភ្នាក់ងារអចលនទ្រព្យក្រុមហ៊ុនអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈដែលអាចជឿទុកចិត្តបាននៅក្នុងប្រទេសកម្ពុជា ដើម្បីជួយអ្នកជ្រើសរើសអ្នកអភិវឌ្ឍន៍ស្របច្បាប់ និងមានកេរ្តិ៍ឈ្មោះល្អ។

លោក យឹង សាមឌី គឺជាមេធាវីដែលមានបទពិសោធន៍យូរឆ្នាំនៅការិយាល័យមេធាវី L.D.R. ដែលបានចូលរួមក្នុងការដោះស្រាយវិវាទរវាងអ្នកអភិវឌ្ឍន៍ និងអតិថិជនដែលបានទិញលំនៅឋានមុនគម្រោងនាពេលកន្លលងមក។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកចង់ទិញលំនៅឋានមុនគម្រោង អ្នកគួរតែស្វែងរកដំបូន្មាន ឬសេវាកម្មពីមេធាវីមុននឹងសម្រេចចិត្តទិញលំនៅឋាននៅក្នុងគម្រោងណាមួយ ដើម្បីធានាថាអ្នកកំពុងទិញអចលនទ្រព្យល្អពីអ្នកអភិវឌ្ឍន៍ត្រឹមត្រូវស្របច្បាប់។ ដូច្នេះ អ្នក​នឹងមិន​ខាត​បង់​ប្រាក់ដែល​រកបានដោយលំបាកជាមួយ​អ្នក​អភិវឌ្ឍន៍មិនល្អ​នោះ​ទេ។»

លោកបានបន្ថែមថា តាម​ផ្លូវច្បាប់ មុន​នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​សាងសង់ និង​លក់​គម្រោងណាមួយ អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ត្រូវ​តែ​ទទួល​បានការ​អនុម័តគម្រោងរបស់ខ្លួន​ពីសំណាក់​ក្រសួង​ពាក់ព័ន្ធជាមុនសិន។ មុននឹងទទួលបានការអនុម័តពីក្រសួង អ្នកអភិវឌ្ឍន៍ត្រូវមានដើមទុនបម្រុងមួយចំនួនដែលតម្រូវដោយច្បាប់ អាជ្ញាប័ណ្ណសាងសង់ ការចុះបញ្ជីក្រុមហ៊ុន អាជ្ញាប័ណ្ណគម្រោង ប្លង់មេគម្រោង និងប្លង់រឹងបំបែកក្បាលដីទៅឱ្យអតិថិជន។

ថ្មីៗនេះមានការតវ៉ាពីសំណាក់អតិថិជនមួយចំនួន ដែលបានទិញលំនៅឋានមុនគម្រោងពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នកស្រី ទិត្យ ប៊ុណ្ណា ជា​កម្មការិនី​រោងចក្រ និង​ជា​អតិថិជន​ម្នាក់​ដែលបាន​តវ៉ា​នៅ​មុខ​ការិយាល័យ​លក់​របស់​ក្រុមហ៊ុនដើម្បីសុំឱ្យក្រុមហ៊ុនសង់បញ្ចប់ផ្ទះដែលគាត់បានទិញ។

អ្នកស្រី ទិត្យ ប៊ុណ្ណា មានប្រសាសន៍ថា៖ «ខ្ញុំបានទិញលំនៅឋានមុនគម្រោងពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីរបស់ខ្ញុំក្នុងឆ្នាំ២០១៨ ដោយបានបង់ប្រាក់គ្រប់ចំនួន១០០% ហើយក្រុមហ៊ុនបានសន្យាថានឹងសាងសង់ផ្ទះរបស់ខ្ញុំចប់ក្នុងរយៈពេល១៨ខែ ហើយដែលអាចពន្យាពេល៤ខែបន្ថែម។ ប៉ុន្តែ ឥឡូវនេះគឺខែកុម្ភៈ ឆ្នាំ២០២២ហើយ ផ្ទះរបស់ខ្ញុំនៅតែមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ ខ្ញុំ​ស្នើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​បុរីសាងសង់​បញ្ចប់​ផ្ទះ​ខ្ញុំ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក យឹង សាមឌី បាន​គូស​បញ្ជាក់​ថា ជា​ធម្មតា ​ជម្លោះ​កើត​ឡើង​នៅ​ពេល​អ្នក​ទិញ​ផ្ទះ​មិន​បាន​សិក្សា​លម្អិត​ពី​អ្នក​អភិវឌ្ឍន៍​របស់​ខ្លួន។ អ្នកទិញខ្លះមិនមានចំណេះដឹងស៊ីជម្រៅអំពីផ្លូវច្បាប់ទាក់ទងនឹងការអភិវឌ្ឍន៍គម្រោងនោះទេ ហើយពួកគេក៏មិនចង់ចំណាយពេលច្រើនក្នុងការស្រាវជ្រាវគម្រោងនោះទេ។

ដោយសារតែមូលហេតុនេះហើយ ដែលវិនិយោគិន ឬអ្នកទិញផ្ទះគួរតែស្វែងរកដំបូន្មានផ្នែកច្បាប់ ឬសេវាកម្មពីមេធាវីដើម្បីជៀសវាងហានិភ័យនានា នៅពេលពួកគេទិញលំនៅឋានមុនគម្រោង ព្រោះមេធាវីនឹងធ្វើការ សិក្សាស៊ីជម្រៅអំពីគម្រោងជាពិសេសខាងផ្លូវច្បាប់ មុននឹងណែនាំអតិថិជនឱ្យទិញលំនៅឋានពីគម្រោងណាមួយ។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property  និងកម្មវិធីទូរសព្ទដៃដោយសរី៕

ប្រភព: Harbor Property